លោក ហុងដា ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន​កសិកម្ម​ដែលលោក​បោះទុន​វិនិយោគ

តារាបាល់ទាត់​ល្បីឈ្មោះជប៉ុន លោក កេស៊ូកិ ហុងដា លើកទឹកចិត្តកសិករកម្ពុជា


កីឡាករ​បាល់​ទាត់​អាជីព​ល្បី​ឈ្មោះ​របស់​ប្រទេស​ជប៉ុន គឺ​លោក កេស៊ូកិ ហុងដា (Keisuke Honda) ដែល​ជា​គ្រូ​បង្វឹក​កីឡាករ​​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ​នោះ បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​កសិករ​កម្ពុជា ក្នុង​ការ​ប្រកប​របរ​កសិកម្ម ដោយ​បាន​ផ្ដល់​ពាន​រង្វាន់​លើក​ទឹកចិត្ត​ដល់​កសិករ ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន អេហ្គ្រីបាឌី (Agribuddy)។
លោក កេស៊ូកិ ហុងដា (Keisuke Honda) កីឡាករ​បាល់ទាត់​ជប៉ុន និង​​ជា​គ្រូ​បង្វឹក​កីឡាករ​​បាល់​ទាត់​ជម្រើសជាតិ​កម្ពុជា ថតរូប​ជាមួយ​កសិករ​និងបុគ្គលិក​ក្រុមហ៊ុន អេហ្គ្រីបាឌី (Agribuddy)។
ដោយ

លោក កេស៊ូកិ ហុងដា គឺជាវិនិយោគិនមួយរូប ហើយក៏ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនអេហ្គ្រីបាឌី ជាក្រុមហ៊ុនជប៉ុន ដែលធ្វើប្រតិបត្តិការក្នុងបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងកម្រិតជីវភាពរស់នៅរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា និងឥណ្ឌា។

បច្ចុប្បន្ន អេហ្គ្រីបាឌី ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ពីរ ដែល​ទទួល​បាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​ពី​មូលនិធិ​អ្នក​វិនិយោគ KSK ដែល​ជា​មូលនិធិ​វិនិយោគ​មួយ​បង្កើត​ឡើង​ដោយ លោក កេស៊ូកិ ហុងដា (Keisuke Honda) ផ្ទាល់។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅឯ​ការិយាល័យ​ក្រុមហ៊ុន​អេហ្គ្រីបាឌី ប្រចាំ​ប្រទេស​កម្ពុជា លោក កេស៊ូកិ ហុងដា បាន​ផ្ដល់​ពានរង្វាន់​ដល់​កសិករ​ឆ្នើម និង​សហគ្រិន (បាឌី) ឆ្នើម ក្រោម​គម្រោង​អេហ្គ្រីបាឌី ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​បណ្ដា​ខេត្ត​ចំនួន ៧ គឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងកំពង់ធំ ដោយ​ផ្ដោតលើ​ដំណាំ​ស្រូវ ពោត និង​ដំឡូងមី។

លោក កេស៊ូកិ ហុងដា (Keisuke Honda) ផ្ដល់​ពានរង្វាន់ដល់​សហគ្រិន​កសិកម្ម​ឆ្នើម​របស់ អេហ្គ្រីបាឌី។

លោក ស៊ិន សេរីវុឌ្ឍ ដែល​ជា​កសិករ​ឆ្នើម​មួយ​រូប បាន​និយាយ​ថា៖ “ខ្ញុំ​ពិត​ជា​ត្រេក​អរ​ណាស់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​កសិករ​ឆ្នើម​នៅ​ក្នុង​គម្រោង​អេហ្គ្រីបាឌី​នេះ ហើយ​ទន្ទឹម​នឹង​នេះ ក៏​ជួយ​ផ្ដល់​ជា​កម្លាំងចិត្ត​ឲ្យ​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​កសិកម្ម​បន្ត​ទៅ​ទៀត”។

ចំណែកឯ​លោក អួង នូច ដែល​ជា​សហគ្រិន (បាឌី) វិញ បាន​និយាយ​ថា៖ “ការដែល​លោក​ទទួល​បាន​ការទទួល​ស្គាល់​ដូច្នេះ ក៏​ដោយសារ​តែ​បាន​ចូលរួម​ជាមួយ​នឹង​គម្រោង​របស់​ក្រុមហ៊ុន អេហ្គ្រីបាឌី ដែល​បាន​ផ្ដល់​ជា​ការណែនាំ​ផ្នែក​បច្ចេកទេស​ក៏​ដូចជា សម្រប​សម្រួល​ទុន ដើម្បី​ឲ្យ​ខ្លួន​គាត់ និង​កសិករ​នៅ​ក្នុង​ក្រុម​របស់​គាត់ មាន​លទ្ធភាព​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​នេះ”។ 

លោក កេស៊ូកិ ហុងដា (Keisuke Honda) ថតរូប​អនុស្សាវរីយ៍​ជាមួយកសិករ សហគ្រិន​ឆ្នើម និង​បុគ្គលិក​​របស់ អេហ្គ្រីបាឌី។

លោក កេស៊ូកិ ហុងដា ជា​ជន​គំរូ​ម្នាក់ មិន​ថា​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់​ដ៏​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​ឥស្សរជន​ដែល​ចូល​រួម​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌ និង​វិស័យ​អប់រំ និង​ជា​សហគ្រិន ក៏ដូចជា អ្នក​បោះទុន​វិនិយោគ​ក្នុង​អាជីវកម្ម​បង្កើត​ថ្មីៗ​ (start-up) ផង​ដែរ។ 

ទន្ទឹម​នឹង​នេះ លោក កេស៊ូកិ បាន​បង្កើត​សាលា​ហ្វឹកហាត់​បាល់ទាត់​ចំនួន ៨០ កន្លែង​ទូទាំង​សកលលោក ហើយ​ក៏​ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្នុង​វិស័យ​អាជីវកម្ម​បង្កើត​ថ្មីៗ​ផងដែរ។ 

គួរ​ជម្រាប​ថា អេហ្គ្រីបាឌី គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​កសិកម្ម​មួយ​ ដែល​គិតត្រឹម​​ពាក់​កណ្ដាល​ឆ្នាំ​២០១៩ បាន​ធ្វើការងារ​ជាមួយ​នឹង​កសិករ​រាប់​ពាន់​នាក់ ដោយ​បាន​សម្រប​សម្រួល​ទុន​ដល់​កសិករ​ដែល​ត្រូវការ​ទុន សម្រាប់​ការងារ​ផលិតកម្ម​កសិកម្ម និង​​សម្រប​សម្រួល​ទីផ្សារ​សម្រាប់​កសិផល​របស់​ពួកគាត់ តាមរយៈ​ការ​សហការ​ជាមួយ​នឹង​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​អ្នក​ទិញ​កសិផល​នានា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ថា កឹម សុខា រស់​ក្នុង​ផ្ទះ​«យ៉ាង​សុខ​ស្រួល» ខណៈ​​អាមេរិក​ទាមទារ​ទម្លាក់​ការ​ចោទ​ប្រកាន់

ព័ត៌មាន
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ឆ្លើយ​តប​ទៅនឹង​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក ក…

តំណក់​ប្រេង​ដំបូង​​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេសមួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ពុធ ទី១១ ខែ​កញ្ញា​នេះ ថា គម្រោង​ដែល​ប្រទេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ