ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអះអាងដែរ សម្តេចក៏នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនផងដែរ នៅក្រោយចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ការធ្វើដំណើរទស្សនកិច្ចទៅវិញទៅមករវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ត្រូវបានគេមើលឃើញថា ឆ្លុះបង្ហាញឲ្យឃើញពីទំនាក់ទំនងកាន់តែស្អិតល្មួតរវាងប្រទេសកម្ពុជា និងជប៉ុន ខណៈដែលកន្លងមក ជប៉ុនក៏ជាប្រទេសម្ចាស់ជំនួយធំមួយក្នុងការជួយអភិវឌ្ឍន៍កម្ពុជា ពិសេសនៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩តែម្ដង។
តបតាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ ក្នុងគោលបំណងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមីនា។
ក្រសួងការបរទេសបានគូសបញ្ជាក់ទៀតថា ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្ដិសុខ និងការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ជាដើម។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏នឹងផ្លាស់ប្ដូរទាំងស្សគ្នា ស្ដពីបញ្ហាតំបន់ និងអន្តរជាតិនានាផងដែរ។
លោកបណ្ឌិត ឈាង វណ្ណរិទ្ធ អ្នកវិភាគសេដ្ឋកិច្ច និងជានាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានយល់ឃើញថា ការបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅកម្ពុជា នាពេលខាងមុខ បានឆ្លុះបញ្ចាំងពីភាពឆ្លាតវៃនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ ជាមួយគ្នានេះ ការបំពេញទស្សនកិច្ចនេះ ក៏ជាការបង្កើនឱកាសសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេស ឲ្យចូលមកវិនិយោគនៅកម្ពុជា ផងដែរ។
ជាមួយគ្នានេះដែរ បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បើគ្មានអ្វីប្រែប្រួលទេ នៅខែមេសា ខាងមុខ ពោលគឺក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចនឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុងវេទិកាស្តីពី«ទឹក»។ សម្តេចតេជោ អះអាងបែពនេះនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីសម្ដេចបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន រួចហើយ នៅខែឧសភា ឆ្នាំ២០២២ សម្តេចនឹងធ្វើដំណើរ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើង នៅប្រទេស្វីសផងដែរ។ នៅពេលត្រឡប់មកពីប្រទេសស្វីសវិញ សម្តេចក៏មានកិច្ចប្រជុំតាមអនឡាញ ជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីជប៉ុន ស្តីអំពីអនាគតអាស៊ី។ ដោយឡែក សម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក ដែលត្រូវបានលើកពេលនោះ ត្រូវបានសម្តេចតេជោគូសបញ្ជាក់ថា នៅមិនទាន់ដឹងពីពេលវេលាច្បាស់លាស់នោះទេ ដោយតួនាទីរៀបចំសម្របសម្រួលកិច្ចប្រជុំនេះ គឺជាភារកិច្ចរបស់ភាគីប្រទេសឥណ្ឌូនេស៊ី៕