ការនាំចេញអង្កររបស់កម្ពុជា

តើវាជាឱកាសសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ឬយ៉ាងណា ក្រោយឥណ្ឌារឹតត្បិតការនាំចេញអង្ករ?


អ្នកជំនាញក្នុងវិស័យស្រូវអង្ករកម្ពុជា មិនរំពឹងទទួលបានផលប្រយោជន៍ពីការរឹតត្បិតការនាំចេញអង្កររបស់ឥណ្ឌាទៅកាន់ទីផ្សារពិភពលោកនោះឡើយ។ មិនរំពឹង ក៏ព្រោះថា គោលដៅទីផ្សារ និងប្រភេទអង្ករកម្ពុជាខុសពីអង្ករឥណ្ឌា។ បើតាមអ្នកជំនាញ អ្វីដែលកម្ពុជារំពឹងអាចជួយជំរុញតម្លៃនិងកំណើនការនាំចេញអង្កររបស់កម្ពុជានោះ គឺការធ្លាក់ចុះទិន្នផលស្រូវដោយសារការកើនឡើងកម្តៅនៅប្រទេសក្នុងតំបន់អឺរ៉ុប និងចិនទៅវិញទេ។
តើវាជាឱកាសសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ឬយ៉ាងណា ក្រោយឥណ្ឌារឹតត្បិតការនាំចេញអង្ករ?
ដោយ

ប្រទេសឥណ្ឌាកាលពីពេលថ្មីៗបានដាក់ចេញវិធានការរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួន តាមរយៈការដំឡើងពន្ធ២០% លើប្រភេទអង្ករមួយចំនួន ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណាតម្លៃស្រូវអង្ករ ស្របពេលដែលការដាំដុះស្រូវនៅតាមប្រទេសមួយចំនួនកំពុងគំរាមកំហែងដោយសារការកើនឡើងរលកកម្តៅ។ ការរឹតបន្តឹងរបស់ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករច្រើនជាងគេនៅអាស៊ីនេះ កំពុងធ្វើឲ្យទីផ្សារអង្ករក្នុងតំបន់រងការរង្គោះរង្កើរ ដ្បិតអ្នកបញ្ជាទិញបានងាកទៅរកការបញ្ជាទិញពីប្រទេសផ្សេងជំនួសឲ្យទីផ្សារឥណ្ឌា។

ជុំវិញនឹងបញ្ហា​ការរឹតត្បិត​ការនាំចេញអង្ករ​របស់ប្រទេសឥណ្ឌានេះដែរ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជាទំនងជាមិនអាចទាញផលប្រយោជន៍ពីការរឹតបន្តឹងការនាំចេញអង្កររបស់ឥណ្ឌា ដែលបានដំឡើងពន្ធគយ២០% កាលពីពេលថ្មីៗនោះទេ។ អ្នកជំនាញរូបនេះបានបង្ហាញហេតុផលមួយចំនួន ដែលធ្វើឲ្យកម្ពុជាមិនអាចទទួលបានផលប្រយោជន៍ពីការរឹតបន្តឹងនេះ គឺដោយសារអង្ករឥណ្ឌាមានតម្លៃថោក និងភាគច្រើននាំចេញទៅលក់នៅតំបន់អាហ្វ្រិក ខណៈអង្ករកម្ពុជាមានតម្លៃថ្លៃ ហើយភាគច្រើននាំចេញទៅទីផ្សារចិន និងអឺរ៉ុប។

មួយវិញទៀត បើទោះបីអង្ករឥណ្ឌាត្រូវបានដំឡើងពន្ធគយនាំចេញ២០% បន្ថែមក៏ដោយ តែក៏នៅថោកជាងអង្ករកម្ពុជា ដែលបានដាក់លក់នៅលើទីផ្សារអន្តរជាតិ។ ដូច្នេះមិនមានហេតុផលណា ដែលប្រទេសបញ្ជាទិញអង្ករពីឥណ្ឌាត្រូវងាកមកបញ្ជាទិញអង្ករពីកម្ពុជានោះទេ។ បើតាមការបញ្ជាក់របស់អ្នកជំនួញកសិកម្មរូបនេះ ក្រោយដំឡើងពន្ធ២០%អង្ករឥណ្ឌាដែលនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិអាចមានតម្លៃជាង ៤រយដុល្លារក្នុង១តោន ខណៈអង្ករសកម្ពុជាមានតម្លៃជាង៥រយដុល្លារក្នុង១តោនឯណោះ។ នេះមិនទាន់ប្រៀបធៀបជាមួយតម្លៃអង្ករប្រណិតរបស់កម្ពុជាផងនោះ។

ផ្ទុយទៅវិញការដំឡើងថ្លៃអង្ករ២០%របស់ឥណ្ឌាបានជះឥទ្ធិពលខ្លាំងដល់ប្រទេសបញ្ជាទិញ ជាពិសេសប្រទេសក្រីក្រនៅតំបន់អាហ្វ្រិក ដែលតម្រូវឲ្យពួកគេត្រូវបង្កើនការចំណាយលើការទិញអង្ករពីឥណ្ឌា និងអាចប្រឈមនឹងវិបត្តិកង្វះស្បៀងអាហារ។ ប៉ុន្តែសម្រាប់កម្ពុជាមិនបាននាំចូលអង្ករពីប្រទេសឥណ្ឌានោះទេ។

សម្រាប់លោកឧកញ៉ា សុង សារ៉ន អ្វីដែលកម្ពុជារំពឹងថានឹងអាចជួយជំរុញកំណើននាំចេញនិងតម្លៃអង្ករកម្ពុជាឲ្យមានការកើនឡើងនោះ គឺការធ្លាក់ចុះទិន្នផលស្រូវនៅប្រទេសចិន និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន ដែលបង្កឡើងដោយរលកកម្តៅដ៏ហួតហែងនៅតាមប្រទេសទាំងនោះ។ ទោះយ៉ាងណា មកទល់ពេលនេះមិនមានការបង្កើនការបញ្ជាទិញអង្ករកម្ពុជាពីសំណាក់ប្រទេសចិននៅឡើយទេ បើទោះបីពួកគេបានរងឥទ្ធិពលនៃការកើនឡើងកម្តៅនៅមួយរយៈចុងក្រោយនេះក៏ដោយ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ចិននៅតែជាទីផ្សារធំជាងគេសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ខណៈការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប បានវិលមករកភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីកម្ពុជាទទួលបានការអនុគ្រោះពន្ធក្នុងការនាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារនេះឡើងវិញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជិត៣៩ម៉ឺនតោន គិតជាប្រាក់ជាង២៤២លានដុល្លារ៕




អត្ថបទបន្ទាប់


ហេតុអ្វីការប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ ក្នុងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ?

នៅក្នុងស្ថានភាពប្រឈមនៃភាពមិនច្បាស់លាស់របស់ពិភពលោក មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានអះអាងថា ការរួមចំណែកប្រើប្រាស់ប្រាក់រៀលកាន់តែមាន…

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានប្រែក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចធំទី៣ក្នុងទ្វីបអាស៊ី និងទី៦ក្នុងសាកលលោក

ក្នុងរយៈពេល៣០ឆ្នាំ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ ចាប់តាំងពីការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងឈានដល់ការអនុម័តផែនការមេសហគមន៍ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ