នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីសម្រេចលើកិច្ចព្រមព្រៀងកម្មវិធីអភិវឌ្ឍន៍មីស៊ីលស្ទាក់ចាប់នេះ នៅថ្ងៃសុក្រសប្តាហ៍នេះ ជាពេលដែលមេដឹកនាំទាំងពីរក៏នឹងមានជំនួបកំពូលត្រីភាគីនៅឧទ្យានប្រធានាធិបតីអាមេរិក Camp David ជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ផងដែរ។
តើអ្វីទៅជាមីស៊ីលដែលមានល្បឿនលឿនជាងសម្លេង? គឺជាប្រភេទមីស៊ីលម្យ៉ាងដែលអាចហោះក្នុងរយៈកម្ពស់ទាបក្នុងបរិយាកាស ក្នុងល្បឿនលឿនជាងសំឡេងប្រហែលប្រាំដង។ មីស៊ីលនេះអាចផ្លាស់ប្តូរគន្លងនៃការហោះហើរ ដូចជានៅពេលដែលក្បាលគ្រាប់បែកចេញពីគ្នាបន្ទាប់ពីការបាញ់ចេញ ហើយធ្លាក់ក្នុងរាងមុំចោតនៅពេលវាហោះចូលទៅជិតគោលដៅ។ ជាការពិត មីស៊ីលប្រភេទនេះគឺពិបាកក្នុងការចាប់សញ្ញាបាន ជាងមីស៊ីលប៉ាឡេស្ទិកដែលហោះក្នុងរាងប៉ារ៉ាបូល ពោលគឺហោះត្រង់ឡើងទៅលើក្នុងរយៈកម្ពស់ខ្ពស់មុននឹងធ្លាក់មកផ្ទៃដីនៃទីតាំងគោលដៅវិញ។ អ្នកជំនាញខ្លះជឿថា មីស៊ីលលឿនជាងសម្លេង អាចស្ទាក់ចាប់បាន លុះត្រាតែវាហោះជិតដល់ចំណុចគោលដៅ ឬគោលដៅបំផ្ទុះ។
ប្រព័ន្ធមីស៊ីលរបស់ជប៉ុនបច្ចុប្បន្នដូចជា SM-3 ដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមកពីដែនសមុទ្រ និងPatriot PAC-3 ការពារពីដីទៅអាកាស គឺមិនអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ឆ្លើយតបប្រឆាំងទប់ទល់នឹងមីស៊ីលលឿនជាងសម្លេងបានឡើយ។ ដូចនេះហើយ ប្រទេសទាំងពីរគឺជប៉ុន និងសហរដ្ឋអាមេរិកមានបំណងបង្កើតឱ្យមានឧបករណ៍ស្ទាក់ចាប់ថ្មី ដែលមានសមត្ថភាពស្ទាក់ចាប់មីស៊ីល hypersonic ដែលហោះក្នុងល្បឿនលឿនក្នុងគន្លងកម្ពស់ទាបបាន។ ប្រសិនបើវាត្រូវបានអភិវឌ្ឍមែននោះ វាត្រូវបានគេរំពឹងថានឹងអាចស្ទាក់ចាប់មីស៊ីលលឿនជាងសម្លេង មុនវាហោះទៅគោលដៅបំផ្ទុះ។
ក្នុងនោះដែរ សម្ព័ន្ធមិត្តទាំងពីរក៏នឹងបង្កើត «តារាផ្កាយរណប» ដែលដំណើរការទិន្នន័យពីផ្កាយរណបជាច្រើនសម្រាប់ផ្តល់នូវភាពត្រឹមត្រូវខ្ពស់ និងចាប់សញ្ញាបានមុនភា្លមៗ។ ការធ្វើនេះគឺដើម្បីធ្វើឱ្យប្រសើរឡើងលើប្រព័ន្ធចាប់សញ្ញា និងតានដានពីលើលំហរអាកាស ព្រោះថាមីស៊ីលដែលហោះក្នុងរយៈកម្ពស់ទាបដូច hypersonic កឺពិបាកសម្រាប់រ៉ាដាលើដី ក្នុងការចាប់សញ្ញាពីចម្ងាយ។ បច្ចុប្បន្ន ចិន រុស្ស៊ី និងកូរ៉េខាងជើងបានជោគជ័យអភិវឌ្ឍន៍មីស៊ីលប្រភេទនេះបន្តបន្ទាប់គ្នា និងត្រូវបានគេព្រួយបារម្ភថា វាអាចត្រូវបានគេយកទៅបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក៏ថាបាន៕