បទបញ្ជានេះ បានដាក់បញ្ជាឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់សហរដ្ឋអាមេរិក ពិចារណាពីឥទ្ធិពលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនបរទេសមកលើសន្តិសុខជាតិអាមេរិក ក្នុងវិស័យចំនួន៤។ វិស័យទាំងនោះរួមមាន ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់សំខាន់ៗ ភាពជាអ្នកដឹកនាំបច្ចេកវិទ្យា សុវត្ថិភាពតាមអ៊ីនធឺណិត និងទិន្នន័យសំខាន់ៗរបស់អ្នកប្រើប្រាស់។
ក្រៅពីនោះ បទបញ្ជាដដែលនេះបានប្រាប់ឱ្យគណៈកម្មាធិការវិនិយោគបរទេសរបស់អាមេរិក ពិចារណាលើប្រតិបត្តិការបរទេសក្នុងបរិបទនៃនិន្នាការវិនិយោគណា ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិ មានដូចជាការទិញយកក្រុមហ៊ុនច្រើននៅក្នុងវិស័យឧស្សាហកម្មតែមួយប្រភេទជាដើម។
គួរកត់សម្គាល់ថា វិស័យ និងការវិនិយោគដែលចាត់ទុកថា អាចគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ត្រូវបានទីក្រុងវ៉ាស៊ីនតោនកំណត់មានដូចជា វិស័យផលិតគ្រឿងអេឡិចត្រូនិចតូចៗ បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាកុំព្យូទ័រវ័យឆ្លាត ជីវបច្ចេកវិទ្យា និងថាមពលស្អាតកម្រិតខ្ពស់។ បច្ចុប្បន្នវ៉ាស៊ីនតោន ក៏កំពុងពិចារណា បញ្ចូលវិស័យថាមពលស្អាត និងបច្ចេកវិទ្យាបន្សាំអាកាសធាតុទៅក្នុងបញ្ជីការវិនិយោគដែលអាចគំរាមកំហែងដល់សន្ដិសុខជាតិអាមេរិកផងដែរ។
ការបន្ថែមវិស័យទាំងពីរទៅក្នុងបញ្ជីនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃសន្តិសុខថាមពល ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាទស្សនៈរបស់រដ្ឋបាលលោកចូ បៃឌិនអំពីការប្រែប្រួលអាកាសធាតុ ជារឿងមានសារសំខាន់ណាស់ចំពោះសន្តិសុខជាតិ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកចាប់ពីខែក្រោយទៅ គ្រោងរឹតបន្ដឹងខ្លាំងជាងមុនទៀត លើការនាំចេញផលិតផលសៀគ្វី និងបន្ទះឈីបទៅកាន់ប្រទេសចិន។ វិធានការក្តៅនេះ សំដៅពង្រីកការផ្អាកការនាំចេញបន្ទះអេឡិចត្រូនិច ដែលប្រើសម្រាប់វិស័យបញ្ញាសិប្បនិម្មិត AI និងឧបករណ៍សម្រាប់ផលិតបន្ទះឈីបទៅឱ្យក្រុមហ៊ុនក្នុងប្រទេសចិនកាន់តែច្រើនជាងមុន។ ទោះយ៉ាងណា មន្ត្រីនៃសេតវិមាន បានបញ្ជាក់ហើយថា បទបញ្ជាចុងក្រោយរបស់លោកចូ បៃឌិននេះ គឺក្នុងន័យការពារសន្តិសុខជាតិ និងសុវត្ថិភាពបច្ចេកវិទ្យាអាមេរិកជារួម មិនមានបំណងសំដៅលើប្រទេសចិននោះទេ៕