អាមេរិក-ចិន

មន្ត្រីជាន់ខ្ពស់អាមេរិករិះគន់ចិនថា កំពុងដើរអូសជើងក្នុងការជួយបន្ធូរបន្ថយបន្ទុកបំណុលប្រទេសក្រីក្រ


ទីប្រឹក្សាកំពូលរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ជេណេត យេឡិន (Janet Yellen) បានព្រមានកាលពីថ្ងៃអង្គារថា ការអូសបន្លាយពេលរបស់ប្រទេសចិនក្នុងការបន្ធូរបន្ថយបំណុល អាចដាក់បន្ទុកដល់ប្រទេសមួយចំនួនដែលមានប្រាក់ចំណូលទាប និងមធ្យម ជាមួយបញ្ហាសេវាបំណុលជាច្រើនឆ្នាំ កំណើនទាប និងការវិនិយោគតិចតួចជាដើម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
មន្ត្រីជាន់ខ្ពស់អាមេរិករិះគន់ចិនថា កំពុងដើរអូសជើងក្នុងការជួយបន្ធូរបន្ថយបន្ទុកបំណុលប្រទេសក្រីក្រ

ទីប្រឹក្សារបស់លោកស្រី​ យេឡិន គឺ​លោក ប្រិន ណេម៉េន (Brent Neiman)​ បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅវិទ្យាស្ថាន ភីធឺសុន (Peterson)​ សម្រាប់សេដ្ឋកិច្ចអន្តរជាតិដោយ​ បាន​​រិះគន់ពី​ការ​អនុវត្ត​បំណុល«មិនត្រឹមត្រូវ»​របស់ប្រទេសចិន និងការអូស​បន្លាយ​ពេល​វេលា​ ​ក្នុងការឆ្ពោះទៅមុខជាមួយការបន្ធូរបន្ថយបំណុល ដល់​បណ្ដា​ប្រទេសដែល​​ជា​កូន​បំណុល​របស់​ខ្លួន​។

លោក ណេម៉េន បានអះអាងដោយប៉ាន់ប្រមាណថា​ ប្រទេសចិនមានប្រាក់កម្ចីផ្លូវការ​​ដែល​មិន​ទាន់​សង​ជា​ពិសេស ​ជំពាក់ដោយ​​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម​​ចន្លោះ​ពី ៥០០​ ​ពាន់លានដុល្លារទៅ ១ ទ្រីលាន​ដុល្លារ​ ហើយ​ក្នុងនាមជាម្ចាស់បំណុលដ៏ធំសម្បើមនេះ ​មានន័យថាការចូលរួមរបស់ចិន​នៅ​ក្នុងការបន្ធូរបន្ថយបន្ទុកបំណុល ​គឺពិត​ជាសំខាន់​​ខ្លាំង​ណាស់​។

មានប្រទេសជាច្រើនក្នុងចំណោមប្រទេសប្រាក់ចំណូលទាប និងមធ្យម កំពុងប្រឈមនឹងបញ្ហាបំណុលបន្ទាប់ពី​បានខ្ចីប្រាក់យ៉ាងច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ លោក ណេម៉េន​ បាននិយាយថា ឥឡូវនេះសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានបណ្តាលឱ្យតម្លៃអាហារ និងថាមពលកើនឡើង​ ខណៈដែលការកើនឡើងអត្រាការប្រាក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន​បានបង្កឱ្យមានលំហូរមូលធនសុទ្ធ​ដ៏ធំបំផុតចេញ​ពីទីផ្សារដែលកំពុងរីកចម្រើន​ចាប់តាំងពីមាន​​វិបត្តិហិរញ្ញវត្ថុពិភពលោកកន្លង​មកនេះ​។

ទី​ប្រឹក្សារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​អាមេរិក​​រូប​នេះ​បាននិយាយថា វិបត្តិបំណុលជាប្រព័ន្ធ​មិនទាន់​កើតឡើងភ្លាមៗ​​នោះ​ទេ ​ប៉ុន្តែភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភាពងាយរងគ្រោះ​ក្នុងស្រុកកំពុងតែ​កើនឡើងខ្លាំង​ ហើយវា​អាចកាន់​តែ​អាក្រក់ទៅៗ​​ផង​ដែរ​។

លោក ណេម៉េន បាននិយាយទៀត​ថា ប្រទេសចិន​មានទំនួលខុសត្រូវ​ពិសេស​លើបញ្ហាបំណុល​ ព្រោះ​ចិន​គឺ​ជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុត​​នៅ​ក្នុង​ពិភពលោក ​ពោល​គឺ​ចិន​បាន​ផ្ដល់​កម្ចី​ច្រើន​ជាង​ម្ចាស់​បំណុល​ពិភព​លោក​មួយ​ចំនួន​ដូច​ជា​ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងម្ចាស់បំណុលផ្លូវការរបស់​ក្លឹបប៉ារីស ដែល​រួម​បញ្ចូល​គ្នា​ទាំងអស់​​ទៅ​ទៀត​។

របាយ​ការណ៍​របស់លោក ណេម៉េន ចំពោះ​ការអនុវត្តបំណុលរបស់ប្រទេសចិន​នេះ បាន​បង្ហាញ​ពី​ការ​រិះ​គន់​ចុងក្រោយ​បំផុតរបស់ក្រុម​​មន្ត្រីបស្ចិម​លោក និងមេដឹកនាំនៃធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិដែលបានធុញទ្រាន់កាន់​តែខ្លាំង​ចំពោះ​ការពន្យារពេល និងការលេប​​ពាក្យ​សន្យា​របស់​ប្រទេសចិន និងក្រុម​អ្នកផ្តល់ប្រាក់កម្ចីឯកជន​ដទៃ​ទៀត ពាក់ព័ន្ធនឹងការអនុវត្ត​វិធានការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេស​ក្រីក្រ​។

លោក ណេម៉េន ​បានបញ្ជាក់​ថា ប្រទេសចំនួន ៤៤ បានជំពាក់បំណុលរបស់អ្នក​ផ្ដល់​កម្ចី​របស់​​ចិន ដោយ​ប្រទេស​នីមួយៗ​បាន​ជំពាក់​ស្មើទៅ​នឹងជាង ១០% នៃ​ផលិតផលក្នុងស្រុកសរុបរបស់ពួកគេ​ ប៉ុន្តែទីក្រុងប៉េកាំងបានពន្យារ​ពេល​ជាបន្តបន្ទាប់​ក្នុងការបន្ធូរ​បន្ថយ​​លក្ខ​ខណ្ឌ​បំណុល​នៅពេលប្រទេសទាំង​នេះ​ត្រូវ​ការជំនួយ​៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-អាមេរិកមិនអាចសម្រេចបានឆាប់ៗនេះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំរបស់ចក្រភព…

PARK CAFE ជាភោជនីដ្ឋានអាហារសុខភាពដ៏ល្បីល្បាញ បានពង្រីកដល់ខេត្តបាត់ដំបងមួយទៀតហើយ

ព័ត៌មាន
ខេត្តបាត់ដំបងជាតំបន់មួយដែល មានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។ ដោយឡែកចំពោះហេដ្ឋារចនាសម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ