យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ពុំទាន់មានស្ថិរភាពល្អប្រសើរនៅឡើយទេ បើទោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ខេមបូណូមីសថា រោងចក្របកគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របស់ក្រុមហ៊ុន Mirath Agri Tech ដែលស្ថិតនៅក្រោមក្រុមហ៊ុនមេ MIRATh holding របស់ជប៉ុន កំពុងស្ថិតក្នុងដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខ។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈវត្តមានរបស់ក្រុមហ៊ុនបរទេសវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ វានឹងជួយលើកកម្ពស់ផលិតកម្មស្វាយចន្ទីនៅក្នុងស្រុក ក៏ដូចជាការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា ឱ្យមានកំណើនល្អប្រសើរបន្ថែមទៀត។
បើតាមការឱ្យដឹងពីលោក អួន ស៊ីឡុត ក្រៅពីរោងចក្របកគ្រាប់ស្វាយចន្ទី កម្ពុជាក៏មានក្រុមហ៊ុនកែច្នៃគាបសម្បកគ្រាប់ស្វាយចន្ទី យកប្រេងផលិតជាម៉ាស៊ូត ឬជីវៈឥន្ធនៈ ចំនួន២ផងដែរ ដែលវិនិយោគដោយ ក្រុមហ៊ុន MIRATh holding និងក្រុមហ៊ុន CSNC ដែលត្រូវការសម្បកគ្រាប់ស្វាយចន្ទីរាប់ពាន់តោន ដើម្បីបម្រើឱ្យខ្សែច្រវាក់ផលិតកម្ម។
ទោះបីមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក៏ដោយ តែសម្រាប់ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះកត់សម្គាល់ឃើញថា តម្លៃគ្រាប់ស្វាយចន្ទីនៅពុំទាន់មានស្ថិរភាពនៅឡើយទេ ដោយសារតែវត្តមានរោងចក្រកែច្នៃនៅកម្ពុជាមានចំនួនតិចពេក ដែលទាមទារឱ្យមានការបង្កើតរោងចក្រធុនមធ្យយ៉ាងតិច៣០បន្ថែមទៀត ទើបអាចធានាស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទីបាន។
បច្ចុប្បន្នកម្ពុជា មានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២ ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ។
តាមទិន្ន័យពីសមាគមនស្វាយចន្ទីកម្ពុជា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំស្វាយចន្ទីប្រមាណ៧០ម៉ឺនហិកតាប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២១ មានប្រមាណ៨០ម៉ឺនហិកតា។ការថយចុះនេះ គឺដោយសារតែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។តាមទិន្នន័យដដែល នៅពេញមួយឆ្នាំ២០២៣ ការនាំចេញគ្រាប់ស្វាយចន្ទីររបស់កម្ពុជា សម្រេចបានជាង៦៥ម៉ឺន៦ពាន់តោន ថយចុះជាង៧% គិតជាប្រាក់មានទំហំជាង៨០០លានដុល្លារ ថយចុះជិត១៧% បើធៀបនឹងឆ្នាំ២០២២៕