កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីការទូតកំពូល នៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបប្រជុំជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំមកនេះ ដោយបានព្រមព្រៀងលើកយកផែនការដែលត្រូវបានផ្អាកមកជជែកគ្នាឡើងវិញក្នុងជំនួបកំពូល។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអំពាវនាវឱ្យប្រទេសនានាចាប់ផ្តើម ការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ត្រីភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីពួកគេបានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើពាណិជ្ជកម្មបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មី។
លោក ចាយ៉ាន មេណុន (Jayant Menon) អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវឈានមុខគេ ហៅកាត់ថា អាយស៊ីស (ISEAS) មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា បណ្ដាវិនិយោគិនជប៉ុន និងកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានៅក្នុងការធ្វើឱ្យមានតុល្យភាពប្រកបដោយប្រសិទ្ធភាពរវាងពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយ។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នៅតែជាដៃគូពាណិជ្ជកម្ម និងជាអ្នកវិនិយោគដ៏សំខាន់នៅក្នុងប្រទេសចិន បើទោះបីជាប្រទេសទាំងពីរ បានប្ដូរទិសដៅនាំចេញ ដោយងាកចេញពីប្រទេសចិននៅប៉ុន្មានឆ្នាំមកនេះដោយសារថ្លៃដើមកើនឡើងយ៉ាងណាក្ដី។
ក្រុមហ៊ុនបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងកូរ៉េខាងត្បូង នៅតែជាគោលដៅដ៏សំខាន់សម្រាប់រដ្ឋបាលមូលដ្ឋានមួយចំនួនរបស់ប្រទេសចិន ដែលសង្ឃឹមថា នឹងអាចទាញយកផលប្រយោជន៍ពីទំនាក់ទំនងភូមិសាស្ត្រនយោបាយ និងជាប្រវត្តិសាស្ត្រ ដើម្បីស្វែងរកឱកាសវិនិយោគបរទេសថ្មីៗ។
ទោះជាយ៉ាងណា ការកើនឡើងនូវសម្ពាធនៅក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មដោយងាកចេញពីប្រទេសចិន ក៏ដូចជាទស្សនវិស័យសេដ្ឋកិច្ចទន់ខ្សោយ ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យបណ្ដាក្រុមហ៊ុនជប៉ុន និងកូរ៉េខាងត្បូងមានការរារែកចិត្ត។
បើយោងតាមក្រសួងហិរញ្ញវត្ថុជប៉ុន ការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៣ បានឈានដល់ប្រមាណ២៨ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះខ្លាំងបើធៀបនឹងទំហំវិនិយោគប្រមាណ៦៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
ដោយឡែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បួង បានឱ្យដឹងថា ការវិនិយោគរបស់កូរ៉េខាងត្បូង នៅក្នុងប្រទេសចិន នៅឆមាសទី១ ឆ្នាំ២០២៣ បានធ្លាក់ចុះខ្លាំងរហូតជាង៧៧%មកនៅត្រឹមជាង១ពាន់លានដុល្លារអាម៉េរិក។
ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏បានព្យាយាមរារាំងប្រទេសចិនធ្វើយ៉ាងណាមិនឱ្យមហាយក្សអាស៊ីមួយនេះមានសមត្ថភាពខ្លាំងផ្នែកបច្ចេកវិទ្យា តាមរយៈការទប់ស្កាត់ការនាំចេញបន្ទះឈីប AI និងឧបករណ៍ ផលិតបន្ទះឈីបផ្សេងៗទៀត។ ដូចនេះសំណួរដ៏សំខាន់មួយត្រូវបានចោទឡើងថា តើក្រុងប៉េកាំង មានសមត្ថភាពអាចស្វែងរកចំណុចរួមមួយលើពាណិជ្ជកម្មជាមួយប្រទេសទាំងពីរខាងលើបានដែរ ឬយ៉ាងណា៕
ដោយ: តែម សុខុម