
តំណាងក្រុមហ៊ុនលោក Alibaba និង មូលនិធិ The Jack Ma Foundation ក៏បានបញ្ជាក់ដែរថា លោក Jack Ma ពិតជាបានជួបជាមួយនឹងក្រុមគ្រូបង្រៀននៅជនបទតាមប្រព័ន្ធវីដេអូ ប្រាកដមែន នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
លោក Jack Ma បាននិយាយទៅកាន់គ្រូបង្រៀនដែលត្រូវទទួលពានរង្វាន់ពីកម្មវិធី «គ្រូបង្រៀនជនបទ របស់ Jack Ma» ដែលខកខានចូលរួមនៅក្នុងកម្មវិធីទទួលពានរង្វាន់ នៅក្នុងទីក្រុងជាប់មាត់សមុទ្រ សាន់យ៉ា យ៉ាងដូច្នេះថា «យើងមិនអាចជួបគ្នានៅទីក្រុងសាន់យ៉ាបានទេ ដោយសារតែបញ្ហាមេរោគរាតត្បាត។ នៅពេលដែលមេរោគរាតត្បាតផុតរលត់ទៅ យើងនឹងរកពេលសម្រាប់ដំណើរកម្សាន្ដទៅទីក្រុងសាន់យ៉ាង ហើយយើងនឹងជួបគ្នាម្ដងទៀត»។
លោក Jack Ma ក៏ត្រូវបានគេដឹងថា លែងបង្ហាញមុខជាសាធារណៈនាពេលកន្លងមកនេះ ក្រោយពីដែលលោកបានស្ដីបន្ទោសទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិនថា ដែលកត្តានេះ ត្រូវបានមិតជាច្រើនយល់ថា ជាហេតុធ្វើឲ្យការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group តម្លៃ ៣៧ពាន់លានដុល្លារ ត្រូវបានផ្អាកដំណើរការ៕