ខុសប្លែកតែលោកពូទីន បានបាត់មុខពីកិច្ចប្រជុំកំពូលៗទាំងនេះ ដោយទុកឲ្យរដ្ឋមន្ត្រីការបរទេសចូលរួមតែប៉ុណ្ណោះ។ សកម្មភាពចុងក្រោយនេះ របស់បុរសខ្លាំងស៊ី ជីនពីង កំពុងធ្វើឲ្យមានសំណួរចោទឡើងថា តើសម្ព័ន្ធមិត្ត ដែលតែឈរក្បែររុស្ស៊ីមួយនេះ កំពុងមានទំនោរបែរខ្នងដាក់រុស្ស៊ី ហើយងាកមកពង្រឹងទំនាក់ទំនងអន្តរជាតិរបស់ខ្លួនជាមួយនឹងលោកខាងលិច ឬក៏យ៉ាងណា?
បើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្នុងសុន្ទរកថា និងកាយវិការថ្មីៗនេះរបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូល G20 ប្រទេសឥណ្ឌូនេស៊ី បង្ហាញថា ជំហររបស់មហាអំណាចចិនហាក់បោះជំហានទុកគម្លាត ចំពោះភាពជាដៃគូរវាងទីក្រុងប៉េកាំង និងម៉ូស្គូ ដែលធ្លាប់អះអាងថាទំនាក់ទំនងដៃគូគ្មានដែនកំណត់នោះ។
ក្នុងនោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលបានជួបលោក ស៊ី នៅទីក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន បានប្រាប់ទៅកាន់អ្នកយកព័ត៌មាននៅកោះកាលីថា «ប្រធានាធិបតីរុស្ស៊ី គឺស្ទើរតែនៅឯកោម្នាក់ឯងក្នុងលោកនេះ ដោយសារតែគោលនយោបាយប្រកបដោយមហិច្ឆិតា ហើយទីក្រុងម៉ូស្គូលែងមានដៃគូសម្ព័ន្ធមិត្តរឹងមាំតទៅដែរ ដូចនៅក្នុងសេចក្តីថ្លែងការណ៍របស់ G20 គឺបានបញ្ជាក់ច្បាស់គ្រប់គ្រាន់ហើយ»។
វាមិនមែនជារឿងចៃដន្យទេដែលមហាអំណាចចិនបង្ហាញពីឥវិយាបថជិតស្និទរបស់ខ្លួនចំពោះបស្ចិមលោក ព្រោះតែទំនាក់ទំនងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិចបានស្គាល់នូវភាពតានតឹងមិនធ្លាប់មាន ដូចនេះចិនចង់ ឬមិនចង់ត្រូវស្តារទំនាក់ទំនងប្រកបដោយភាពវិជ្ជមានឡើងវិញ ពិសេសជាមួយសហរដ្ឋអាមេរិក និងបែរចេញពីរុស្ស៊ីបន្តិចវិញ ដើម្បីទាញយកប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្រទាំងសងទាំងខាង។ គេសង្កេតឃើញថា នៅក្នុងជំនួបទ្វេភាគីរវាងលោក ស៊ី និងលោក បៃដិន មុនកិច្ចប្រជុំG20មួយថ្ងៃ មេដឹកនាំចិនបានប្រាប់ភាគីអាមេរិកថា «ខ្លួនប្រឆាំងដាច់ខាតនូវការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ប៉ុន្ដែលោក ស៊ី មិនបញ្ជាក់ចំឈ្មោះប្រទេសរុស្ស៊ីនោះទេ»។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោក Macron ប្រធានាធិបតីបារាំងបានកត់សម្គាល់ឃើញថា ការប្តេជ្ញាចិត្តរបស់លោក ស៊ី ជីនពីង ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ដោយលោកម៉ាក្រុងបន្ថែមថា «គ្មានការសង្ស័យទេទំនាក់ទំនងភាពជាដៃគូគ្មានដែនកំណត់» រវាងចិនជាមួយរុស្ស៊ី គឺមានព្រំដែននៅត្រឹមនេះ។
បើយោងតាមលោក Macron បាននិយាយថា «ប្រទេសចិនតែងតែថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងទម្រង់ណាមួយ ហើយលោកប្រធានាធិបតី ស៊ី ជីនពីង កំពុងបង្ហាញពីបំណងកាន់តែច្បាស់អំពីរឿងនោះ គឺការអំពាវនាវឱ្យមានសន្តិភាព និងការបញ្ចប់ជម្លោះ»។
គេនៅចាំបានថា កាលពីជំនួរវាងលោក ស៊ី និងលោក ពូទីន នៅប្រទេសអ៊ូសបេគីស្ថានកាលពីខែមុនដែលលោក ពូទីន ថា ចិនមាន «កង្វល់និងព្រួយបារម្ភ» ពីស្ថានការសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលនេះវាជាសញ្ញាមិនត្រូវរូវគ្នានៃប្រទេសទាំងពីរ ឬអាចនិយាយបានថា ចិននៅតែទុកផ្លូវក្រោយមួយសម្រាប់ខ្លួនឯង។
បើតាមការអះអាងរបស់ លោក រាហ្វែឡូ ផេនថូស៊ី (Raffaello Pantucci) សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Nanyang ក្នុងប្រទេសសិង្ហបុរីបាននិយាយថា «ទីក្រុងប៉េកាំង បានបង្ហាញបំណងប្រាថ្នាច្បាស់លាស់ថា ចិនចង់ផ្លាស់ប្តូរទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទៅកាន់មូលដ្ឋានដែលមានស្ថិរភាពជាងមុន ហើយវាក៏ជាសញ្ញាប្រាប់លោកខាងលិចថា ចិនកំពុងបែរខ្នងឃ្លាតឆ្ងាយពីលោកពូទីន និងកាន់តែច្បាស់នោះ គឺមហាអំណាចអាស៊ីចង់ស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញ»។
សូមបញ្ជាក់ថា នៅក្រៅជំនួប G20 លោកអាស៊ី ក៏បានជួបពិភាក្សាជាមួយនឹងមេដឹកនាំប្រទេសសំខាន់ៗជាច្រើន ដែលធ្លាប់មានទំនាក់ទំនងប្រេះស្រាំជាមួយនឹងប្រទេសចិននាពេលកន្លង តួយ៉ាង នៅមុនមួយថ្ងៃនៃកិច្ចប្រជុំ G20 លោក ស៊ី បានជួបពិភាក្សាការងារជាមួយនឹង ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ដល់ទៅជាង៣ម៉ោង។ ក្រោយពីនោះ លោកក៏មានជំនួបទ្វេភាគីផ្សេងទៀត ជាមួយនឹងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី និងជួបជាមួយនឹងលោក ចាស្ទីន ទ្រូដូ នាយករដ្ឋមន្ត្រីកាណាដា ជាដើម។
យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែវិច្ឆិកានេះ ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏បានធ្វើដំណើរទៅដល់ទីក្រុងបាងងក ប្រទេសថៃ ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំ APEC ដោយគេរំពឹងថា លោក ស៊ី ក៏នឹងមានជំនួបទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដានៅទីនោះផងដែរ៕