កម្ពុជា-សិង្ហបុរី ជំរុញឲ្យមានជើងហោះហើរបន្ថែម

កម្ពុជា-សិង្ហបុរី ជំរុញឲ្យមានជើងហោះហើរបន្ថែម ដើម្បីទាក់ទាញទេសចរអន្តរជាតិនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣


នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឈានចូលមកដល់ នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាកាន់តែច្រើន ដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវជំរុញបង្កើនជើងហោះហើរពីបរទេសបន្ថែមទៀត។ ក្នុងនោះ កម្ពុជាសម្លឹងឃើញច្រកផ្លូវអាកាសដ៏ចម្បងមួយ ក្នុងការដឹកជញ្ជូនទេសចរ នោះគឺការបង្កើនជើងហោះហើរជាមួយប្រទេសសិង្ហបុរី។
កម្ពុជា-សិង្ហបុរី ជំរុញឲ្យមានជើងហោះហើរបន្ថែម ដើម្បីទាក់ទាញទេសចរអន្តរជាតិនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

បើតាម​ក្រសួង​ទេសចរណ៍ ប្រទេសសិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះ ជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ។

នៅក្នុងជំនួបពិភាក្សា ជាមួយឯកឧត្ដម ថុង អ៊ីដវីន រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ស្របពេលជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេម កម្ពុជាបានប្រកាសដាក់ឆ្នាំ២០២៣ ជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia 2023) ដើម្បីជួយជំរុញកំណើនភ្ញៀវទេសចរ សកម្មភាពសេដ្ឋកិច្ចសង្គមនៅទូទាំងប្រទេស។ ឯកឧត្ដម ទិត ចន្ថា បញ្ជាក់បន្ថែមថា នៅពេលព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើន ហើយសង្ឃឹមថាប្រទេសសិង្ហបុរីនឹងបង្កើនការហោះហើរផងដែរ។ ខណៈសិង្ហបុរីគឺជាច្រកផ្លូវអាកាសដ៏សំខាន់ក្នុងការនាំភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសនានាក្នុងតំបន់ និងសកលលោក ហើយសិង្ហបុរីនឹងក្លាយជាប្រទេសដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជា ដោយសារប្រទេសនេះជាសមាជិកអាស៊ានផង ហើយតភ្ជាប់ជើងហោះហើរមកពីជុំវិញពិភពលោកជាមួយកម្ពុជាផងដែរ។

ជុំវិញការជំរុញជើងហោះហើរបន្ថែមរវាងកម្ពុជានិងសិង្ហបុរី ដើម្បីទាក់ទាញទេសចរអន្តរជាតិនៅពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា វាហាក់នៅមានរយៈពេលយូរនៅឡើយ ដោយមិនទាន់អាចប៉ាន់ស្មានបាននោះទេ ពាក់ព័ន្ធនឹងការជំរុញចំនួនជើងហោះហើរនេះ។ ប៉ុន្តែ ឯកឧត្តមបានសង្កត់ធ្ងន់ថា កាលណាមានតម្រូវការនោះ ប្រាកដណាស់ច្បាស់ជាមានការផ្គត់ផ្គង់បន្ថែមផងដែរ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ឲ្យដឹងដែរថា ជើងហោះហើររវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរីនាពេលបច្ចុប្បន្នមានចំនួន២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនមួយមានការហោះហើរពីសិង្ហបុរីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងមួយសប្តាហ៍មានចំនួន ២១ជើង និងហោះហើរមកអាកាសយានដ្ឋានអន្តរជាតិសៀមរាបក្នុងមួយសប្តាហ៍ មាន៧ ជើង។ ក្រុមហ៊ុនមួយទៀត គឺធ្វើការហោះហើរតែពីសិង្ហបុរីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប៉ុណ្ណោះ ហើយក្នុងមួយសប្តាហ៍ មានការហោះហើរចំនួន៦ជើង។

គួរបញ្ជាក់ថា ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែសកម្មភាពជើងហោះហើរទៅមករវាងកម្ពុជា-សិង្ហបុរីមិនបានបិទទាំងស្រុងនោះទេ គ្រាន់តែកាត់បន្ថយការហោះហើរខ្លះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្អាកនៅខេត្តសៀមរាប ប៉ុន្តែក្រោយពេលអាស៊ានប្រកាសបើកទេសចរណ៍ឡើងវិញ ក្រុមហ៊ុនអាកាសចរសិង្ហបុរីក៏បានចាប់ផ្ដើមហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបឡើងវិញ និងបានបង្កើនការហោះហើរចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញផងដែរ។ ភាពល្អប្រសើរឡើងវិញនេះ ក៏ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ឡើងវិញ ក្នុងនោះមានការបង្កើនជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

សូមជម្រាបថា រយៈពេល៦ខែ ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាមានប្រមាណជាង ៥០ម៉ឺននាក់ និងទេសចរផ្ទៃក្នុងប្រមាណ៦លាននាក់។ កម្ពុជារំពឹងថានឹ ងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងមានប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ស្វាគមន៍មកកាន់សាខាថ្មី លើទឹកដីខណ្ឌពោធិ៍សែនជ័យ អគារសាខាស្តង់ដា របស់ធនាគារ អេស ប៊ី អាយ លី ហួរ

ព័ត៌មាន
សូមស្វាគមន៍មកកាន់អគារសាខាស្តង់ដារបស់ធនាគារ អេស ប៊ី អាយ លី ហួរ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាកម្មហិរញ្ញវត្ថុរបស់អតិថិជន ធនាគារ អេស …

អ្នកជំនាញ៖ កំណើនអតិផរណានៅកម្ពុជា អាចរុញច្រានឲ្យអ្នកមានចំណូលថេរ ឬទាបស្ថិតក្រោមបន្ទាត់ក្រីក្រ

ព័ត៌មាន
ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំការងើបឡើងវិញនៃតម្រូវការក្នុងស្រុក បានជំរុញឲ្យកម្រិតអតិផរណានៅកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ