ភាពស្រេកឃ្លានសម្រាប់អាជីវកម្មរបស់ជប៉ុនក្នុងការបង្កើនប្រតិបត្តិការដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាមួយនឹងសហរដ្ឋអាមេរិកបានចោលស្រមោលដ៏អាក្រក់ទៅលើទំនាក់ទំនងរវាងប្រទេសជប៉ុន និងចិន។
ការស្ទង់មតិប្រចាំឆ្នាំដោយអង្គការពាណិជ្ជកម្មខាងក្រៅរបស់ជប៉ុន ដែលជាទីភ្នាក់ងារលើកកម្ពស់ការនាំចេញពាក់កណ្តាលរដ្ឋាភិបាលបានបង្ហាញថា ចំនួនជិត២៨% នៃក្រុមហ៊ុនជប៉ុនចំនួន៧១០ក្រុមហ៊ុនបាននិយាយថា ពួកគេគ្រោងនឹងពង្រីកប្រតិបត្តិការនៅក្នុងប្រទេសចិនក្នុងរយៈពេលមួយឆ្នាំ ឬ២ឆ្នាំខាងមុខទៀត។ តួលេខនេះបានធ្លាក់ចុះទាបជាងកាលពីឆ្នាំ២០២២ ដែលមានអត្រាជាង៣៣% និងទាបជាងឆ្នាំ២០២១ ដែលមានអត្រាជិត៤១%។
ក្រុមហ៊ុនប្រហែល៣១បានចាត់ទុកការធ្លាក់ចុះនេះថា គឺបណ្ដាលមកពីភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងការធ្លាក់ចុះទីផ្សារខណៈក្រុមហ៊ុន១៥ទៀតបានទម្លាក់កំហុសទៅលើការធ្លាក់ចុះនូវការលក់រថយន្តជប៉ុនក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏កំពូលនៅក្នុងពិភពលោក។
ក្រុមហ៊ុនរថយន្តជប៉ុនមួយចំនួនក៏ដូចជាក្រុមហ៊ុនបរទេសដទៃទៀតដែរ កំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាការកើនឡើងនូវអ្នកប្រកួតប្រជែងក្នុងស្រុកនៅប្រទេសចិន ការពេញនិយមរថយន្តអគ្គិសនី និងការប្រកួតប្រជែងតម្លៃ ដែលកំពុងកើនឡើង។
ចំណែកក្រុមហ៊ុន៧ទៀតបានកត់សម្គាល់ពីការកើនឡើងនូវហានិភ័យភូមិសាស្ត្រនយោបាយ ដោយសារទំនាក់ទំនងទ្វេភាគី ដែលកម្រនឹងចុះសម្រុងគ្នាបានតានតឹងយ៉ាងខ្លាំងជាពិសេសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះតែម្ដង។
ហើយគោលដៅដែលក្រុមហ៊ុនផលិតរបស់ជប៉ុនជាច្រើនកំពុងតែប្ដូរការវិនិយោគមូលធនរបស់ពួកគេនៅពេលនេះគឺនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌា និងតំបន់អាមេរិកខាងជើង ដែលជាផ្នែកមួយ នៃនិន្នាការឆ្ពោះទៅរកការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់ក្រៅពីប្រទេសចិន។
ជាក់ស្ដែងក្រុមហ៊ុន ក្យូសេរ៉ា (Kyocera) នឹងបង្កើនការផលិតឧបករណ៍ដែលប្រើក្នុងស្មាតហ្វូន និងរថយន្តអគ្គិសនីនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសថៃ ដោយក្រុមហ៊ុនគ្រោងនឹងវិនិយោគរហូតដល់ជិត៧០០លានដុល្លារនៅក្នុងរោងចក្រនេះក្នុងរយៈពេល៣ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំសារពើពន្ធ២០២៣ ដើម្បីធ្វើឱ្យវាក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់ ដែលអាចនាំចេញផលិតផលទាំងទៅសហរដ្ឋអាមេរិក និងចិន។
លោក Koichi Kano នាយកក្រុមហ៊ុនអេឡិចត្រូនិក Kyocera បាននិយាយថា ក្នុងចំណោមបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ស្ថានភាពនយោបាយរបស់ប្រទេសថៃមានស្ថិរភាព ហើយធនធានមនុស្សមានភាពងាយស្រួលក្នុងការងារផងដែរ។ ទន្ទឹមនឹងនេះ ការវិនិយោគផ្ទាល់របស់ជប៉ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះជិត៦% នៅក្នុងឆ្នាំ ២០២២ ដែលបានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធរបស់ប្រទេសចិនរួមទាំងការកើនឡើងនូវថ្លៃឈ្នួលកម្លាំងពលកម្ម ក៏ដូចជាការកើនឡើងនូវហានិភ័យភូមិសាស្ត្រនយោបាយដូចជាការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសចិនជាដើម៕
អត្ថបទ៖ សុខ ជា