ក្រោយជួបគ្រោះរញ្ជួយដីដ៏ខ្លាំងជាមួយកម្លាំងរញ្ជួយ៧,៦វ៉ិចទ័រដែលបានបង្កការខូចខាតដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងមនុស្សជាច្រើននាក់បាត់បង់ជីវិតមិនទាន់បានមួយថ្ងៃស្រួលបួលផង ជប៉ុនក៏ជួបគ្រោះថ្នាក់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀត នោះគឺយន្តហោះដឹកអ្នកដំណើរបុកគ្នាបណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
គ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលមានកម្លាំងរញ្ជួយ៧,៦វ៉ិចទ័របានកើតឡើងនៅម៉ោងប្រមាណ៤រសៀលម៉ោងក្នុងស្រុក កាលពីថ្ងៃច័ន្ទ ទី១ ខែមករា ជិតសមុទ្រជប៉ុន ក្នុងតំបន់អ៊ីស៊ីកាវ៉ា (Ishikawa) ប្រទេសជប៉ុន បណ្ដាលឱ្យមនុស្សបាត់បង់ជីវិតយ៉ាងតិច៥៥នាក់ ខណៈក្រុមជួយសង្គ្រោះកំពុងស្វះស្វែងរុករកជនរងគ្រោះជាច្រើនទៀត ដែលគេបារម្ភថា អាចជាប់នៅក្រោមគំនរបាក់បែក នៃផ្ទះជាច្រើនពាន់ខ្នង ដែលត្រូវបានបំផ្លាញក្នុងគ្រោះរញ្ជួយដីនេះ។
គ្រោះរញ្ជួយដីនេះកើតឡើងមិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែនៅថ្ងៃអង្គារ ទី២ ខែមករា វេលាម៉ោងប្រមាណ៥ និង៥០នាទីល្ងាចម៉ោងក្នុងស្រុក យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ចាភែន អ៊ែរឡាញ (Japan Airlines) បានជួបគ្រោះថ្នាក់បុកគ្នាជាមួយយន្តហោះមួយគ្រឿងទៀតរបស់ឆ្មាំសមុទ្រជប៉ុន ក្នុងពេលចុះចតនៅអាកាសយានដ្ឋានហាណេដា (Haneda Airport) ក្នុងទីក្រុងតូក្យូ បណ្ដាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ អ្នកដំណើរទាំង៣៦៧នាក់ និងអាកាសយានិកទាំង១២នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ចាភែន អ៊ែរឡាញ (Japan Airlines) បានរត់ចេញពីយន្តហោះទាន់ពេលវេលា ដោយបណ្ដាលឱ្យមនុស្សតែ១៤នាក់រងរបួស ប៉ុន្តែគ្មានអ្នកស្លាប់។
ទោះជាយ៉ាងណា នៅលើយន្តហោះឆ្មាំសមុទ្រជប៉ុន ដែលស្ថិតក្នុងបេសកកម្មដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់ឆ្នេរសមុទ្រជប៉ុន នានា ដែលរងគ្រោះដោយគ្រោះរញ្ជួយដីកម្លាំង៧,៦វ៉ិចទ័រខាងលើនេះ មាន៥នាក់ក្នុងចំណោមអាកាសយានិក៦នាក់បានបាត់បង់ជីវិត ខណៈកាពីទែនយន្តហោះនេះរងរបួសធ្ងន់។
ទីភ្នាក់ងារឧតុនិយមជប៉ុនដំបូងឡើយបានចេញការព្រមានថា គ្រោះរញ្ជួយដីនេះអាចនឹងបង្ករលកយក្សស៊ូណាម៉ិ ដ៏ធំ ហើយបានជម្លៀសមនុស្សជិត១០ម៉ឺននាក់ទៅកាន់ទីទួលមានសុវត្ថិភាពដូចជានៅតាមសាលកីឡា និងសាលារៀនជាដើម។
ប៉ុន្តែក្រោយមក ទីភ្នាក់ងារឧតុនិយមជប៉ុន បានសម្រាលការព្រមាននេះវិញ នៅពេលគ្រោះរញ្ជួយដីនេះបានបង្កឱ្យទឹករលកនៅតាមបណ្ដោយឆ្នេរសមុទ្រភាគខាងលិចរបស់ជប៉ុន និងឆ្នេរសមុទ្ររបស់កូរ៉េខាងត្បូង ក្បែរខាងមានកម្ពស់ត្រឹមតែប្រមាណ១ម៉ែត្រ។ គ្រោះរញ្ជូយដីនេះក៏បានបង្កការរញ្ជូយដល់ទីក្រុងតូក្យូ ដែលមានចម្ងាយពីគ្នាប្រមាណ៣០០គីឡូម៉ែត្រផងដែរ។
ក្រៅពីបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋរួមមានរថយន្តជាដើម គ្រោះរញ្ជួយដីនេះក៏បានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ ដែលធ្វើឱ្យរាំងស្ទះដល់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្សេងៗទៀត ខណៈអាជីវកម្មតូចធំនានាត្រូវបិទទ្វារជាបណ្ដោះអាសន្ន។
តួយ៉ាង នៅក្នុងទីក្រុងស៊ូហ្ស៊ុ (Suzu) ជាទីក្រុងតូចមួយស្ថិតក្នុងតំបន់អ៊ីស៊ីកាវ៉ា (Ishikawa) ដែលមានប្រជាជនត្រឹមតែជាង៥ពាន់គ្រួសារ នៅក្បែរចំណុចកណ្ដាលនៃការរញ្ជួយដីនេះ ផ្ទះចំនួន៩០%ត្រូវបានបំផ្លិចបំផ្លាញ។ នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក ម៉ាស៊ូហ៊ីរ៉ុ អ៊ីហ្ស៊ូមីយ៉ា (Masuhiro Izumiya) ដែលជាចៅហ្វាយក្រុងនេះ។
ទោះជាយ៉ាងណា រហូតមកទល់នឹងថ្ងៃពុធ ទី៣ ខែមករា នេះមិនទាន់មានការបញ្ជាក់ពីទំហំនៃការខូចខាតសរុបដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះនៅឡើយទេ ខណៈរដ្ឋាភិបាលជប៉ុន កំពុងបន្តស្វះស្វែងរុករកជនរងគ្រោះ។
សូមរំឭកថា ប្រទេសជប៉ុន ធ្លាប់ជួបគ្រោះរញ្ជួយដីក៏កំណាចមួយជាមួយកម្លាំងរញ្ជួយ៩,១វ៉ិចទ័រក្នុងឆ្នាំ២០១១ ដោយបង្កជារលកយក្សស៊ូណាម៉ិដែលបានផ្ដាច់ជីវិតមនុស្សជិត២ម៉ឺននាក់ ហើយក៏បានបណ្ដាលឱ្យផ្ទុះរោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ា (Fukushima) ផងដែរ។ គ្រោះរញ្ជួយដីក្នុងឆ្នាំ២០១១ នេះត្រូវបានគេជឿថា បង្កការខូចខាតសរុបរហូតដល់ទៅ២២០ពាន់លានដុល្លារ៕
ដោយ: តែម សុខុម