ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២២នេះ មានភ្ញៀវទេសចរបរទេសចំនួន ២លាន៤សែននាក់បានទៅលេងប្រទេសវៀតណាមដែលស្មើនឹងប្រហែល ១៥% ប៉ុណ្ណោះ នៃចំនួនភ្ញៀវទេសចរដែលបានចូលប្រទេសនេះនៅមុនពេលជំងឺកូវីដ១៩រីករាតត្បាត។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម។
មន្ត្រីឧស្សាហកម្មទេសចរណ៍ក្នុងស្រុកម្នាក់បាននិយាយថា ចំនួនភ្ញៀវទេសចរ គឺមានកម្រិតតិចតួចនៅឡើយ ហើយវាស្ទើរតែគ្មានអ្នកទេសចរមកពីប្រទេសចិនទាល់តែសោះ ដូច្នេះហើយអ្នករកស៊ីនៅក្នុងវិស័យនេះ មិនអាចធ្វើអាជីវកម្មបាននោះទេ។
ឆ្នេរសមុទ្រ Ha Long ស្ថិតនៅក្នុងខេត្ត គ័ងនិញ (Quang Ninh) ជាប់ព្រំដែនប្រទេសចិន ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណជិត ៣លាននាក់បានទៅលេងនៅខេត្តនេះ នៅឆ្នាំ២០១៩ ក្នុងនោះប្រហែល ៦០% ជាជនជាតិចិន។ ប៉ុន្ដែ ភ្ញៀវទេសចរចិនទាំងនេះ លែងមានទៀតហើយ ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ប្រទេសចិនរឹតត្បិតលើការធ្វើដំណើរចេញក្រៅប្រទេស។
គេនៅចាំបានថា ប្រទេសវៀតណាមបានបិទព្រំដែនរបស់ខ្លួនជាបណ្តោះអាសន្នចំពោះភ្ញៀវទេសចរមកពីបរទេសនៅចុងខែមីនាឆ្នាំ២០២០ ហើយចាប់ផ្ដើមរឹតបន្តឹងដូចប្រទេសចិនក្នុងការព្យាយាមត្រួតពិនិត្យការរីករាលដាលនៃជំងឺនេះដែរ។ ប៉ុន្តែវៀតណាមបានចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវបរទេសត្រឡប់មកវិញនៅពាក់កណ្តាលខែមីនាឆ្នាំនេះ និងបានបន្ធូរបន្ថយលើការធ្វើដំណើរជាច្រើនជាបន្ដបន្ទាប់ផងដែរ។
ចំនួនអ្នកទេសចរបរទេសចូលប្រទេសវៀតណាមក្នុងឆ្នាំ២០១៩មុនពេលជំងឺកូវីដរីករាលដាលខ្លាំងនោះ បានកើនឡើង ១៦% ដល់កម្រិតខ្ពស់បំផុតគឺចំនួន ១៨ លាននាក់បើធៀបនឹងឆ្នាំ២០១៨។
ប្រទេសចិន និងកូរ៉េខាងត្បូង គឺជាប្រភពភ្ញៀវទេសចរធំជាងគេរបស់វៀតណាម ដែលមានចំណែកដល់ទៅជិត ៦០% នៃភ្ញៀវទេសចរអន្តរជាតិសរុប។
ប៉ុន្តែ ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះមកនៅត្រឹមតែ ៤ ម៉ឺននាក់ប៉ុណ្ណោះ នៅ១០ខែដំបូងឆ្នាំនេះ ខណៈភ្ញៀវទេសចរមកពីប្រទេសជប៉ុនមានចំនួន ៧ ម៉ឺននាក់ និងរុស្ស៊ីមានចំនួន ១ ម៉ឺននាក់ប៉ុណ្ណោះ។ ដោយឡែក ភ្ញៀវទេសចរពីកូរ៉េខាងត្បូងមានចំនួន ៤២ ម៉ឺននាក់ តែចំនួននេះវានៅតែទាបជាងឆ្នាំមុនយ៉ាងខ្លាំងដដែល។
ប្រទេសជិតខាងវៀតណាមមួយចំនួនបានផ្តល់កន្លែងវិស្សមកាលតំបន់ត្រូពិចស្រដៀងគ្នានេះដែរដូចជាកោះភូកេតរបស់ប្រទេសថៃ និងកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីជាដើម។ ភ្នាក់ងារទេសចរណ៍ក្នុងស្រុកមួយបាននិយាយថា ដោយសារកង្វះធនធានទេសចរណ៍ ដូច្នេះហើយវៀតណាម«មិនមែនជាប្រទេសដំបូងគេដែលអ្នកទេសចរជ្រើសរើសទៅលេង»នោះទេ បើទោះជាការចាប់ផ្ដើមទេសចរណ៍របស់ខ្លួនឡើងវិញជាលើកដំបូងក្នុងរយៈពេល២ឆ្នាំក៏ដោយ៕
អត្ថបទ៖ សុខ ជា