អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាស៊ូ មីលល័រ (Matthew Miller) បាននិយាយកាលពីថ្ងៃទី២០ ខែវិច្ឆិកា ថា រដ្ឋបាលលោក ចូ បៃដិន បានសម្រេចលុបចោលប្រាក់កម្ចីប្រមាណ៤,៧ពាន់លានដុល្លារអាម៉េរិកដល់អ៊ុយក្រែន។ ប្រាក់កម្ចីដែលត្រូវបានលុបចោលនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាសរុប៩,៤ពាន់លានដុល្លារ ដែលសភាសហរដ្ឋអាម៉េរិក បានអនុម័តកាលពីខែមេសា សម្រាប់កម្ចីដែលអាចលើកលែងបាន ដើម្បីជួយគាំទ្រផ្នែកសេដ្ឋកិច្ច និងរដ្ឋាភិបាលអ៊ុយក្រែន។
លោក Miller បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ពួកគេបានចាត់វិធានការមួយចំនួន ដែលមានចែងនៅក្នុងច្បាប់ថវិកានេះ ដើម្បីលុបចោលប្រាក់កម្ចីទាំងនោះ ដោយលោកបានបន្ថែមថា ការសម្រេចចិត្តនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ តែទោះជាយ៉ាងណា សភានៅតែមានសិទ្ធិអំណាចក្នុងការរារាំងការលុបចោលកម្ចីនេះ។
ព្រឹទ្ធសភាសហរដ្ឋអាម៉េរិក គ្រោងនឹងបោះឆ្នោតក្នុងពេលឆាប់ៗ ដើម្បីអនុម័តចំពោះការលុបចោលកម្ចីនេះ ប៉ុន្តែលោក រ៉េន ផូល (Rand Paul) ព្រឹទ្ធសមាជិកនៃគណបក្សសាធារណរដ្ឋអាចនឹងបោះឆ្នោតជំទាស់ ព្រោះលោកជាអ្នករិះគន់ដ៏លេចធ្លោម្នាក់ចំពោះការផ្ដល់ជំនួយអាម៉េរិកដល់អ៊ុយក្រែន ទោះជាព្រឹទ្ធសមាជិកភាគច្រើនរបស់គណបក្សទាំងពីរ បានគាំទ្រជំនួយដល់អ៊ុយក្រែនក៏ដោយ។
លោក ចូ បៃដិន បានបញ្ជាឱ្យមន្រ្តីរបស់លោកខ្នះខ្នែងផ្តល់ជំនួយជាច្រើនដល់អ៊ុយក្រែន តាមដែលអាចធ្វើទៅបាន មុនពេលលោកចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករា ដោយសារលោក បារម្ភថា ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ អាចដាក់កម្រិតលើការគាំទ្ររបស់អាម៉េរិកចំពោះអ៊ុយក្រែន ៕
អត្ថបទ៖ សុខ មង្គល