លោក គីស៊ីដា បានផ្តល់ការណែនាំដល់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្សូ ហាម៉ាដា (Yasukazu Hamada) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក ស្សូនីឈី ស៊ូហ្សូគី (Shunichi Suzuki) កាលពីថ្ងៃចន្ទ ទី ២៨ វិច្ឆិកា ដែលគេកត់សម្គាល់ថា ជាការផ្លាស់ប្តូររបស់ប្រទេសជប៉ុនក្នុងការពង្រីកថវិកាការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មី។
ថវិកានេះនឹងគ្របដណ្តប់លើការផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាអ៊ីនធឺណិត ហេដ្ឋារចនាសម្ព័ន្ធយោធា និងការកែលម្អកងទ័ពឆ្មាំសមុទ្ររបស់ប្រទេសជប៉ុន។ ហើយថវិកាដំបូងសម្រាប់សារពើពន្ធឆ្នាំ ២០២២ មានចំនួន ១% នៃផលិតផលក្នុងស្រុកសរុប ឬប្រមាណជិត ៤០ ពាន់លានដុល្លារ។
មួយវិញទៀត នៅចុងខែធ្នូឆ្នាំនេះ រដ្ឋាភិបាលជប៉ុននឹងសម្រេចទំហំថវិកាការចំណាយ ក៏ដូចជាការធានាធនធានហិរញ្ញវត្ថុសម្រាប់ឧបករណ៍ការពារជាតិក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរគោលនយោបាយសន្តិសុខ។
នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីលោក គីស៊ីដា បានលើកឡើងលើកម្រិតជាក់លាក់នៃការចំណាយលើវិស័យការពារជាតិ។
គួរជម្រាបថា គោលការណ៍ណែនាំទូទៅសម្រាប់ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសជប៉ុនត្រូវបានកំណត់ត្រឹម ១% ឬតិចជាងនេះចាប់តាំងពីឆ្នាំ១៩៧៦ ក្រោមអតីតនាយករដ្ឋមន្រ្តីជប៉ុន តាកែអូ មីគី (Takeo Miki) នាពេលនោះ។ ប៉ុន្តែក្រោយៗមកទៀត គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបាននឹងកំពុងជំរុញឱ្យបង្កើនចំនួននេះដល់ ២% ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យសមាជិកណាតូមួយចំនួនកំណត់ការចំណាយលើវិស័យការពារជាតិរបស់ពួកគេឱ្យកាន់តែខ្ពស់ថែមទៀត។
សសរស្តម្ភសំខាន់នៃថវិកាការពារជាតិថ្មី នឹងត្រូវធ្វើទំនើបកម្មសមត្ថភាពប្រឆាំងការវាយប្រហារ ដូចជាការវាយប្រហារទីតាំងបាញ់មីស៊ីលរបស់គូប្រជែង និងគោលដៅផ្សេងទៀត។ ក្នុងនោះ រដ្ឋាភិបាលជប៉ុននឹងបង្កើនការទិញមីស៊ីលប្រភេទ Tomahawk របស់សហរដ្ឋអាមេរិកផងដែរ។
ទោះយ៉ាងណាក៏ដោយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចក្នុងប្រទេសជប៉ុនសព្វថ្ងៃនេះនៅតែមានទស្សនៈវិស័យប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កើនពន្ធរដ្ឋ ដើម្បីទូទាត់ការចំណាយលើវិស័យការពារជាតិ។ ដូចនេះហើយសំណួរថា តើរដ្ឋាភិបាលជប៉ុននឹងអាចធានាបាននូវប្រភពហិរញ្ញវត្ថុដែលមានស្ថិរភាព ដើម្បីអាចឱ្យការបង្កើនការចំណាយលើវិស័យការពារជាតិរយៈពេលវែងដោយបើចំហរ ឬយ៉ាងណា៕