ក្រោយបាត់បង់សំឡេងភាគច្រើននៅក្នុងសភានៅក្នុងបោះឆ្នោតសកលកាលពីសប្តាហ៍មុន លោក ស៊ីជីរូ អ៊ីស៊ីបា នាយករដ្ឋមន្ត្រីជប៉ុន និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ត្រូវបានគេរំពឹងថា កំពុងស្វែងរកច្រកចងសម្ព័ន្ធជាមួយគណបក្សមានសំឡេងភាគតិចនៅក្នុងសភា ដើម្បីបន្តដឹកនាំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងដ៏ធំបានបដិសេធមិនចូលរួមក្នុងក្រុមចម្រុះដឹកនាំដោយលោក។
មេដឹកនាំគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន ដែលទទួលបានអាសនៈ២៨ នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសមិនចូលរួមជាមួយក្រុមបក្សសម្ព័ន្ធចម្រុះដឹកនាំដោយរដ្ឋាភិបាលឡើយ ហើយគណបក្សនេះ ក៏បានសម្រេចចិត្តមិនចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ជប៉ុននោះដែរ។
លោក យូអ៊ីជីរ៉ូ តាម៉ាគី (Yuichiro Tamaki) មេដឹកនាំគណបក្សគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជនបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារ៍ ថា គណបក្សរបស់លោកមិនចូលរួមជាមួយគណបក្សណាទាំងអស់។ លោក តាម៉ាគី បានសម្រេចចិត្តបដិសេធច្រានចោលការជួបប្រជុំគ្នាជាមួយនឹងមេដឹកនាំគណបក្សប្រជាធិបតេយ្យធម្មនុញ្ញ ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ក្រៅពីនេះ គណបក្សនរានុវត្តន៍ជប៉ុន ក៏ហាក់ដូចជានៅតែស្ទាក់ស្ទើរក្នុងការចូលរួមជាមួយក្រុមចម្រុះដើម្បីបន្តដឹកនាំប្រទេសជប៉ុនផងដែរ ។
គណបក្សប្រជាធិបតេយ្យសេរី និងដៃគូ Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាន់ទាបកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការស្វះស្វែងរកដៃគូ ដើម្បីបន្តកាន់អំណាច។ អ្នកវិភាគបានអះអាងថា បើគ្មានសំឡេងភាគច្រើននៅក្នុងសភា សម្ព័ន្ធភាពក្រុមចម្រុះដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី នឹងស្ថិតក្នុងភាពរង្គោះរង្គើខាងនយោបាយ បើទោះបីជាលោក អ៊ីស៊ីបា នៅតែស្ថិតក្នុងតំណែងរបស់គាត់ក៏ដោយ៕
ដោយៈ សរ សុជាតិ