បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាកាលពីពេលកន្លងទៅ រោងចក្រនេះមានសមត្ថភាពអាចផលិតស៊ីម៉ង់តិ៍បានក្នុងរង្វង់២លានតោនក្នុងមួយឆ្នាំ។ គួរបញ្ចាក់ថា កម្ពុជាមានតម្រូវការស៊ីម៉ងតិ៍ក្នុងរង្វង់ជាង១៤លានតោនក្នុងមួយឆ្នាំ ខណៈរោងចក្រផលិតស៊ីម៉ង់តិ៍នៅកម្ពុជាមានសមត្ថភាពអាចផលិតស៊ីម៉ង់តិ៍បានតែជាង៩លានដុល្លារក្នុង១ឆ្នាំប៉ុណ្ណោះ។ ក្រៅពីគម្រោងខាងលើ CDC ក៏បានអនុម័យលើគម្រោងបង្កើតសណ្ឋាគារ រោងចក្រកែច្នៃអាហារ រោងចក្រផលិតគ្រឿងបង្គុំស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១២ផ្សេងទៀតផងដែរ។
ក្រៅពីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ងតិ៍ដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសំណើរសុំបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន CONCH KT CEMENT ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ រោងចក្រនេះស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៤៦៨កន្លែង។ តាមរយៈរោងចក្រស៊ីម៉ង់នេះ វានឹងជួយឲ្យខេត្តកំពង់ស្ពឺនឹងក្លាយជាកន្លែងចែកចាយ និងផ្គត់ផ្គង់ស៊ីម៉ង់តិ៍ធំលំដាប់ទីពីរបន្ទាប់ពីខេត្តកំពត ដែលបណ្តុំដោយរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានសមត្ថភាពផលិតខ្ពស់។
តែយ៉ាងណាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមិនបានបញ្ជាក់លម្អិតទំហំសមត្ថភាពនៃផលិតស៊ីម៉ង់របស់ក្រុមហ៊ុននេះនោះទេ។ យ៉ាងណាមិញសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាធ្លាប់បញ្ជាក់ក្នុងជំនួបសំណេះសំណាលជាកម្មករ និយោជិតនៅខេត្តកំពង់ស្ពឺកាលពីកន្លងមកថា ខេត្តកំពង់ស្ពឺនឹងមានរោងចក្រផលិតស៊ីម៉ង់តិ៍ដ៏ធំមួយ ដែលមានសមត្ថភាពផលិតប្រមាណ២លានតោនក្នុងមួយឆ្នាំ។ សម្រាប់សម្តេចរោងចក្រនេះអាចខុសប្លែកពីរោងចក្រផលិតស៊ីម៉ង់តិ៍ដទៃ ពោលគឺការផលិតរបស់រោងចក្រនេះប្រើប្រាស់ថ្មវត្ថុធាតុដើម ដែលកប់ក្នុងដី ខណៈក្រុមហ៊ុនផលិតស៊ីម៉ង់តិ៍ភាគច្រើននៅកម្ពុជាប្រើប្រាស់ថ្មនៅលើដី។ សម្តេចរំពឹងថា តាមរយៈរោងចក្រនេះវានឹងជួយរួមចំណែកបំពេញត្រូវការប្រើប្រាស់ក្នុងស្រុកបានមួយកម្រិត ក៏ដូចជាជួយកាត់បន្ថយការនាំចូលស៊ីម៉ង់តិ៍ពីក្រៅប្រទេស។
បន្ថែមលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅក៏បានអនុម័តឲ្យក្រុមហ៊ុន DONGFANG JUNMA CEMENT បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍មួយនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានទុនវិនិយោគប្រមាណ៩៥លានដុល្លារ និងបង្កើតការងារចំនួន៩៧៩កន្លែងផងដែរ។
បច្ចុប្បន្នការផលិតស៊ីម៉ង់តិ៍នៅកម្ពុជាមិនទាន់អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយទេ ពោលគឺ
រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥នៅកម្ពុជា ទើបមានសមត្ថភាពអាចផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុង១ឆ្នាំប៉ុណ្ណោះ ខណៈកម្ពុជាមានតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍ប្រមាណ១៤លានតោនក្នុង១ឆ្នាំ ដែលបង្ខំឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។
ក្រៅពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុវត្តលើសំណើរសុំបង្កើតគម្រោងផ្សេងៗរបស់ក្រុមហ៊ុនចំនួន១២ផ្សេងទៀតងផងដែរ ដែលមានទុនវិនិយោគសរុបជាង១៦០លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជិត២ម៉ឺន៣ពាន់កន្លែង។ គម្រោងទាំងនេះភាគច្រើនស្ថិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែងជើង ហើយក្នុងចំណោមទាំងនេះក៏មានគម្រោងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំ និងរោងចក្រកែច្នៃអាហារផងដែរ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន១២៨គម្រោងកើនឡើង១៧គម្រោងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន១១១គម្រោង។ តែយ៉ាងណាទំហំវិនិយោគនៅឆមាសទី១ឆ្នាំនេះ មានការធ្លាក់ចុះបន្តិចបើធៀបនឹងទំហំវិនិយោគក្នុងឆមាសទី១កាលពីឆ្នាំ២០២២ ដោយសារគម្រោងវិនិយោគនៅឆ្នាំ២០២៣ មិនសូវមានគម្រោងធំៗដូចឆ្នាំមុន។ វិនិយោគិនក្នុងស្រុកបានឈរកំពូលតារាង ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បន្ទាប់មកវិនិយោគិនចិន ដែលមានចំណែកជាង៤២%៕