វិស័យសេដ្ឋកិច្ច

អ្នកជំនាញ​ថា ការគំរាមកំហែងសេដ្ឋកិច្ចដ៏ធំបំផុតរបស់ថៃ លែងជាវិបត្តិរូបិយប័ណ្ណទៀតហើយ តែជាកំណើនសេដ្ឋកិច្ចយឺតដ៏រ៉ាំរ៉ៃ


ជិត៣០ឆ្នាំក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧ ប្រទេសថៃ បានកសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យរឹងមាំជាងមុន និងចៀសផុតពីហានិភ័យនៃវិបត្តិរូបិយប័ណ្ណ។ ប៉ុន្តែពេលនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា ការគំរាមកំហែងដ៏ធំបំផុតរបស់ថៃ លែងជាការដួលរលំ នៃរូបិយប័ណ្ណទៀតហើយ ប៉ុន្តែគឺជាកំណើនសេដ្ឋកិច្ចយឺតដ៏រ៉ាំរ៉ៃ ដែលអាចធ្វើឱ្យសមត្ថភាពប្រកួតប្រជែងរបស់ថៃ ធ្លាក់ចុះ ប្រាក់ចំណូលពលរដ្ឋកើនយឺត និងអូសទាញការរីកចម្រើនរបស់ប្រទេស​នេះ​ឱ្យដើរយឺតជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងរយៈពេល២៩ឆ្នាំកន្លងមកនេះ ប្រទេសថៃ បានធ្វើកំណែទម្រង់ទ្រង់ទ្រាយធំលើប្រព័ន្ធហិរញ្ញវត្ថុ បន្ទាប់ពីវិបត្តិឆ្នាំ១៩៩៧ ដែលបានបង្ខំឱ្យរដ្ឋាភិបាលថៃ បោះបង់ប្រព័ន្ធអត្រាប្តូរប្រាក់ថេរ និងអនុញ្ញាតឱ្យតម្លៃប្រាក់បាតប្រែប្រួលតាមកម្លាំងទីផ្សារ។ បច្ចុប្បន្ន ប្រទេសថៃ មានទុនបម្រុងអន្តរជាតិ ជាង៣០៥ពាន់លានដុល្លារអាម៉េរិក វិស័យធនាគារកាន់តែរឹងមាំ និងប្រព័ន្ធអត្រាប្តូរប្រាក់ដែលមានភាពបត់បែនជាងមុន ដែលធ្វើឱ្យប្រទេសនេះមានភាពធន់ខ្ពស់ចំពោះវិបត្តិរូបិយប័ណ្ណ បើធៀបនឹងអតីតកាល។
ប៉ុន្តែក្រុមអ្នកជំនាញអះអាងថា បញ្ហាប្រឈមរបស់ថៃ បានផ្លាស់ប្តូរហើយ។ ជំនួសឱ្យការបារម្ភអំពីវិបត្តិហិរញ្ញវត្ថុ ថៃ កំពុងប្រឈមនឹងកំណើនសេដ្ឋកិច្ចទាប បំណុលពលរដ្ឋកើនឡើងខ្ពស់ សង្គមកាន់តែសម្បូរមនុស្សវ័យចំណាស់ ភាពប្រកួតប្រជែងធ្លាក់ចុះ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។ ក្រុមអ្នកសិក្សាស្រាវជ្រាវព្រមានថា បច្ចុប្បន្នសេដ្ឋកិច្ចថៃ សម្រេចបានកំណើនទាបត្រឹមតែប្រមាណ ២% ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដែលទាបជាងសក្តានុពលពិតប្រាកដរបស់ប្រទេស។ ពួកគេចាត់ទុកបញ្ហានេះថាជា វិបត្តិកំណើនយឺត ដែលអាចបំផ្លាញសេដ្ឋកិច្ចថៃ បន្តិចម្ដងៗដោយមិនបង្កឱ្យមានការដួលរលំភ្លាមៗដូចវិបត្តិឆ្នាំ១៩៩៧ នោះទេ។
ទន្ទឹមនេះអ្នកជំនាញមួយចំនួនក៏យល់ឃើញផងដែរថា ការផ្តោតខ្លាំងពេកលើការរក្សាស្ថិរភាពប្រាក់បាតបានធ្វើឱ្យប្រទេសថៃ បាត់បង់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យនាំចេញ និងទេសចរណ៍ បើធៀបនឹងបណ្តាប្រទេសជិតខាង។ ទោះបីជាប្រទេសថៃ កំពុងទាក់ទាញបានការវិនិយោគថ្មីៗក្នុងវិស័យដូចជាមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងឧស្សាហកម្មអេឡិចត្រូនិកយ៉ាងណាក្ដី ក៏ក្រុមអ្នកជំនាញព្រមានថា គម្រោងទាំងនេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការបង្កើតការងារដែលមានគុណភាពខ្ពស់ និងជំរុញប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឱ្យកើនឡើងទូលំទូលាយនៅឡើយទេ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចសន្និដ្ឋានថា ប្រទេសថៃ បានឆ្លងផុតហានិភ័យនៃវិបត្តិរូបិយប័ណ្ណដូចឆ្នាំ១៩៩៧ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមបញ្ហាដែលកាន់តែស្មុគស្មាញជាងមុនទៅទៀត នោះគឺការធ្វើយ៉ាងណាឱ្យរួចផុតពីអន្ទាក់កំណើនសេដ្ឋកិច្ចទាបតាមរយៈការបង្កើនផលិតភាព ទាក់ទាញការវិនិយោគថ្មីៗ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរយៈពេលវែង ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អាជ្ញាធរឥណ្ឌូនេស៊ីចាប់ជនសង្ស័យ១២នាក់ពាក់ព័ន្ធនឹងការរត់ពន្ធកញ្ឆាជាង៣តោនពីប្រទេសថៃ

ស្របពេលប្រទេសថៃកំពុងរងភាពអាម៉ាសជុំវិញការរត់ពន្ធគ្រឿងញៀនក្រោយអាជ្ញាធរអូស្ត្រាលីបង្ក្រាបបានជាបន្តបន្ទាប់ ស្រាប់តែថ្មីៗនេះអាជ្ញាធរឥណ្ឌូនេស៊ីបាន…

ហុងកុងបានក្លាយជាដៃគូពាណិជ្ជកម្ម AI ស្រមោល និងជាខ្នងបង្អែកសម្រាប់ចិន

ស្របពេលដែលសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិនកំពុងឡើងកម្តៅខ្លាំង ដែនដីកោះហុងកុងកំពុងពង្រឹងតួនាទីជាច្រកទ្វារមាសមិនអាចខ្វះបាន ក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ