ប្រធានាធិបតីហ្វីលីពីនលោក ហ្វ័រឌីណាន់ ម៉ាកុស កំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ពោលគឺនៅមិនយូរប៉ុន្មាន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកលោក ឡយដ៍ អូស្ទីនកាលពីពេលថ្មីៗនេះបានទៅទស្សនកិច្ចនៅហ្វីលីពីន ហើយថែមទាំងឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្តីពីការអនុញ្ញាតឱ្យអាមេរិកកសាង និងពង្រីកមូលដ្ឋានយោធាបន្ថែមទៀតក្នុងប្រទេសហ្វីលីពីន ដើម្បីប្រឈមមុខនឹងការរះឡើង និងឥទ្ធិពលយោធាចិនក្នុងតំបន់។
ដោយឡែក រវាងជប៉ុន និងហ្វីលីពីន កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយលោក ម៉ាកុស និងនាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដានោះ នឹងអនុញ្ញាតឱ្យទាហាននៃប្រទេសជប៉ុនចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺនជាមួយកងទ័ពហ្វីលីពីន ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងតម្រូវការមនុស្សធម៌។ កិច្ចព្រមព្រៀងរវាងទីក្រុងម៉ានីល និងតូក្យូនេះត្រូវបានគេមើលឃើញថា គឺជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងយោធាកាន់តែទូលំទូលាយនៅថ្ងៃខាងមុខ ក្នុងការឆ្លើយតបទៅនឹងបេសកកម្មយោធាផ្សេងទៀតក៏ថាបាន ដូចជាការអន្តរាគមន៍ផ្នែកយោធាជាដើម។
នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា បាននិយាយថា ប្រទេសទាំងពីរនឹងបន្តកិច្ចពិភាក្សាដើម្បីពង្រឹង និងសម្រួលដល់ការធ្វើសមយុទ្ធរួមគ្នា និងប្រតិបត្តិការយោធាផ្សេងទៀត ខណៈជប៉ុនក៏កំពុងគិតគូរក្នុងការពង្រីកការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាយោធាផ្សេងៗទៅកាន់ប្រទេសហ្វីលីពីន និងពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ។
ចំណែកឯ លោក ម៉ាកុស ប្រធានាធិបតីហ្វីលីពីន បាននិយាយក្នុងសន្និសីទសារព័ត៌មានជាមួយលោក គីស៊ីដានៅទីក្រុងតូក្យូថា៖ «អនាគតនៃទំនាក់ទំនងរវាងហ្វីលីពីន និងជប៉ុននៅតែប្រកបទៅដោយបរិយាបន្ន និងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាពង្រីកឱ្យមានការចូលរួមកាន់តែទូលំទូលាយនៃកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក»។
យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ក្រុងតូក្យូបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងការពារជាតិថ្មីនេះ នឹងអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពាររបស់ខ្លួនដាក់ពង្រាយក្នុងទឹកដីនៃប្រទេសហ្វីលីពីនក្នុងគោលបំណងបេសកកម្មមនុស្សធម៌ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយជាដើម ដែលវាត្រូវបានជប៉ុនរំពឹងថា នឹងអាចធ្វើឱ្យប្រសើរឡើងនូវការហ្វឹកហ្វឺនផ្នែកយោធា និងកិច្ចសហប្រតិបត្តិការការពារជាតិផងដែរ។
បន្ថែមពីនោះ នាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីហ្វីលីពីនក៏បានយល់ព្រមពង្រឹងសន្តិសុខតាមលំហរអ៊ីនធឺណិត និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ក្នុងនោះ លោក គីស៊ីដា បានប្រកាសផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចប្រមាណ ៤,៧ ពាន់លានដុល្លារ ដែលជាជំនួយសម្រាប់វិស័យសេវាសាធារណៈ និងឯកជនសម្រាប់ហ្វីលីពីនរហូតដល់ខែមីនា ឆ្នាំ២០២៤ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជាការសាងសងផ្លូវរថភ្លើង និងប្រើប្រាស់ពេលមានគ្រោះមហន្តរាយ។ ជាមួយគ្នានោះ កិច្ចព្រមព្រៀងដដែលក៏នឹងសម្រេចឱ្យប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងវិស័យព័ត៌មានវិទ្យា និងទំនាក់ទំនង ព្រមទាំងសហប្រតិបត្តិការក្នុងវិស័យសន្តិសុខថាមពល និងការអភិវឌ្ឍន៍ឧស្សាហកម្មផងដែរ។
មែនទែនទៅ ប្រទេសជប៉ុនបាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាតែជាមួយនឹងបងធំសហរដ្ឋអាមេរិកនោះទេ គឺបានពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា អូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបផងដែរ។
សូមជម្រាបថា កាលពីចុងខែធ្នូកន្លងទៅ ប្រទេសជប៉ុនបានអនុម័តដាក់ចេញនូវយុទ្ធសាស្ត្រការពារថ្មីរបស់ខ្លួនដែលក្នុងនោះរួមមានការធ្វើឱ្យប្រសើរឡើងផ្នែលសន្តិសុខ និងសមត្ថភាពប្រឆាំងការវាយប្រហារតបវិញផងដែរ ដែលវាជាការផ្លាស់ប្តូរគោលការណ៍ស្វ័យការពារដ៏ធំចាប់តាំពីក្រោយសង្គ្រាមលោកលើកទីពីរមក ខណៈពេលដែលការចំណាយលើវិស័យការពារជាតិកើនឡើងទ្វេដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺត្រូវចំណាយ ២% នៃ GDP សរុបនៃប្រទេសជប៉ុនលើវិស័យការពារជាតិ៕