ក្នុងបទអត្ថាធិបាយមួយនៅសកលវិទ្យាល័យ Stanford នៅសហរដ្ឋអាមេរិក លោក ម៉ាលផាស់ និយាយថា ស្របពេលដែលសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន កំពុងមានកំណើនយឺត និងទិន្នផលសេដ្ឋកិច្ចអាមេរិកបានដាំក្បាលចុះនៅពាក់កណ្តាលឆ្នាំនេះ បើមើលទៅលើសេដ្ឋកិច្ចនៅតំបន់អឺរ៉ុបវិញ គឺកំពុងតែខិតទៅរកការធ្លាក់ចូលទៅក្នុងវិបត្តិមែនទែនហើយ។
ប្រធានធនាគារពិភពលោករូបនេះបន្តថា នៅចំពោះមុខការបន្តដំឡើងអត្រាការប្រាក់គោល កំណើនអតិផរណា កំណើនសេដ្ឋកិច្ចដ៏យឺត មានតែគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ចថ្មីប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាទាំងនេះបាន។ គោលនយោបាយទាំងនេះត្រូវតែរួមបញ្ចូលនូវការចំណាយត្រឹមត្រូវថ្មីមួយ នឹងបង្កើនការផ្គត់ផ្គង់ប្រើប្រាស់នៅក្នុងស្រុក។
ក្រៅពីនេះ លោក ដេវីត ម៉ាល់ផាស បានសង្កេតឃើញការកើនឡើងនៃភាពគ្មានការងារធ្វើនៅតំបន់អឺរ៉ុប គួបផ្សំនឹងកំណើនភាពក្រីក្រនៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ៧០លាននាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ។ ប្រការនេះធ្វើឱ្យដំណើរការកាត់បន្ថយភាពក្រីក្ររបស់ធនាគារពិភពលោក ប្រព្រឹត្តិទៅយឺតជាងផែនការទៅទៀតបើធៀបនឹងផែនការកាលពីឆ្នាំ២០១៥។
ជាចុងក្រោយ លោក ម៉ាលផាស បានអំពាវនាវឱ្យប្រទេសទាំងអស់ ជ្រើសយកនិងអនុវត្តគោលនយោបាយកាត់បន្ថយអតិផរណាឱ្យមានប្រសិទ្ធភាព ដោយសំដៅលើក្រុមងាយរងគ្រោះ និងជនក្រីក្រជាគោល ជាជាងការបន្តដំឡើងអត្រាការប្រាក់គោល ដែលធ្វើឱ្យរូបិយបណ្ណធ្លាក់តម្លៃ និងអ្នកខ្ចីប្រាក់ពីធនាគារត្រូវជួបការលំបាក។ លោកជឿថា ការកែតម្រូវគោលយោបាយបានត្រឹមត្រូវ នឹងធ្វើឱ្យប្រសើរឡើងនូវការបែងចែកមូលធនពិភពលោក ដែលជាការបើកផ្លូវដល់ការកាត់បន្ថយអតិផរណា។
សូមជម្រាបថា ក្រៅតែការព្រមានសេដ្ឋកិច្ចក្នុងតំបន់អឺរ៉ុប ធនាគារពិភពលោកកាលពីពេលថ្មីនេះទើបបានបញ្ចេញរបាយការណ៍ជាវិជ្ជមានពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។ ជាក់ស្តែង World Bank បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក ដែលមិនរាប់បញ្ចូលប្រទេសចិន ក្នុងរង្វង់ ៥,៣% នៅឆ្នាំនេះ ដោយមើលឃើញពីសកម្មភាពសេដ្ឋកិច្ច និងសង្គម ក្នុងប្រទេសជាច្រើនក្នុងតំបន់នេះ បានចាប់ផ្ដើមងើបឡើងវិញពីវិបត្តិកូវីដ១៩៕