កាសែតជប៉ុន Sankei បានរាយការណ៍ដោយដកស្រង់ប្រភពជាច្រើនរបស់រដ្ឋាភិបាលថា ជំនួបទ្វេភាគីរវាងកំពូលមេដឹកនាំចិន និងជប៉ុននេះ នឹងត្រូវធ្វើឡើងស្របពេលជាមួយសន្និសីទអន្តរជាតិមួយ ដែលនឹងត្រូវធ្វើឡើងនៅតំបន់អាស៊ីអាគ្នេយ៍។
គេនៅចាំបានថា កិច្ចប្រជុំកំពូលចិន-ជប៉ុនដោយផ្ទាល់ចុងក្រោយបង្អស់គឺនៅឆ្នាំ២០១៩ជាពេលដែលលោកលោក ស៊ី បានជួបជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្សូ អាបេ (Shinzo Abe) ក្នុងទីក្រុងប៉េកាំង ហើយកាលពីឆ្នាំ២០២០លោក ស៊ី ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ ប៉ុន្តែដំណើរនោះត្រូវបានពន្យារពេលដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។
ប្រធានខុទ្ទកាល័យរបស់រដ្ឋាភិបាលជប៉ុនលោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាតស៊ុណូ (Hirokazu Matsuno) បានប្រាប់សន្និសីទព័ត៌មានជាប្រចាំមួយថា មកដល់ពេលនេះ មិនទាន់មានការសម្រេចចិត្តច្បាស់លាស់នៅឡើយទេ សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រទេសចិននេះ ប៉ុន្តែថា វាមានសារៈសំខាន់ក្នុងការរក្សាការសន្ទនានៅកម្រិតផ្សេងៗ។
លោក ម៉ាតស៊ុណូ បាននិយាយថា តាមរយៈការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរនេះប្រទេសជប៉ុនមានបំណងកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន ដែលក្នុងនោះរួមទាំងការរក្សាការសន្ទនាយ៉ាងរឹងមាំ និងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាប្រឈមរួមមួយចំនួនផងដែរ។
កិច្ចប្រជុំរវាងលោក ស៊ី និងលោក គីស៊ីដា នេះអាចនឹងធ្វើនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០ នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឬក៏អាចនឹងធ្វើនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំនៃបណ្តាប្រទេសនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកានៅរដ្ឋធានីបាងកកប្រទេសថៃ។ នេះបើតាមការសែត Sankei៕
អត្ថបទ៖ សុខ ជា