ចំពោះមុខលោក ដូណាល់ ត្រាំ និងមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាម៉េរិក ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា ប្រទេសចិនរីករាយស្វាគមន៍ជានិច្ចចំពោះការបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកបានសម្តែងនូវជំនឿចិត្តថា ក្រុមហ៊ុនអាម៉េរិកនឹងទទួលបានឱកាសវិនិយោគកាន់តែទូលំទូលាយ និងស៊ីជម្រៅជាងមុននៅក្នុងទីផ្សារចិន។
មហាសេដ្ឋីបច្ចេកវិទ្យាកំពូលៗរួមមានលោក អេឡិន ម៉ាស (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX, លោក ជេនសិន ហួង (Jensen Huang) នាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោក ធីម ឃុក (Tim Cook) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apple សុទ្ធតែបានអមដំណើរលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិនក្នុងឱកាសនេះ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានណែនាំមេដឹកនាំធុរកិច្ចទាំងនោះដោយផ្ទាល់ជូនដល់លោក ស៊ី ជីនពីង ផងដែរ។ នៅចំពោះមុខលោក ស៊ី ក្រុមនាយកប្រតិបត្តិទាំងនោះបានអះអាងថា ពួកគេបានផ្តល់តម្លៃខ្ពស់ចំពោះទីផ្សារចិន ហើយមានបំណងចង់ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត។
មួយគ្នានេះ សេតវិមាន បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា ភាគីទាំងពីរបានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ រួមទាំងការផ្តល់ភាពងាយស្រួលដល់អាជីវកម្មអាម៉េរិកក្នុងការចូលទៅកាន់ទីផ្សារចិន និងការជំរុញការវិនិយោគរួមគ្នាជាមួយវិនិយោគិនចិន។
គួរកត់សម្គាល់ថា នៅថ្ងៃដំបូងនៃជំនួបកំពូលរវាងមេដឹកនាំមហាអំណាចផុតលេខទាំងពីរលើពិភពលោក ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសម្រេចបើកភ្លើងខៀវឱ្យក្រុមហ៊ុន Nvidia ផ្គត់ផ្គង់បន្ទះឈីបប្រភេទ H200 ដែលជាបច្ចេកវិទ្យាកម្រិតខ្ពស់ទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួននៅក្នុងប្រទេសចិន។
ទោះបីជាកន្លងមក សហរដ្ឋអាម៉េរិកធ្លាប់ព្យាយាមរឹតត្បិតការនាំចេញបច្ចេកវិទ្យាសំខាន់ៗ ដើម្បីទប់ស្កាត់ការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) របស់ចិនក៏ដោយ ប៉ុន្តែបច្ចុប្បន្នប្រទេសចិនបាន និងកំពុងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យាក្នុងស្រុកយ៉ាងសកម្ម ដោយមានក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុកជាច្រើនបានចូលមកបំពេញចន្លោះប្រហោងនៃតម្រូវការទីផ្សារ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស