មកទល់ពេលនេះមានប្រទេសជិត២០ហើយ ដែលបានសម្រេចចិត្តដាក់ចេញនូវគោលនយោបាយ និងច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមកុមារ និងយុវជនវ័យក្មេង ដោយសារព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ព្រមទាំងការបំពានផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងនោះប្រទេសអូស្ត្រាលី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចេញបម្រាមដាច់ខាតមិនឱ្យកុមារអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម។ បម្រាមនេះបានគ្របដណ្តប់លើរាល់គណនីបណ្តាញសង្គមល្បីៗរាប់ចាប់តាំងពី TikTok, YouTube, Instagram រហូតដល់ Facebook។
ងាកមកមើលបណ្តាប្រទេសធំៗនៅតំបន់អឺរ៉ុបវិញ ប្រទេសបារាំង ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ក្រិច អេស្ប៉ាញ និងន័រវេស ជាដើម សុទ្ធតែបាន និងកំពុងដាក់ចេញនូវការកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់បណ្ដាញសង្គម ដោយក្នុងនោះប្រទេសខ្លះតម្រូវឱ្យមានការយល់ព្រមពីឪពុកម្តាយជាដាច់ខាត សម្រាប់កុមារ ដែលមានអាយុចន្លោះពី ១៣ ដល់ ១៦ឆ្នាំ។
ដោយឡែកនៅក្នុងតំបន់អាស៊ី ប្រទេសចិនបានអនុវត្តការរឹតបន្តឹងទាំងទៅលើខ្លឹមសារ និងការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់អនីតិជន ខណៈដែលម៉ាឡេស៊ី និងឥណ្ឌា ក៏កំពុងចាត់វិធានការស្រដៀងគ្នានេះដែរ។ ចំណែកឯសហរដ្ឋអាម៉េរិក សភាកំពុងជំរុញការប្រើប្រាស់ច្បាប់សុវត្ថិភាពលើអ៊ីនធឺណិតសម្រាប់កុមារ ដើម្បីបង្កើនការទទួលខុសត្រូវរបស់ក្រុមហ៊ុនបណ្ដាញសង្គមក្នុងការការពារអ្នកប្រើប្រាស់វ័យក្មេង។
ទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗបានព្យាយាមដាក់ការកំណត់អាយុសម្រាប់ការបង្កើតគណនីក៏ដោយ ក៏ក្រុមអ្នកការពារសិទ្ធិកុមារនៅតែយល់ឃើញថា វិធានការទាំងនោះនៅធូរលុងពេក និងមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការការពារកុមារពីមាតិកាគ្រោះថ្នាក់ ភាពញៀន និងហានិភ័យបំផ្លាញសុខភាពផ្លូវចិត្តនោះទេ។ នេះជាសញ្ញាអាសន្នមួយបង្ហាញថា បណ្តាញសង្គមលែងជាកន្លែងកម្សាន្តដ៏សុវត្ថិភាពសម្រាប់កុមារទៀតហើយ ហើយរដ្ឋាភិបាលជុំវិញពិភពលោកកំពុងតែរួមដៃគ្នាយ៉ាងដាច់ខាត ដើម្បីដោះស្រាយវិបត្តិនេះ៕
ដោយៈ សរ សុជាតិ