តែយ៉ាងណាមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកលទ្ធផលក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ជាវឌ្ឍនភាពមួយដ៏ប្រសើរនៃការអភិវឌ្ឍមូលបត្ររដ្ឋរបស់កម្ពុជា។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋមិនអាចបានតាមផែនការនៅក្នុងឆ្នាំ២០២៣ កន្លងទៅ?
បើតាមឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅក្នុងឆ្នាំ២០២៣ កន្លងទៅមិនអាចសម្រេចបានតាមផែនការកំណត់នោះទេ ពោលគឺសម្រេចបានតែជិត៦០លានដុល្លារ នៃផែនការ២០០លានដុល្លារអាម៉េរិកតែប៉ុណ្ណោះ។ ទោះបីមិនអាចសម្រេចបានតាមផែនការក៏ដោយ តែសម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ លទ្ធផលនេះ គឺជាវឌ្ឍនភាពដ៏ល្អប្រសើរមួយសម្រាប់ការអភិវឌ្ឍន៍មូលបត្ររដ្ឋ បើធៀបនឹងការបោះផ្សាយកាលពីឆ្នាំ២០២២។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ទំហំបោះផ្សាយមូលបត្ររដ្ឋចំនួន២០០លានដុល្លារ ដែលត្រូវបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នោះ គ្រាន់តែជាពិតានក្នុងការបោះផ្សាយប៉ុណ្ណោះ ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលត្រូវតែសម្រេចការបោះផ្សាយឱ្យបានតាមទំហំកំណត់នេះនោះទេ។
តែយ៉ាងណា ឯកឧត្តម មាស សុខសេនសាន កត់សម្គាល់ឃើញថា ការចូលរួមវិនិយោគលើមូលបត្ររដ្ឋពីសំណាក់វិនិយោគិននៅកម្ពុជានៅមិនទាន់មានភាពសស្រាក់សស្រាំនៅឡើយទេ។
តែយ៉ាងណា ឯកឧត្តម មាស សុខសេនសាន កត់សម្គាល់ឃើញថា ការចូលរួមវិនិយោគលើមូលបត្ររដ្ឋពីសំណាក់វិនិយោគិននៅកម្ពុជានៅមិនទាន់មានភាពសស្រាក់សស្រាំនៅឡើយទេ។ កត្តាដែលធ្វើឱ្យការវិនិយោគលើមូលបត្ររដ្ឋមិនសូវមានសកម្មភាពផុសផុលរួមមាន ការបន្តអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៃបណ្តាប្រទេសធំៗ បានធ្វើឱ្យអត្រាការប្រាក់នៃឧបករណ៍វិនិយោគដទៃទៀត មានកម្រិតខ្ពស់ជាងអត្រាគូប៉ុងនៃមូលបត្ររដ្ឋរបស់កម្ពុជា ខណៈដែលអត្រាគូប៉ុងត្រូវបានកំណត់ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ ដើម្បីធានាសម្រេចបាននូវចីរភាព និងហានិភ័យទាបនៃស្ថានភាពបំណុលសាធារណៈ។
មួយវិញទៀត ប្រព័ន្ធគាំទ្រទីផ្សារសម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទីផ្សារដំបូង និងការជួញដូរមូលបត្ររដ្ឋក្នុងទីផ្សារបន្ទាប់ កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ដោយបច្ចុប្បន្នអាចគាំទ្របានតែការចូលរួមរបស់វិនិយោគិនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកនៃផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ រាជ រដ្ឋាភិបាលកំពុងជំរុញរៀបចំប្រព័ន្ធគាំទ្រទីផ្សារមួយពេញលេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សំដៅបង្កើនឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីគ្រាប់វិនិយោគិនសក្តានុពលផងដែរ។
បើតាមឯកឧត្តម មាស សុខសេនសាន ដើម្បីធ្វើឱ្យការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៤ នេះ កាន់តែមានភាពទាក់ទាញ និងទូលំទូលាយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវរាល់វិធានការ និងផែនការសកម្មភាពប្រទាក់ក្រឡាដែលបានដាក់ចេញក្នុងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ២០២៣-២០២៨។
ដោយក្នុងនោះផែនការសកម្មភាពអាទិភាពមួយចំនួនដែលត្រូវជំរុញរៀបចំឱ្យបានឆាប់ក្នុងគោលបំណងឈានទៅបង្កើតឱ្យបាននូវប្រព័ន្ធមួយពេញលេញសម្រាប់ការបោះផ្សាយក្នុងទីផ្សារដំបូង និងការជួញដូរមូលបត្ររដ្ឋក្នុងទីផ្សារបន្ទាប់ រួមមានការបើកផ្លូវអនុញ្ញាតឱ្យគ្រឹះស្ថានមិនមែនធនាគារ និងហិរញ្ញវត្ថុ អាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានក្នុងផ្លែតហ្វមរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។
គួរជម្រាបថា សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្របំណុលរដ្ឋក្នុងទំហំ១០៨លានដុល្លារបន្ថែមទៀត សម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ៕