នៅក្នុងឱកាសជួបសម្ដែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញឱកាសវិនិយោគបន្ថែមនៅកម្ពុជាសំដៅជួយពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរឱ្យតែល្អប្រសើរបន្ថែមទៀត។ ថ្នាក់ដឹកនាំរូបនេះបានបន្តថា រុស្ស៊ីមានផែនការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានស្រាប់ដូចជាផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មានជាដើម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគោលបំណងពង្រីកការវិនិយោគរបស់រុស្ស៊ី និងបានអរគុណដល់ភាគីរុស្សីផងដែរ ចំពោះការជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា លើការស្តារកសាងប្រទេសឡើងវិញនាពេលកន្លងមក ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ីតែម្ដង។ ជារួមកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានផ្តោតផងដែរ លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀតដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
ដោយឡែកនៅថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានជួបពិភាក្សាជាមួយនាយកក្រុមហ៊ុន មីនីបៀ លើបញ្ហាផ្សេងៗ និងវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀនៅកម្ពុជាផងដែរ។ នៅក្នុងជំនួបនោះ លោក យ៉ូស៊ីហ៊ីសា បានបង្ហាញពីភាពរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយជាក្រុមហ៊ុនបៃតង និងអព្យាក្រឹត្យកាបូនតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល ជំរុញការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលសន្សំសំចៃថាមពល។ ជាមួយគ្នានេះលោកក៏បានបង្ហាញពីផែនការក្នុងបង្កើតរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីបន្ថែមនៅកម្ពុជាផងដែរ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន មីនីបៀ នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះក្រុមនេះក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដាល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត។
សូមបញ្ជាក់ថា ក្រុមហ៊ុន មីនីបៀ បានចាប់ផ្តើមបោះទុនវិនិយោគដំបូងនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ត្រឹម ២៣លានដុល្លារប៉ុណ្ណោះ រហូតបច្ចុប្បន្នបានកើនដល់៦០០លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគបន្ថែមនេះបានសបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនមានទំនុកចិត្តចំពោះស្ថិរភាព និងស្ថានភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញានឹងបន្តជួយគាំទ្រដល់ការវិនិយោគរបស់ក្រុមហ៊ុននេះ ដ្បិតថា ភាពជោគជ័យរបស់ក្រុមហ៊ុន មីនីបៀ ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា៕