ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនតាក់ស៊ីដ៏ធំបំផុតរបស់អាមេរិកប្រកាសចូលទីផ្សារតាក់ស៊ីកម្ពុជាជាផ្លូវការ និងខណៈដែលក្រុមហ៊ុនតាក់ស៊ីដ៏ធំមួយទៀត ឈ្មោះ Grab ដែលមានមូលដ្ឋាននៅសិង្ហបុរី កំពុងត្រៀមចូលទីផ្សារតាក់ស៊ីដ៏ចង្អៀតរបស់កម្ពុជា។
កម្មវិធីហៅសេវាតាក់ស៊ីតាមទូរស័ព្ទដៃ iTsumo App ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា ITsumo Tec Co., Ltd. នៅឆ្នាំនេះ បាននិងកំពុងទទួលបានការគាំទ្រពីអ្នកបើកបរតាក់ស៊ីក្នុងស្រុកជាច្រើន ហើយគិតមកទល់បច្ចុប្បន្ន មានយានយន្តបម្រើសេវាតាក់ស៊ីជាង ៧០០គ្រឿង បានចុះបញ្ជីប្រើប្រាស់កម្មវិធី iTsumo App នេះ រួមមានទាំងរថយន្តទំនើប SUV រថយន្តទេសចរណ៍ខ្នាតតូច និងរ៉ឺម៉កម៉ូតូ។
Choice គឺជាក្រុមហ៊ុនផ្ដល់សេវាតាក់ស៊ីក្នុងស្រុក ដែលបានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយសព្វថ្ងៃ ក្រុមហ៊ុនមានអ្នកបើកបរវិជ្ជាជីវៈជាង ២០០នាក់។ ការចាប់ដៃគូរវាងក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនតាក់ស៊ីនេះ ត្រូវគេមើលឃើញថា ទំនងជាការត្រៀមខ្លួនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនតាក់ស៊ីយក្សមកពីអាមេរិក ឈ្មោះ Uber ប៉ុន្តែ លោក មុំ ក្លេអូម៉ូរ៉ា នាយកប្រតិបត្តិ ក្រុមហ៊ុន iTsumo Tec Co., Ltd និយាយថា កិច្ចសហប្រតិបត្តិការនេះ មិនមែនដើម្បីប្រកួតប្រជែងជាមួយ Uber ឬ Grab ប៉ុន្តែ ដើម្បីធ្វើឲ្យសេវាកម្មតាក់ស៊ីកាន់តែប្រសើរឡើង និងគ្រប់គ្រាន់សម្រាប់បម្រើតម្រូវការរបស់អតិថិជនតាក់ស៊ី។
លោក មុំ ក្លេអូម៉ូរ៉ា ឲ្យដឹងយ៉ាងដូច្នេះថា ៖ «គោលដៅទី១ គឺធ្វើឲ្យរយៈពេលនៃការរង់ចាំរបស់ភ្ញៀវ មិនឲ្យលើសពី៥នាទី បន្ទាប់ពីគាត់ហៅតាក់ស៊ី។ ទី២ គឺ ធ្វើឲ្យងាយស្រួលបំផុតសម្រាប់ភ្ញៀវក្នុងការហៅតាក់ស៊ី។ យើងជឿថា ការសហការគ្នានេះនឹងជួយឲ្យសម្រេចគោលដៅទាំងនេះ ហើយក្រុមហ៊ុន Choice នឹងកើនអតិថិជនជិះតាក់ស៊ី ដោយប្រើកម្មវិធីតាក់ស៊ី iTsumo។ ហើយនេះជាសេណារីយ៉ូ ឈ្នះ-ឈ្នះ សម្រាប់ក្រុមហ៊ុនទាំងពីរ»។
ថ្មីៗនេះ ក្រុមហ៊ុនតាក់ស៊ីដ៏ធំបំផុតរបស់អាមេរិក Uber បានប្រកាសចូលទីផ្សារតាក់ស៊ីកម្ពុជាជាផ្លូវការ ហើយក្រុមហ៊ុនតាក់ស៊ីធំបំផុតនៅអាស៊ីអាគ្នេយ៍មួយទៀត ឈ្មោះ Grab ដែលមានមូលដ្ឋាននៅសិង្ហបុរី ក៏ត្រៀមនឹងចូលមកទីផ្សារកម្ពុជាផងដែរ ដោយតំណាងក្រុមហ៊ុនមួយនេះបានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដើម្បីត្រួសត្រាយផ្លូវរួចហើយ។
ចំពោះការចូលមក និងការគ្រោងនឹងចូលមកនៃក្រុមហ៊ុនតាក់ស៊ីធំបំផុតលំដាប់ពិភពលោកទាំងពីរនេះ លោក មុំ ក្លេអូម៉ូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា ITsumo Tec និយាយយ៉ាងដូច្នេះថា ៖ «ខ្ញុំគិតថា ក្រុមហ៊ុនទាំងពីរនេះជាដៃគូប្រកួតប្រជែងដ៏ល្អ។ យើងស្វាគមន៍ចំពោះវត្តមានរបស់ក្រុមហ៊ុនរាមច្បងទាំងពីរនេះ ដោយសង្ឃឹមថា ពួកគេនឹងជួយបណ្តុះបណ្តាល (Educate) អ្នកប្រើប្រាស់ក្នុងស្រុកយើងឲ្យចេះប្រើប្រាស់និងយល់ដឹងអំពីភាពងាយស្រួលនៃការប្រើស្មាតហ្វូនក្នុងការហៅតាក់ស៊ី ហើយសង្ឃឹមថា ពួកគេនឹងជួយពង្រីកទីផ្សារតាក់ស៊ីក្នុងស្រុកឲ្យកាន់តែរីកចម្រើនផងដែរ»។
កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ iTsumo មានលក្ខណៈស្រដៀងនឹង Uber ដែរ គឺភ្ជាប់អ្នកប្រើប្រាស់ដែលត្រូវការសេវាតាក់ស៊ីអាចជឿទុកចិត្តបាន ជាមួយនឹងម្ចាស់យានយន្តដែលធ្វើការក្រៅម៉ោងជាអ្នកបើកបរដើម្បីបានប្រាក់កម្រៃបន្ថែម។ នៅពេលបើកមុខងារ GPS របស់ស្មាតហ្វូន អ្នកប្រើប្រាស់កម្មវិធីតាក់ស៊ី iTsumo អាចមើលឃើញទីកន្លែងដែលមានអ្នកបើកបរនៅក្បែរខ្លួន និងជ្រើសរើសទិសដៅដែលត្រូវទៅ នៅលើផែនទី។ ហើយអ្នកបើកបរ ដែលប្រើ iTsumo ដែរ ក៏អាចរកឃើញអ្នកប្រើប្រាស់ភ្លាមៗនិងដោយងាយស្រួលផងដែរ៕