សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ត្រូវបានវិនិយោគសាងសង់ឡើង ដោយក្រុមហ៊ុនជីប ម៉ុង សហការគ្នាជាមួយនឹងក្រុមហ៊ុន Marriott International មាន ៣០០ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន និងស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ កម្ពស់៤៥ជាន់។
សណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ជាសណ្ឋាគារយីហោអន្តរជាតិទី២ហើយ ដែលក្រុមហ៊ុន ជីប ម៉ុង បាននាំមកកម្ពុជា ខណៈសណ្ឋាគារយីហោអន្តរជាតិទី១ នោះ គឺសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សណ្ឋាគារ ហៃ យ៉ាត់ រីជិនស៊ី ភ្នំពេញ បានបើកដំណើរការកាលពីចុងឆ្នាំ២០២១ ក្រោមដើមទុនវិនិយោគដល់ទៅ ១៨០លានដុល្លារ និងជាសណ្ឋាគារផ្កាយ៥ ដែលមានបន្ទប់រហូតដល់ ២៥០បន្ទប់។
គួរបញ្ជាក់ថា យីហោសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត គឺមានអាយុកាលមកប្រមាណ៣ទសវត្សរ៍មកហើយ ហើយបច្ចុប្បន្ន បាននិងកំពុងពង្រីកខ្លួនរបស់ពាន់កន្លែងនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។
សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងក្លា ទីផ្សារប្រកួតប្រជែងកាន់តែស្វិតស្វាញសម្រាប់វិស័យបដិសណ្ឋារកិច្ច សណ្ឋាគារ ខណៈវិស័យទេសចរណ៍របស់កម្ពុជានៅមុនពេលកូវីដ១៩លុកលុយ គឺមានការរីកចម្រើនយ៉ាងខ្លាំង។ កត្តាទាក់ទាញនៃវិស័យទេសចរណ៍របស់កម្ពុជានេះ បានអន្ទងចិត្តក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារយីហោអន្តរជាតិធំៗកាន់តែច្រើន បានសម្រេចចិត្តចូលមកប្រជែងដណ្ដើមទីផ្សារនៅកម្ពុជា។
តួយ៉ាង ក្រៅតែពីសណ្ឋាគារហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ និងសណ្ឋាគារ ហៃ យ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង យើងសង្កេតឃើញថា ក៏មានសណ្ឋាគារយីយោអន្តរជាតិធំជាច្រើនទៀតមានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជាផងដែរ រួមមាន សណ្ឋាគារ Rosewood Phnom Penh, សណ្ឋាគារខតធីយ៉ាត បាយ ម៉ារៀត (Courtyard by Marriott) , សណ្ឋាគារ Shangri-La និងសណ្ឋាគារ Novotelជាដើម៕