ជប៉ុន-អាស៊ីអាគ្នេយ៍

នាយករដ្ឋមន្ត្រីជប៉ុនបំពេញទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ស្វែងរកការគាំទ្រទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានមកបំពេញទស្សនកិច្ចមួយជុំតំបន់អាស៊ីអាគ្នេយ៍ចាប់ពីថ្ងៃសុក្រទី២៩មេសាដល់ថ្ងៃទី០១ខែឧសភា មុននឹងបន្តបេសសកម្មទៅតំបន់អឺរ៉ុប។ គោលដៅរបស់ ប្រមុខរដ្ឋាភិបាលទីក្រុងតូក្យូចង់បញ្ចុះបញ្ចូលបណ្តាប្រទេសក្នុងតំបន់មួយនេះ ឲ្យប្រកាន់គោលជំហររួម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនផង និងកៀរគរការគាំទ្រ ទប់ទល់ឥទ្ធិពលរបស់ចិន ដែលកំពុងពង្រីកខ្លួនខ្លាំងឡើងៗនៅក្នុងតំបន់ផង។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបភាព នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida(ឱនគោរពទង់ជាតិ) និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo

នាយក​រដ្ឋមន្ត្រី​ជប៉ុន គី​ហ្សី​ដា បាន​ផ្តើម​ទស្សនកិច្ច​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មេ​សា នៅ​ក្រុង​ចា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ នៅ​ទីនោះ លោក​បាន​ជួប​ពិភាក្សា​ជាមួយ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​នឹង​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ​។

នៅ​ក្នុង​សុន្ទរកថា​រួម​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក​គី​ហ្សី​ដា​បាន​និយាយ​ថា ប្រទេស​ជប៉ុន​នៅ​តែ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​អំពាវនាវ​ឱ្យ​បញ្ឈប់​អរិភាព​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី Joko Widodo បាន​និយាយ​ដែរ​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ត្រូវ​តែ​បញ្ឈប់​។ បើ​តាម​ប្រមុខ​ដឹកនាំ​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ លោក​ក៏​បាន​អញ្ជើញ​ទាំង​មេដឹកនាំ​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី​រួច​ហើយ​ដែរ ឱ្យមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល G20 ក្នុង​ខែវិច្ឆិកា​ខាង​មុខ បើ​ទោះបីជា​មាន​សម្ពាធ​ពី​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន ដើម្បី​ឲ្យ​ដក​រុ​ស្ស៊ី​ចេញ​ក៏​ដោយ​។

ក្រោយ​បញ្ចប់​បេស​សកម្ម​នៅ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​សុក្រ លោក​គី​ហ្សី​ដា បាន​ទៅ​ដល់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សៅរ៍​ទី​៣០​មេ​សា រួច​បន្តដំណើរ​កាលពី​ថ្ងៃ​ទី​០១​ឧសភា​ទៅ​ប្រទេស​ថៃ​។ ថៃ​ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហៅ​កាត់​ថា APEC ក្នុង​ឆ្នាំ​២០២២​នេះ​ផង​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​រំលឹក​ប្រាប់​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ម្តង​ហើយ​ម្តងទៀត​ថា ការ​ដែល​រុ​ស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ជា​ការ​រំលោភច្បាប់​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​។ លោក​គី​ហ្សី​ដា​ចាត់​ទុក សង្គ្រាម​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ថា​បាន​ធ្វើ​ឱ្យ​ខូចខាត​សណ្តាប់ធ្នាប់​អន្តរជាតិ និង​ជា​រឿង​មិន​អាច​ទទួលយក​បាន​ទេ​។ លោក​បាន​ឆ្លៀត​លើកយក​ប្រទេស​ចិន មក​និយាយ​ថា បាន​ដាក់​សម្ពាធ​លើ​ប្រទេស​ក្នុង​តំបន់​ផង​ដែរ តាម​រយៈ​សំណុំរឿង​ជម្លោះដែនសមុទ្រ និង​សំណុំរឿង​កោះ​តៃវ៉ាន់​ជាដើម​។

ក្នុង​នាម​ជា​ប្រទេស​អាស៊ី​តែ​មួយ​គត់ ដែល​ជា​សមាជិក​របស់​ក្រុម​ប្រទេស​មហាអំណាច​ទាំង​ពីរ ឬ G7 ជប៉ុន​សង្ឃឹមថា នឹង​អាច​រៀបចំ​កិច្ច​ពិភាក្សា​ស្តី​ពី​សង្គ្រាម​លើ​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​បង្រួបបង្រួម​ជំហរ​របស់​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ឲ្យ​ឆ្លើយ​តប​ដូច​គ្នា​ទៅ​នឹង​ប្រតិបត្តិការ​ឈ្លានពាន​របស់​រុ​ស្ស៊ី ។ ជាក់ស្តែង មក​ទល់​នឹង​ពេល​នេះ ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់ មាន​តែ​មួយ​សិង្ហ​បុរី​មួយ​គត់​ដែល​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ម៉ូ​ស្គូ​។

សូម​ជម្រាប​ថា ដំណើរ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​បែប​នេះ គឺ​ស្ថិត​ក្រោម​កម្មវត្ថុ​តែ​មួយ​ប៉ុណ្ណោះ ពោល​គឺ​តូ​ក្យូ​ចង់​ជំរុញ​ឱ្យ​មេដឹកនាំ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដកខ្លួន​ចេញពី​គោលការណ៍ អ​ព្យា​ក្រិ​ត្យ​ភាព​មិន​ចូលបក្ស​សម្ព័ន្ធ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា ជប៉ុន ស្វែងរក​ការ​បង្កើត​សមរភូមិ​រួម​នៅ​អាស៊ី​អាគ្នេយ៍​ប្រឆាំង​រុ​ស្ស៊ី និង​ចិន​នោះ​ទេ​។ ជប៉ុន​ចង់ឱ្យ​តែ​ប្រទេស​ទាំង​អស់នេះ មាន​ទស្សនវិស័យ ព្រម​គាំទ្រ​ជំហរ​នយោបាយ​សន្តិសុខ​រួម ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក បើកចំហ មាន​សេរីភាព និង​អាច​ធ្វើ​នាវាចរ​បាន​ដោយ​សេរី​។

គួរ​បញ្ជាក់​ថា នៅ​ចុងខែ​ឧសភា​នេះ​ជប៉ុន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​ពិភាក្សា​សម្ព័ន្ធមិត្ត ខ្វ​ត (Quad) ស្តី​ពី​សន្តិសុខ​ក្នុង​តំបន់ ដែល​លោក​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden មេដឹកនាំ​អូស្ត្រាលី និង​ឥណ្ឌា​ក៏​នឹង​បង្ហាញ​វត្ត​មាននៅ​ទីនោះ​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អាមេរិក និងអង់គ្លេសបើកកិច្ចពិភាក្សាកំពូលរួមគ្នាមួយ ស្ដីអំពីហានិភ័យកំពុងកើនឡើងខ្លាំងនៅកោះតៃវ៉ាន់

សហរដ្ឋអាមេរិកបានជួបពិភាក្សាថ្នាក់កំពូលជាមួយចក្រភពអង់គ្លេស អំពីការសហការកាន់តែជិតស្និទ្ធ ដើម្បីកាត់បន្ថយឱកាសនៃការកើតមានសង្គ្រាមវាយប្រហារពី…

អ៊ុយក្រែនប្រកាសបិទកំពង់ផែសមុទ្រ ខណៈស្បៀងជាគ្រាប់ធញ្ញជាតិរាប់សិបលានតោនត្រូវបានបាត់បង់

ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ ទី ២ឧសភា បានប្រកាសបិទកំពង់ផែសមុទ្ររបស់ខ្លួនខ្លួនចំនួន៤ជាផ្លូវការ ក្រោយពេលដែលកំពង់ផែទាំងនេះ ត្រូវបានដណ្ដើមកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ