ឯកអគ្គរដ្ឋទូតរូបនេះជឿជាក់ថា ប្រសិនបើប្រទេសទាំងពីររួមគ្នាជំរុញដោះស្រាយបញ្ហាទាំងនេះ វានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរមួយកម្រិតទៀត។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកឡើងពីអត្ថប្រយោជន៍របស់ស្ថានទូតក្នុងការធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជនផងដែរ។
នាពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយមន្ត្រីជំនាញ និងវិនិយោគិននៅកម្ពុជា កាលពីយប់ថ្ងៃទី២៩ មិថុនា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅទីក្រុងបាងកកប្រទេសថៃ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា បានលើកឡើងពីចំណុចខ្វះខាត ដែលកម្ពុជា និងអ៊ីស្រាអែលត្រូវរួមគ្នាដោះស្រាយ។ ចំណុកខ្វះខាតដែលឯកអគ្គរដ្ឋទូតរូបនេះកត់សម្គាល់ឃើញកន្លងមកនោះ គឺប្រទេសទាំងពីរពុំទាន់មានការជំរុញឲ្យបានគ្រប់គ្រាន់លើកិច្ចសហប្រតិបត្តិ និងការនិងវិនិយោគ។ លោកជំទាវជឿជាក់ថា ប្រសិនបើបញ្ហានេះត្រូវបានជំរុញ វានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងប្រទេសទាំងពីរកាន់តែប្រសើរមួយកម្រិតទៀត។
ក្រោយជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងធ្វើដំណើរទស្សនកិច្ចនៅកន្លែងអាជីវកម្មមួយចំនួន ជាពិសេសរោងចក្រផលិតទឹកដោះគោស្រស់គីរីសួគ៌ លោកជំទាវ Orna Sagiv មានការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេស ដែលមានសក្តានុពលខ្ពស់លើការវិនិយោគ។ ក្នុងនោះ លោកជំទាវ មើលឃើញថា កម្ពុជាមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម ហើយវាស្របទៅនឹងចំណុចសក្តានុពលរបស់អ៊ីស្រាអែល ដែលមានភាពល្បីល្បាញលើវិស័យកសិកម្ម និងបច្ចេកវិទ្យា។ ជាមួយគ្នានេះលោកជំទាវជំរុញឲ្យវិនិយោគិននៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ និងសំឡឹងមើលឱកាសវិនិយោគក្នុងប្រទេសនីមួយៗ។
ទោះបីអ៊ីស្រាអែលពុំទាន់មានស្ថានទូតនៅកម្ពុជា តែប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចប្រតិបត្តិគ្នាជាមួយគ្នាដ៏ល្អជាយូរមកហើយដែរ។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់លោកជំទាវ Orna Sagiv អ៊ីស្រាអែលបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្មតាំងពីឆ្នាំ២០០៨ មកម្ល៉េះ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ អ៊ីស្រាអែលបានផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣របស់កម្ពុជាទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែលរាប់រយនាក់ក្នុង១ឆ្នាំដែលមកទល់ពេលនេះមាននិស្សិតកម្ពុជារាប់ពាន់រាប់ម៉ឺននាក់ហើយបានទៅសិក្សាពីបច្ចេកទេស និងបច្ចេកវិទ្យាលើវិស័យកសិកម្មនៅប្រទេសនេះ។
ជាមួយគ្នានេះ លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលបានលើកឡើងពីចំណុចខ្លាំងរបស់អ៊ីស្រាអែលថា អ៊ីស្រអែលជាប្រទេសដែលពោរពេញទៅដោយអ្នកមានជំនាញ ចំណេះដឹង និងបទពិសោធន៍ច្រើនលើវិស័យសំខាន់ៗដូចជាបច្ចេកវិទ្យា នវានុវត្តន៍ កសិកម្ម និងការស្រាវជ្រាវ។ល។ លោកមើលឃើញថា ទោះបីកម្ពុជាគ្មានបច្ចេកទេសខ្លាំងដូចអ៊ីស្រាអែល តែកម្ពុជាជាមូលដ្ឋានដ៏សំខាន់ ដែលពោរពេញដោយកម្លាំងពលកម្មវ័យក្មេង មានសមត្ថភាព និងឆន្ទៈ ហើយជាច្រកទ្វារចូលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារធំទូលាយ និងសកម្មបំផុតនាពេលបច្ចុប្បន្ននេះ។ ទាំងនេះសុទ្ធសឹងជាអ្វីដែលប្រទេសទាំងពីរត្រូវការពីគ្នាទៅវិញទៅមក។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែលរូបនេះជឿជាក់ថា ទោះបីជាសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នពឹងផ្អែកលើការនាំចេញវត្ថុធាតុដើម និងកម្លាំងពលកម្មដែលមានតម្លៃថោកក៏ដោយ តែកម្ពុជាមានសក្តានុពលដ៏អស្ចារ្យសម្រាប់កំណើនលឿនរហ័ស ដោយសារសមាសភាពនៃចំនួនប្រជាជន និងទីតាំងភូមិសាស្ត្ររបស់ប្រទេស ហើយការនាំយកចំណេះដឹង ជំនាញ និងការបង្កើតថ្មីៗ មកនៅក្នុងសេដ្ឋកិច្ចកម្ពុជាពីប្រទេសអ៊ីស្រាអែលនឹងជួយឱ្យកម្ពុជាជឿនលឿនជាលំដាប់។
បញ្ជាក់ផងដែរថា តាមគម្រោងលោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅប្រទេសថៃ ត្រូវធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ១ កក្កដា ឆ្នាំ២០២២៕