លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គ្មានអ្វីនឹងធ្វើឱ្យគាត់ពិចារណាឡើងវិញនូវការសម្រេចចិត្តក្នុងការបន្តការចូលរួមដំណើរការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៤ បានឡើយ លុះត្រាតែទិន្នន័យនៃការស្ទង់មតិបង្ហាញថា លោកគ្មានផ្លូវអាចយកឈ្នះលោក ដូណាល់ ត្រាំ ចេញមក។ នេះបើតាមសេចក្តីរាយការណ៍របស់ CNBC។
បេក្ខភាពរបស់លោក បៃដិន បានចាប់ផ្តើមរង្គោះរង្គឺនៅក្នុងក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ក្រោយលោកបាត់ម្ចាស់ការនៅពេលចូលរួមកម្មវិធីជជែកដេញដោលមួយជាមួយនឹងលោកត្រាំ កាលពីចុងខែមិថុនា កន្លងទៅ។
ឆ្លើយតបនឹងការរិះគន់ និងចលនានៅក្នុងគណបក្សដែលស្នើឲ្យលោកបោះបង់បេក្ខភាព លោក បៃដិន បានឆ្លើយតបថា ពួកគេមានសេរីភាពក្នុងការធ្វើអ្វីដែលពួកគេចង់បាន។ នៅក្នុងពេលដែលបញ្ហាច្របូកច្របល់នេះមិនទាន់ដាច់ស្រេច លោក បៃដិន ក៏ត្រូវបានគេចាប់កំហុសជាបន្តបន្ទាប់ទៀតដោយលោកបានហៅលោកស្រី ហារី អនុប្រធានាធិបតីរបស់លោកថា ជាអនុប្រធានាធិបតីត្រាំ ហើយនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លោកក៏បានច្រឡំហៅ លោក វូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន ជាប្រធានាធិបតីពូទីន ផងដែរ៕
ដោយៈ សរ សុជាតិ