បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុន គ្រោងនឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅខែកញ្ញា ខាងមុខនេះ ហើយមានបេក្ខជនសំខាន់ចំនួន២រូប ដែលអាចក្លាយជាមេដឹកនាំរបស់គណបក្សនេះ និងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុនផងដែរ។
បេក្ខជនសំខាន់ទាំងពីរនេះ រួមមាន លោក ស៊ីនជីរ៉ូ កុយហ្ស៊ូមី (Shinjiro Koizumi) អាយុ៤៣ឆ្នាំ ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ជូនីឈីរ៉ូ កុយហ្ស៊ូមី (Junichiro Koizumi) ហើយបេក្ខជនម្នាក់ទៀត គឺលោក តាកាយូគី កូបាយ៉ាស៊ី(Takayuki Kobayashi) មានអាយុ៤៩ឆ្នាំ។
បេក្ខជនទាំងពីររូបនេះនឹងត្រូវប្រកួតប្រជែងគ្នានៅក្នុងការបោះឆ្នោតគណបក្សប្រជាធិបតេយ្យសេរី នាពេលខាងមុខនេះ។ លោក ស៊ីនជីរ៉ូ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន មានភាពល្បីល្បាញខាងការ តស៊ូមតិអំពីថាមពលកកើតឡើងវិញ និងបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋជិះស្គីលេងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដោយសារព្រួយបារម្ភអំពីសុវត្ថិភាពទឹក បន្ទាប់ពីការចេញទឹកសំណល់ពីរោងចក្រនេះផងដែរ។
លោក រីនតារ៉ូ នីស៊ីមូរ៉ា (Rintaro Nishimura) អ្នកវិភាគប្រចាំក្រុមហ៊ុន The Asia Group មានមូលដ្ឋាននៅប្រទេសជប៉ុន បាននិយាយថា ពេលនេះសាធារណជនកំពុងរង់ចាំស្ដាប់ពីការប្រកាសជាផ្លូវការអំពីបេក្ខជននាយករដ្ឋមន្ត្រីរបស់លោក ស៊ីនជីរ៉ូ ដូច្នេះហើយពលរដ្ឋជាច្រើនជឿថា លោក គឺបេក្ខជននាំមុខគេនៅពេលនេះ៕
អត្ថបទ៖ សុខ មង្គល