ដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩ នៅតែបន្ដកើតមាននៅក្នុងប្រទេសជប៉ុន រាជរដ្ឋាភិបាលប្រទេសនេះ នឹងបែងចែកកញ្ចប់ថវិកាប្រមាណជាង៤៨ពាន់លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ជាមូលនិធិបម្រុង ដែលនឹងត្រូវចំណាយលើការខិតខំប្រឹងប្រែងនាពេលខាងមុខ ដើម្បីដោះស្រាយបញ្ហាមេរោគរាតត្បាតកូវីដ-១៩នេះ។
ការចំណាយផ្នែកសន្ដិសុខសង្គម នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតប្រហែល ៣៤៨ ពាន់លានដុល្លារ ដោយសារតែជប៉ុនមានចំនួនប្រជាជនវ័យចំណាស់ច្រើន បានធ្វើឲ្យការចំណាយថែទាំសុខភាព និងចំណាយសោធននិវត្តន៍មានការកើនឡើង។
ប្រាក់ចំណូលពន្ធរបស់ជប៉ុន ដែលបានកើនឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះដោយសារតែក្រុមហ៊ុនរកចំណូលបានច្រើន គួបផ្សំនឹងការដំឡើងពន្ធ ដែលសរុបទៅចំណូលពន្ធរបស់ជប៉ុន ត្រូវបានប៉ាន់ប្រមាណថា មានជាង ៥៥៥ ពាន់លានដុល្លារអាមេរិក។
នៅក្នុងកញ្ចប់ថវិកាដែលបានអនុម័តសម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ គឺមានជិត៤១% នឹងត្រូវផ្ដល់មូលនិធិ ដោយប្រាក់បំណុល ធៀបនឹងឆ្នាំកន្លងមូលនិធិជាប្រាក់បំណុលនេះមានជិត ៣២%។ ទំហំនេះ អាចនឹងមានកាន់តែធំថែមទៀត ប្រសិនបើលោកនាយករដ្ឋមន្ត្រីជប៉ុន សម្រេចចិត្តចាត់វិធានការបន្ថែមទៀត ដើម្បីប្រឆាំងនឹងមេរោគរាតត្បាត ដោយការបន្ថែមនូវថវិកា។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្គា កាលពីថ្ងៃទី ២១ ខែធ្នូ បានបដិសេធចំពោះការទាមទារឲ្យមានការដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន បើទោះបីជាចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះបានកើនឡើងដល់ប្រមាណ ២០ម៉ឺននាក់ទៅហើយក្ដី។ អ្នកជំនាញផ្នែកសុខាភិបាលជប៉ុនបានព្រមានដែរថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងតែមានភាពតានតឹងហើយ។
រាជរដ្ឋាភិបាលជប៉ុន ក៏មានកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់ការទិញវ៉ាក់សាំងពីក្រុមហ៊ុនទាំងពីរនេះ ក្នុងមួយក្រុមហ៊ុនចំនួន ១២០លានដូស ដើម្បីចាក់ជូនប្រជាជន ១២៦ លាននាក់ ទន្ទឹមនឹងគ្នានេះ ប្រទេសជប៉ុនក៏មានកិច្ចសន្យាទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក Moderna ចំនួន ៥០លានដូសផងដែរ៕