បន្ទាប់ពីមើលឃើញថា សិស្សានុសិស្សដែលសិក្សានៅសាលាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) ដែលបានបញ្ចប់វគ្គសិក្សា សុទ្ធតែមានសមត្ថភាព ប្រកបដោយជំនាញវិជ្ជាជីវៈផ្នែកបច្ចេកទេសយានយន្ត ដូច្នេះក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន (ថាយផ្ល័ស) ដែលជាក្រុមហ៊ុនផ្ដល់សេវាថែទាំ និងជួសជុលរថយន្តឈានមុខគេនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាមួយនឹងសាលាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ ក្នុងគោលបំណងទទួលយកសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅសាលានេះ មកធ្វើការនៅមជ្ឈមណ្ឌលថែទាំរថយន្តរបស់ខ្លួន ដើម្បីបង្កើនគុណភាពសេវា ដល់អតិថិជន ។
សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី.វ៉េ.សេ (JVC) ជាសាលាមធ្យមសិក្សាបច្ចេកទេស និង រោងជាងឈានមុខគេនៅកម្ពុជា។ កម្មវិធីសិក្សានៅសាលានេះ គឺយកតាមស្តង់ដារកម្មវិធីសិក្សារបស់ប្រទេសជប៉ុន ដោយសាលាបានសហការជាមួយក្រុមហ៊ុននៅឯប្រទេសជប៉ុន។
សម្រាប់ក្រុមហ៊ុន ថាយផ្ល័ស គឺជាក្រុមហ៊ុនដែលផ្តោតទៅលើ សេវាកម្មផ្នែកយានយន្តនៅកម្ពុជាមួយ ដែលមានបច្ចេសទេស និងមានធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈ និងឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ ។
ថាយផ្ល័ស គឺជាបណ្ដាញមជ្ឈមណ្ឌលថែទាំកង់រថយន្ដអន្តរជាតិ នៃក្រុមហ៊ុនផលិតសំបកកង់ Michelin ហើយត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប របស់អ្នកឧកញ៉ា សៀ ឫទ្ធី។
បច្ចុប្បន្ន ថាយផ្ល័ស មានមជ្ឈមណ្ឌលផ្ទាល់ខ្លួន ៣ ទីតាំងក្នុងរាជធានីភ្នំពេញ និង ១ ទីតាំងផ្សេងទៀតជាដៃគូហ្រេ្វនឆាយ។
ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ខា សឹលូសិន បានឲ្យដឹងថា អ្នកដែលមានបំណងចង់បើកអាជីវកម្មថែទាំ និងជួសជុលរថយន្ត ក៏អាចទិញយក ហ្វ្រេនឆាយថាយផ្ល័ស ពីក្រុមហ៊ុនបានដែរ ដើម្បីមានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ។
តាមរយៈថាយផ្ល័ស យានដ្ឋានជាហ្វ្រេនឆាយ នឹងកាន់តែមានទំនុកចិត្តខ្ពស់ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយសារតែក្រុមហ៊ុននឹងមានបំពាក់នូវបរិក្ខារទំនើបតាមស្តង់ដារ ផលិតផល និងគ្រឿងបន្លាស់ដែលមានគុណភាពលំដាប់ពិភពលោក ព្រមជាមួយនឹងជាងបច្ចេកទេសដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវថែមទៀតផង ។