វិបត្តិស្បៀងអាហារពិភពលោក

ប្រធានាធិបតីឥណ្ឌូនេស៊ីថា លោកពូទីនយល់ព្រមបើកផ្លូវសមុទ្រសម្រាប់នាំចេញស្រូវសាលីរបស់អ៊ុយក្រែន


បន្ទាប់ពីបានជួបជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនបានមួយថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះក៏បានបន្ដជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូដែរ។ ជាលទ្ធផលនៃកិច្ចពិភ្សារបស់ភាគីទាំងពីរ លោកវីដូដូបានអះអាងថា ភាគីរុស្ស៊ីបានយល់ព្រមហើយ លើការបើកផ្លូវសមុទ្រសម្រាប់ការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ថ្ងៃ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ៕

ការយល់ព្រមនេះ ទំនងជាធ្វើឱ្យធូរចិត្តខ្លះដែរ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំង​ឡើង​អំពីវិបត្តិស្បៀងអាហារ​ពិភពលោក ដែលកំពុង​បង្កឡើងដោយសារតែវិបត្តិសង្គ្រាម​អូសបន្លាយ​នៅអ៊ុយក្រែន។

ថ្លែងប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Putin បន្ទាប់ពីជំនួបរបស់អ្នកទាំងពីរនៅវិមានក្រឹមឡាំងលោក ចូកូ វីដូដូ សម្តែងការកោតសរសើរ ចំពោះប្រធានាធិបតី ពូទីនដែលលោកព្រមផ្តល់​ការធានាសន្តិសុខ​សម្រាប់ការផ្គត់ផ្គង់​ស្បៀងអាហារ និងជី ពីប្រទេសអ៊ុយក្រែន។ លោកវីដូដូ ចាត់ទុកការយល់ព្រមនេះ គឺជាដំណឹងល្អ។

ប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះបន្តថា ស្បៀងអាហារ និងជី គឺជាប់ពាក់ព័ន្ធនឹងបញ្ហាមនុស្សធម៌ ហើយមនុស្សរាប់រយលាននាក់ បានរងផលប៉ះពាល់ដោយការរំខាននៃ​ខ្សែចង្វាក់ផ្គត់ផ្គង់អាហារ និងជីរួចហើយ ជាពិសេសនៅក្នុងប្រទេស​កំពុងអភិវឌ្ឍន៍។ លោក វីដូដូ ធ្លាប់បានព្រមានផងដែរអំឡុងកិច្ចប្រជុំកំពូល G7 ថា កង្វះខាតស្បៀងអាហារអាចធ្វើឱ្យមនុស្សជាង២ពាន់លាននាក់​ក្នុង​ប្រទេសកំពុងអភិវឌ្ឍន៍ ជួបនឹងភាពអត់ឃ្លាន។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុករបស់រុស្ស៊ី TASS​ឯណោះវិញ បានរាយការណ៍ដោយស្រងសំដី​របស់លោកពូទីនថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ដើម្បីបំពេញតម្រូវការពីប្រទេសឥណ្ឌូនេស៊ី និងរដ្ឋដែល​ជាមិត្ត​ផ្សេងទៀត សម្រាប់វត្ថុធាតុដើមសារធាតុអាសូត ផូស្វាត ជីប៉ូតាស្យូម និងវត្ថុធាតុដើមសម្រាប់ផលិតកម្ម ក្នុងវិស័យ​កសិកម្មរបស់ពួកគេ។

គួរជម្រាបថា រុស្ស៊ី​បាន​បិទច្រក និងកំពុងផែនៅ​ឯ​​សមុទ្រ​ខ្មៅ រារាំង​ការ​នាំ​ចេញ​​របស់​​អ៊ុយក្រែន ក្នុង​គោល​បំណង​ព្យាយាម​សង្កត់​កលើ​សេដ្ឋកិច្ច​របស់​ទីក្រុងកៀវ។ ប្រការនេះបានរំខានដល់ការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ពិសេសគឺស្រូវសាលីតែម្តង​ដោយហេតុថា អ៊ុយក្រែនជាអ្នកនាំចេញ​ស្រូវសាលីដ៏ធំ។ យ៉ាងណាមិញ លោកពូទីនអះអាងថា លោកខាងលិចទៅវិញទេដែលបានដាក់ទណ្ឌកម្ម​មកលើ​ទីក្រុងម៉ូស្គូ ទើបបង្កឱ្យ​មាន​វិបត្តិស្បៀងអាហារ មិនមែនដោយសាររុស្ស៊ី​បិទការនាំចេញរបស់អ៊ុយក្រែនឡើយ។

ទោះយ៉ាងណា ការសន្យារបស់លោកពូទីនថានឹងបើកចំហរច្រកសមុទ្រសម្រាប់ការដឹកជញ្ជូនស្បៀងអាហារឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីយោធារបស់ទីក្រុងមូស្គូ បានដកថយអស់ទៅហើយពីតំបន់យុទ្ធសាស្ត្រសមុទ្រខ្មៅរបស់អ៊ុយក្រែន នៃកោះពស់។ រុស្ស៊ីចាត់ទុកការដកថយនេះជាកាយវិការល្អនៅក្នុងការធ្វើសង្គ្រាម ប៉ុន្តែភាគីអ៊ុយក្រែនបាននិយាយថា ការដកថយនេះគឺដោយសារតែខ្លួនបានទម្លាក់គ្រាប់បែកយ៉ាងដំណំរួចទៅហើយ ទៅលើកងទ័ពរុស្ស៊ី។

តើលោកពូទីន ពិតជាបើកឱ្យអ៊ុយក្រែននាំស្រូវសាលីចេញតាមច្រកសមុទ្រ ដូចការព្រមព្រៀងរបស់លោក ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មែនឬយ៉ាងណា? យើងនឹងត្រូវតានដានបញ្ហានេះបន្តទៀត!

None



អត្ថបទបន្ទាប់


អាមេរិកចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកនៅប៉ាស៊ីហ្វិក «RIMPAC» ដោយមាន២៦ប្រទេសចូលរួម តែមិនបញ្ចូលកោះតៃវ៉ាន់ទេ

សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាដ៏ធំបំផុតរបស់ពិភពលោកហើយកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយមានការចូលរួមពីប្រទេសនៅតំបន់ប…

ឡាវសិក្សាគម្រោងផ្លូវរថភ្លើងតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម

ឡាវសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥ពាន់លានដុល្លារ តភ្ជាប់ទៅដល់វៀតណាម។ រដ្ឋាភិបាលប្រទេសឡាវបានផ្ដល់ភ្លើងខៀវពីការសិក្សាលទ្ធភាពសម្រាប់គម្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ