បន្ទះឈីបសកលលោក

ការលក់បន្ទះឈីបសកលលោកអាចនឹងកើនដល់ជិត៥៣០ពាន់លានដុល្លារ កើន២០%នៅឆ្នាំ២០២១


ការប្រកួតប្រជែងររាងប្រទេសមហាអំណាចធំៗ ទាក់ទនឹងការផលិត និងផ្គត់ផ្គង់បន្ទះឈីប កំពុងក្លាយជាសង្វៀនថ្មីក្ដៅគគុកមួយទៀតសម្រាប់ប្រទេសមហាអំណាចធំៗ ហើយវាក៏ត្រូវបានគេមើលឃើញថា ប្រទេសសេដ្ឋកិច្ចយក្សៗជាច្រើនបាននិងកំពុងចំណាយប្រាក់យ៉ាងសន្ធឹកសណ្ធាប់ដើម្បី ជំរុញការស្រាវជ្រាវ និងផលិតបន្ទះឈីបនេះ ដ្បិតថា ឧបករណ៍បន្ទះអេឡិចត្រូនិកទាំងនេះ ត្រូវបានគេយកមកប្រើប្រាស់យ៉ាងសំខាន់នៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត រួមទាំងកុំព្យូទ័រ ទូរស័ព្ទ , ទូរទស្សន៍, ទូរទឹកកក និងរថយន្ដជាដើម។
ការតាំងបង្ហាញបន្ទះឈីបទូរស័ព្ទក្នុងប្រទេសចិន - Xinhua
ដោយ

បើ​តាម​អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នេះ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២១​នេះ ការ​លក់​បន្ទះ​ឈី​ប​នៅ​ទូ​ទាំង​សកលលោក​នឹង​មាន​ដល់​ទៅ​ជិត​៥៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២០% ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​តែ​បច្ចុប្បន្ន​នេះ ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​គឺ​កំពុង​មាន​ក្នុង​សភាព​កក្អម ពោល​គឺ​កាន់តែ​មាន​តិច​ទៅ ចំ​ពេល​ដែល​តម្រូវការ​រីក​កាន់តែ​ធំ​។

បើ​យោង​តាម​ស្ថាប័ន​ជំនាញ​ផ្នែក​ស្ថិតិ​ពាណិជ្ជកម្ម​បន្ទះ​អេ​ឡិច​ត្រូ​និក​ពិភពលោក (World Semiconductor Trade inc) បាន​ឲ្យ​ដឹង​ថា ការ​លក់​បន្ទះ​ឈី​ប​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ដ​កើនឡើង​ទៀត​នៅ​ឆ្នាំ​២០២២ ជាមួយ​កំណើន​ជិត​៩% និង​មាន​ទឹកប្រាក់​សរុប ជាង​៥៧០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ តម្រូវការ​បន្ទះ​ឈី​ប​នេះ បាន​កើនឡើង​ខ្លាំង ចាប់តាំងពី​មាន​កូ​វី​ដ​-១៩​ផ្ទុះ​ឡើង ធ្វើ​ឲ្យ​មនុស្ស​ត្រូវ​ស្នាក់​នៅផ្ទះ​ច្រើន​ជាង​មុន ដូច្នេះ តម្រូវការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដូច​ជា​កុំព្យូទ័រ Table ជាដើម​មានការ​កើនឡើង​យ៉ាង​គំហុក ដែល​វា​បាន​ធ្វើ​ឲ្យ​តម្រូវការ​បន្ទះ​ឈី​ប​សម្រាប់​ការ​ផលិត​ឧបករណ៍​ទាំងនេះ ក៏​កើនឡើង​គំហុក​ដែរ​។

ជាមួយ​គ្នា​នេះ ការ​ផលិត​រថយន្ដ​ក៏​មាន​តម្រូវការ​កើនឡើង​ខ្លាំង​ដែរ ប៉ុន្ដែ រោងចក្រ​ជា​ច្រើន ដូច​ជា Honda, Volkswagen ជាដើម​បាន​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន ដោយសារ​តែ​ពួក​គេ​ខ្វះខាត​បន្ទះ​ឈី​ប​សម្រាប់​បម្រើ​ដល់​ការ​ផលិត​រថយន្ដ​របស់​ខ្លួន​។

ក្រុមហ៊ុន​ផលិត​យានយន្ដ និង​គ្រឿងបន្លាស់​ដ៏​ធំ​របស់​អា​មេ​រិ​ក General Motors ក៏​បាន​បញ្ជាក់​កាលពី​ខែកុម្ភៈ​កន្លង​ទៅ​ថា ក្រុមហ៊ុន​ក៏​នឹង​បន្ថយ​ការ​ផលិត​នៅ​រោងចក្រ​ចំនួន​៤​របស់​ខ្លួន ដោយសារ​តែ​ការ​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​មានការ​ខ្វះខាត ដែល​អាច​នឹង​បន្ដ​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០២១​នេះ​តែ​ម្ដង​។

តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដោយ​មិន​រាប់​ប​ញ្ជូ​ល​ប្រទេស​ជប៉ុន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំមុខ​គេ​នៅ​ក្នុង​ការ​លក់​បន្ទះ​ឈី​ប​នៅ​ក្នុងឆ្នាំនេះ ដោយ​មាន​កំណើន​ខ្ពស់​បំផុត​ជាង​២៣% តាម​ពីក្រោយ​ដោយ​សហភាព​អឺរ៉ុប​នឹង​កើនឡើង​ជាង​២១%​។

ទីផ្សារ​បន្ទះ​ឈី​ប​នៅ​ជប៉ុន​វិញ ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ជិត​១៣% ហើយ​នៅ​អា​មេ​រិ​ក​នឹង​កើន​ជាង​១១%​។ សូម​បញ្ជក់​ថា ថ្មី​ៗ​នេះ មហាអំណាច​អា​មេ​រិ​ក និង​ចិន សុទ្ធតែ​បាន​បង្ហាញ​ពី​ម​ហ​ច្ឆិ​តា​របស់​ខ្លួន​ក្នុង​ការ​ប្រជែង​តំណែង​យក​លេខ​១ លើ​ការ​ផលិត​បន្ទះ​ឈី​ប​នេះ ដោយ​មហា​យក្ស​ទាំង​ពី​នេះ មាន​ផែនការ​ត្រៀម​ថវិការ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ការ​ស្រាវជ្រាវ និង​ផលិត​បន្ទះ​ឈី​ប ឬ​បន្ទះ​អេ​ឡិច​ត្រូ​និក​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន​ជាមួយ​សមត្ថភាព​កាន់តែ​ខ្ពស់ ខណៈ​ដែល​កន្លង​មក​អា​មេ​រិ​ក និង​ចិន​ក៏​មានការ​តឹងតែង​ដាក់​គ្នា​នៅ​ក្នុង​ជំនួញ​បន្ទះ​ឈី​ប​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ចំណាយជាង៥០០លានដុល្លារ សាងសង់មជ្ឈមណ្ឌលផ្សារទំនើបធំ៤

ព័ត៌មាន
ក្រុមហ៊ុនជីប ម៉ុង រីថេល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប វិនិយោគពហុវិស័យនៅកម្ពុជានោះ បានអះអាងថា បច្ចុប្បន្ន ក្…

កសិដ្ឋានចិញ្ចឹមត្រីធំមួយវិនិយោគជាង២លានដុល្លារ គ្រោងនាំចេញសាច់ត្រីទីឡាព្យ៉ាទៅជប៉ុននៅឆ្នាំក្រោយ

ព័ត៌មាន
កសិដ្ឋានចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីទីឡាព្យ៉ា Cambodia Fresh Farm បានបើកដំណើរការសាកល្បងអស់រយៈពេល៤ឆ្នាំមកហើយ និងបានចំណាយទឹកប្រាក់ប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ