ក្នុងលិខិតចុះថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាតំណាងរាស្ត្រអាម៉េរិក លោក Brian Mast និងប្រធានគណៈកម្មាធិការជ្រើសរើសសភាអាម៉េរិកទទួលបន្ទុកកិច្ចការចិន លោក John Moolenaar បានស្នើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាម៉េរិក ស៊ើបអង្កេតបុគ្គល និងអង្គភាពដែលមានឈ្មោះក្នុងបញ្ជីខាងលើនេះ។
សមាជិកសភាទាំងពីរ ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធកំណត់ក្នុងរយៈពេល ១៨០ថ្ងៃ ថាតើបុគ្គល និងអង្គភាពទាំងនេះ មានលក្ខណៈសម្បត្តិ ដែលអាចឈានទៅរកការដាក់ទណ្ឌកម្មតាមច្បាប់របស់សហរដ្ឋអាម៉េរិក ឬយ៉ាងណា។
អង្គភាពចំនួនពីរដែលមានឈ្មោះក្នុងសំណើនេះ គឺ Fully Light Group of Companies Ltd និង White Sands Palace Casino។
តាមលិខិតរបស់សមាជិកសភាអាម៉េរិក ឈ្មោះដែលបានរាយក្នុងបញ្ជី អាចមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោកដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀត។
យ៉ាងណាក៏ដោយ លិខិតនេះមិនមែនជាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកលើបុគ្គល ឬអង្គភាពទាំងនេះឡើយ។ វាគឺជាសំណើឱ្យក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាម៉េរិក ពិនិត្យ និងស៊ើបអង្កេតថា តើមានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចាត់វិធានការតាមច្បាប់ដែរឬទេ ក្នុងនោះរួមមានច្បាប់ Global Magnitsky Act។
ចំពោះលោក Vorapak Tanyawong លោកធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ក្រោមរដ្ឋាភិបាលនាយករដ្ឋមន្ត្រី Anutin Charnvirakul ចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០២៥។
លោកបានលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់អំពីទំនាក់ទំនងរបស់លោកជាមួយបណ្តាញឆបោកនៅកម្ពុជា។ ទោះជាយ៉ាងណា លោក Vorapak បានបដិសេធការចោទប្រកាន់ទាំងនោះ។