ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកខ្ឋាតយក្សរបស់ជប៉ុន Minebea Mitsumi ដែលកំពុងប្រតិបត្តិការអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នឹងបើកការដ្ឋានសាងសង់រោងចក្រទីពីររបស់ខ្លួននៅស្រុកក្រគរ ខេត្តពោធិ៍សាត់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ រោងចក្រដែលមានតម្លៃវិនិយោគជាង៦៥០លានដុល្លារអាម៉េរិកនេះ គ្រោងអភិវឌ្ឍន៍លើផ្ទៃដី៥០ហិកតា ដែលអាចផ្តល់ការងារជូនយុវជន និងយុវនារីរាប់ពាន់កន្លែង។ ហេតុអ្វីក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះសម្រេចបើករោងចក្រទីពីររបស់ខ្លួននៅកម្ពុជា?
ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា កត្តាដែលជំរុញឱ្យក្រុមហ៊ុននេះដកប្រតិបត្តិការរបស់ខ្លួនមួយចំនួនចេញពីប្រទេសសិង្ហបុរីមកបើករោងចក្រទីពីរនៅកម្ពុជា គឺដោយសារពួកគេមើលឃើញពីសក្តានុពល នៃការគាំទ្ររបស់ថាមពលអគ្គិសនី ដែលបច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានការទាក់ទាញលើវិស័យថាមពល។ តែយ៉ាងណានេះគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗជាច្រើនទៀតដែលកម្ពុជាមានប៉ុណ្ណោះ ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគថ្មីដែលផ្តល់ការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងប្រព័ន្ធអនុគ្រោះពន្ធជាច្រើនទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុន MinebeaMitsumi ដែលបានបើកដំណើរការអាជីវកម្មដំបូងរបស់ខ្លួននៅកម្ពុជាកាលពីអំឡុងឆ្នាំ២០១១ កំពុងដំណើរការរោងចក្រទី១របស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញលើការផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែកម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ រោងចក្រនេះបានផ្តល់ការងារជូនយុវជន យុវនារីប្រមាណ៧ពាន់៦រយកន្លែង ហើយអ្នកធ្វើការនៅរោងចក្រនេះភាគច្រើនជានារី ពោលគឺបុរសមានតែប្រមាណ៨០០នាក់តែប៉ុណ្ណោះ៕
អត្ថបទ សឿន វណ្ណឌេត, រូបភាពឯកសារ