លោកឧកញ៉ា ចេងខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យស៊ីភីអិលបានឲ្យដឹងថា លោកមានភាពជឿជាក់លើក្រុមហ៊ុនអ៊ីស្រាអែលមួយនេះ ថានឹងអាចដាំដុះដើមម៉ៃសាក់បានយ៉ាងល្អក្នុងទឹកដីកំពុងស្ពឺ ដែលនឹងជួយដល់ការរីកចម្រើន ដល់សហគមន៍មួយនេះ។ឧកញ៉ាបានបន្ថែមថា “ក្រុមហ៊ុនអចលនទ្រព្យ CPLរបស់យើងខ្ញុំបានជួយសម្របសម្រួលការងារយ៉ាងច្រើនដូចជា ការងាររៀបចំឯកសារផ្លូវច្បាប់នានាជាមួយរាជរដ្ឋាភិបាលកម្ពុជា ការរកទីតាំង ដែលសាកសមសម្រាប់ការដាំដុះដើមម៉ៃសាក់ ក៏ដូចជា ទំនាក់ទំនងជាមួយប្រជាសហគមន៍ធម្មជាតិតាសាលផងដែរ។
លោក ហ្គាយ យូហ្គេវ អ្នកគ្រប់គ្រងគម្រោង ដាំដើមម៉ៃសាក់នៃក្រុមហ៊ុន Teak Farm បានឲ្យដឹងថា ដើមម៉ៃសាក់ជាប្រភេទរុក្ខជាតិដែលរីកលូតលាស់នៅក្នុងតំបន់ត្រូពិក ដូចនេះកម្ពុជា ជាប្រទេសដែលសាកសមបំផុតសម្រាប់ដាំដំណាំនេះ។ តាមការឲ្យ ដឹងពីអ្នកគ្រប់គ្រងគម្រោង ដាំដើមម៉ៃសាក់នៃក្រុមហ៊ុន Teak Farmនេះ ទុនវិនិយោគសម្រាប់ការដាំម៉ៃសាក់គឺត្រូវចំណាយ ពី ៨ ទៅ៩លានដុល្លារសហរដ្ឋអាមេរិក ដែលមកទល់នឹងពេលនេះ គឺបានចំណាយអស់ ៤លានដុល្លារហើយ នៅក្នុងនោះរយៈពេលជិតមួយឆ្នាំហើយ ដោយរាប់ចាប់តាំងពីការសិក្សាស្រាវជ្រាវលើសណ្ឋានដី រហូតដល់ពេលនេះដើមម៉ៃសាក់លូតលាស់បានជាង ២ម៉ែតទៅហើយ។
ក្រសួងបរិស្ថានហាក់មានការគាំទ្រយ៉ាងខ្លាំងចំពោះគម្រោងនេះ ដោយឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួង បរិស្ថានបានថ្លែងថា នេះជាគម្រោងល្អមួយ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ដោយក្រសួងមិនត្រឹមតែមិនបាច់ចំណាយ ធនធានក្នុងការថែទាំតំបន់សហគមន៍នោះ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាសាល លោក ផុន ភាព រំពឹងថា គម្រោងនេះនឹងមានភាពយូរអង្វែង ព្រោះលោកមិនចង់ឲ្យអ្នកភូមិទាំង៣ភូមិ ក្នុងសហគមន៍តំបន់ការពារធម្មជាតិតាសាល ត្រូវចំណាកស្រុកនោះទេ។ ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាសាលចង់ឲ្យគម្រោងនេះ មាននិរន្តរភាព ដើម្បីជួយដល់ជីវភាពពលរដ្ឋផងនិងអាចការពារធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះផង។
បើតាមអ្នកជំនាញផ្នែករុក្ខជាតិរបស់ក្រុមហ៊ុនTeak Farm បានប្រាប់ថា ប្រភេទឈើម៉ៃសាក់នេះអាចប្រមូលផលបានទាល់តែរយៈពេល ២២ឆ្នាំ សម្រាប់ការលូតលាស់ក្នុងលក្ខខណ្ឌធម្មជាតិ តែក្រុមហ៊ុននេះ នឹងប្រើបច្ចេកកវិទ្យាចុងក្រោយដោយមើលថែទាំយ៉ាងដិតដល់ ហើយអាចប្រមូលផលក្នុងរយៈពេល ៦ឆ្នាំប៉ុណ្ណោះ។ តាមផែនការ គម្រោងនេះ អាចនឹងពង្រីកផ្ទៃដាំដុះ បន្ថែមទៀត សម្រាប់ដីសហគមន៍ ដែលនៅសេសសល់ដោយ នៅក្នុងផ្ទៃដីទំហំ១ ហិកតា អាចដាំឈើម៉ៃសាក់បាន ២១៥ដើម ។ ហើយក្រោយពីជោគជ័យលើការដាំដើមម៉ៃសាក់នេះហើយ ក្រុមហ៊ុនរបស់លោកនឹងវិយោគលើដំណាំផ្លែប៊ឺបន្ថែមទៀត ៕