ទោះជាផលិតផលក្នុងស្រុកសរុបមានកំណើនខ្ពស់ជាងការរំពឹងទុកក៏ដោយ ក៏ទិន្នន័យនេះបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ហើយសេដ្ឋកិច្ចបានធ្លាក់ចូលទៅក្នុងឱនភាពបែបបច្ចេកទេសក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នាកាលពីចុងឆ្នាំមុន។
ផលិតផលក្នុងស្រុកសរុបពិតប្រាកដ ពោលគឺបន្ទាប់ពីកែតម្រូវតាមអតិផរណារួច បានកើនឡើង ០,៤% ក្នុងត្រីមាសមុន គិតពីខែតុលា ដល់ខែធ្នូ។ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ ប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក បានឃើញកំណើនពិតក្នុងអត្រា ១,២% ដែលបង្ហាញពីកំណើនរយៈពេល ២ ឆ្នាំជាប់ៗគ្នា។
លទ្ធផលនេះគឺខ្ពស់ជាងការព្យាករទីផ្សារជាមធ្យមដែលថាមានកំណើនប្រចាំឆ្នាំ ១,១% សម្រាប់ត្រីមាសទី ១ ឆ្នាំនេះ ដែលអ្នកសេដ្ឋកិច្ចបានរំពឹងទុកនៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន។
លោក យូជី កូដាម៉ា ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ ម៉េជី យ៉ាស៊ូដា បាននិយាយថា ដំណឹងល្អគឺថា សេដ្ឋកិច្ចមានឱនភាពក្នុងឆ្នាំមុន បើនិយាយតាមបច្ចេកទេស ប៉ុន្តែវាបែរជាបានស្ទុះងើបឡើងវិញពីខែមករាដល់ខែមីនា។ លោកបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងជួយគាំទ្រដល់សេដ្ឋកិច្ច ទោះជាគេរំពឹងថានឹងមានកំណើនយឺតយ៉ាវក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដោយ។
លោក កូដាម៉ា បានបន្ថែមថា តម្លៃដែលកើនខ្ពស់ បានជះឥទ្ធិពលអវិជ្ជមានលើអ្នកប្រើប្រាស់ ហើយក្តីសង្ឃឹមគឺថាប្រាក់ឈ្នួលនឹងកើនឡើងនៅឆ្នាំនេះ រីឯអតិផរណាក៏នឹងចាប់ផ្តើមធ្លាក់ចុះដែលនឹងគាំទ្រដល់ការប្រើប្រាស់ឯកជន៕
អត្ថបទ៖ សុខ ជា