ទន្ទឹមនឹងអ៊ីស្រាអែលឯកភាពបង្កើនកូតានិស្សិតសម្រាប់កម្មសិក្សានៅប្រទេសរបស់ខ្លួន កម្ពុជា បានស្នើឲ្យអ៊ីស្រាអែលជួយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្ម ជាពិសេសលើប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំនៅកម្ពុជា។
ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែលបានប្រាប់ខេមបូណូមីសថា ដំណើរទស្សនកិច្ចនោះកម្ពុជាទទួលបានលទ្ធផលល្អប្រសើរមួយចំនួន ពិសេសពាក់ព័ន្ធនឹងចំណេះដឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យកសិកម្ម។ លទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ៗជាច្រើនទៀត គឺក្រុមហ៊ុន Netafirm របស់អ៊ីស្រាអែល បានឯកភាពក្នុងការសិក្សាលទ្ធភាពជួយកម្ពុជាបង្កើតប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំស្រូវនៅរដូវប្រាំងនៅស្ថានីយផលិតពូជស្រូវកម្ពុជាសម្រាប់ទុកធ្វើជាគំរូ ដើម្បីជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវរបស់និស្សិត និងប្រជាពលរដ្ឋកម្ពុជា។
បើតាមការគូសបញ្ជាក់របស់លោកឧកញ៉ា ហ៊ុន ឡាក់ ប្រព័ន្ធស្រោចស្រេពដំណក់ទឹកក្នុងកសិដ្ឋានត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅអ៊ីស្រាអែលនាពេលបច្ចុប្បន្ននេះ ព្រោះប្រព័ន្ធនេះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយគ្រប់គ្រងការលូតលាសរបស់រុក្ខជាតិគ្មានប្រយោជន៍ ពពួកបាក់តេរី និងផ្សិតចង្រៃបានល្អ។ ជាពិសេសប្រព័ន្ធនេះវាជួយឲ្យការប្រើប្រាស់ជីចំគោលដៅ កាត់បន្ថយកម្លាំង រក្សាការលូតលាស់របស់ដំណាំបានល្អ និងទទួលបានទិន្នផលខ្ពស់។ ការឯកភាពរបស់ក្រុមហ៊ុនខាងលើធ្វើឡើងតបតាមសំណើររបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាដែលចង់ឲ្យកម្ពុជាមានប្រព័ន្ធស្រោចស្រពនេះមួយទុកធ្វើជាគំរូ។
ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានស្នើអ៊ីស្រាអែលឲ្យពិនិត្យលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាកសិកម្មជាពិសេសពាក់ព័ន្ធការប្រើប្រាស់ប្រព័ន្ធស្រោចស្រពទឹកលើដំណាំ ការដាំបន្លែក្នុងផ្ទះកញ្ចក់ និងការធ្វើកសិធុរកិច្ច។ ចំពោះសំណើនេះ ភាគីអ៊ីស្រាអែលអះអាងថា នឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិនក្នុងពេលឆាប់ៗខាងមុខ។ ការស្នើនេះ វាស្របពេលដែលអ៊ីស្រាអែល បានបង្កើនកូតានិស្សិតទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែល៥០នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួននិស្សិតកម្ពុជាទៅធ្វើកម្មសិក្សានៅប្រទេសនេះកើនដល់២៥០នាក់ក្នុង១ឆ្នាំ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានបន្តទៀតថា ក្រៅពីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអ៊ីស្រាហែល ប្រតិភូកម្ពុជាដែលដឹកនាំដោយឯកឧត្តម វេង សាខុន ក៏ទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមត្រី កសិដ្ឋានចិញ្ចឹមគោទឹកដោះ និងក្រុមហ៊ុនមួយចំនួនទៀតផងដែរ។ ជាពិសេស ឯកឧត្តម បានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់និស្សិតកម្ពុជាចំនួន២០០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយៈពេល១១ខែនៅអ៊ីស្រាអែលផងដែរ៕