កញ្ចប់ជំនួយនេះទំនង ជួយបន្ថែមទៅលើការឧបត្ថម្ភធនសម្រាប់សម្រួលដល់តម្លៃប្រេងសាំង សម្រាប់អ្នកចែកចាយប្រេង ក៏ដូចជាមធ្យោបាយផ្សេងទៀត ដើម្បីបន្ធូរបន្ថយសម្ពាធរបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយការកើនឡើងតម្លៃវត្ថុធាតុដើម។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
លោក Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី ២៩ខែមីនា បានប្រាប់ទៅកាន់គណៈរដ្ឋមន្ត្រីរបស់លោក ដោយគូសបញ្ជាក់អំពីបញ្ហាគោលនយោបាយ ដែលប្រទេសជប៉ុន ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមមុខ។ បញ្ហាដែល ជប៉ុនកំពុងប្រឈម និងត្រូវតែទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពនោះ គឺបញ្ហាកើនឡើងតម្លៃប្រេងឥន្ធនៈ វត្ថុធាតុដើម និងផលិតផលចំណីអាហារ ដែលវាកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជនជប៉ុន ខណៈដែលវិបត្តិសង្គ្រាមនៅអ៊ុយក្រែនកំពុងសម្ពាធអតិផរណាកាន់តែខ្លាំងទៅឡើសេដ្ឋកិច្ចពិភពលោកទាំងមូល។ លោក Kishida បានលើកឡើងថា សម្រាប់ពេលនេះ រាជរដ្ឋាភិបាលនឹងទាញយកទុនបំរុងពិសេសដែលត្រៀមទុកសម្រាប់ថវិកាសារពើពន្ធឆ្នាំ ២០២២ ដើម្បីប្រើប្រាស់ជាមូលនិធិដល់វិធានការចំណាយនេះ។
ក្នុងនោះ ទុនបំរុងពិសេសជាង ៤៤ ពាន់លានដុល្លារ ត្រូវបានកំណត់ជាចម្បង សម្រាប់ការចំណាយគ្រាអាសន្ន ដើម្បីទប់ទល់នឹងជំងឺរាតត្បាតកូវីត ១៩។
គួរកត់សម្គាល់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមបានធ្វើឱ្យមានភាពតានតឹងបន្ថែមលើសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ដោយសារជប៉ុនដែលជាប្រទេសខ្វះខាតធនធានថាមពល ពោលគឺពឹងផ្អែកខ្លាំងលើការនាំចូលសម្រាប់តម្រូវការថាមពលរបស់ខ្លួន។
លោក Atsushi Takeda ប្រធានសេដ្ឋកិច្ចវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Itochu បានអះអាងថា ស្ថានភាពសេដ្ឋកិច្ចទំនងជានឹងប្រសើរឡើង ប្រសិនបើមេរោគឆ្លងកូវីត១៩ ត្រូវបានបញ្ចប់។ លោក Takeda បានលើកឡើងថា សម្ពាធនយោបាយសម្រាប់ការចំណាយសារពើពន្ធដ៏ធំត្រូវបានគេរំពឹងថានឹងកើនឡើងនៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅរដូវក្តៅដែលលោក Kishida ត្រូវតែឈ្នះឆ្នោតដើម្បីពង្រឹងការកាន់កាប់អំណាចរបស់លោកនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចបច្ចុប្បន្ន៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន