នាយកដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានមួយ ក្រោយបិទបញ្ចប់សម័យប្រជុំសភារយៈពេលប្រាំខែកាលពីថ្ងៃពុធថា ការពង្រឹងវិធានការណ៍ការទូត និងសន្តិសុខ ជាគោលនយោបាយអាទិភាពកំពូលរបស់រដ្ឋាភិបាលរបស់លោកក្នុងឆមាសទីមួយនៃឆ្នាំនេះ។ គោលដៅនោះគឺដើម្បីលើកកម្ពស់វត្តមានរបស់ប្រទេសជប៉ុនលើឆាកអន្តរជាតិ និងការពារសន្តិភាព និងប្រជាជនជប៉ុន។
ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ក្នុងការអភិវឌ្ឍទំនាក់ទំនងប្រកបដោយភាពស្ថាបនានិងស្ថិរភាពជាមួយទីក្រុងប៉េកាំង និងត្រូវតែសហការជាមួយសម្ព័ន្ធមិត្តស្នូលគឺសហរដ្ឋអាមេរិក។ លោកថា សភាពនៃទំនាក់ទំនងរវាងអាមេរិកនិងចិនគឺសំខាន់ណាស់សម្រាប់សន្តិសុខ និងស្ថិរភាពពិភពលោក។
ក្នុងនោះដែរ លោកក៏បានបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់អង្គការណាតូ លោកក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន នឹងចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំណាតូឯទៀតពីថ្ងៃទី១១ដល់ទី១២ ខែកក្កដា ខាងមុខនេះ ហើយលោកនឹងទៅទស្សនាការិយាល័យកណ្តាលណាតូនៅប្រទេសបែលហ្សិកផងដែរ។
ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាបាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយអង្គការណាតូ ចំពេលដែលទីក្រុងតូក្យូបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះសកម្មភាពយោធាចិននៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសនៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាក្នុងជម្លោះនៅកោះសិនកាគូ ដែលចិនហៅថាទាវយូ។
នៅចំពោះមុខបរិយាកាសសន្តិសុខបច្ចុប្បន្នដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត នៃសម័យក្រោយសង្គ្រាម លោក គីស៊ីដា បានប្តេជ្ញាថានឹងប្រើប្រាស់ឧបករណ៍ការទូតឱ្យបានពេញលេញ ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃសហគមន៍ពិភពលោក ព្រមទាំងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន។
ប្រទេសជប៉ុននឹងសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគោលនយោបាយរបស់ប្រទេសចិន ខណៈដែលលោក គីស៊ីដា ជំរុញឱ្យទីក្រុងប៉េកាំងបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោក ដោយគោរពច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកកាសែតទៀតថា វាជារឿងសំខាន់ណាស់ក្នុងការបន្តការខិតខំប្រឹងប្រែងដើម្បីបើកឱ្យមានការសន្ទនាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងខ្លួនខ្ញុំផងដែរ ជាមួយប្រទេសចិន។ លោក គីស៊ីដា បានឱ្យដឹងដែរថា រូបលោកក៏កំពុងពិចារណាអំពីដំណើរទស្សនកិច្ចដែលអាចធ្វើទៅបាន ទៅកាន់ប្រទេសចិនដែរ ទោះបីជាវាមិនទាន់បានសម្រេចនៅពេលនេះក៏ដោយ៕