ម្រេចកំពត

ម្រេចកំពតរំពឹងនាំចេញបានជាង១០០តោននៅឆ្នាំនេះ ខណៈនៅ៨ខែនាំចេញបាន៦២តោន


បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងមានការធ្លាក់ចុះ បញ្ហាអតិផរណានៅតែបន្តកើនឡើង ប៉ុន្តែប្រធានសមាគមម្រេចកំពតបានអះអាងថា ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែមានស្ថានភាពល្អប្រសើរ។ ជាក់ស្តែងនៅរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ម្រេចកំពតកម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួនប្រមាណ៦២តោន ដែលបរិមាណនេះមានការកើនឡើងជាងឆ្នាំមុនបន្តិច។
កម្ពុជានាំចេញម្រេចកំពតបានចំនួន ៦២តោន ទៅទីផ្សារអន្តរជាតិនៅខែឆ្នាំនេះ
ដោយ

ទោះយ៉ាងណា ប្រធានសមាគមម្រេចកំពតអះអាងថា ការនាំចេញម្រេចកំពតនៅឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុនផងដែរ ដោយរំពឹងថា នឹងអាចនាំចេញបានក្នុងរង្វង់ជាង១០០តោននៅពេញមួយឆ្នាំ២០២៣នេះ។

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានគូសបញ្ជាក់ថា ស្ថានភាពនាំចេញម្រេចកំពត គិតត្រឹមដំណាច់ខែសីហានេះ ហាក់មិនមានការប្រែប្រួលខ្លាំងពីខែមុនៗនោះទេ ពោលគឺនៅរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានប្រមាណ៦២តោនកើនឡើងតិចតួចបើធៀបនឹងបរិមាណនាំចេញកាលពីឆ្នាំ២០២២។ តាមរយៈលទ្ធផលនេះ ប្រធានសមាគមរូបនេះ រំពឹងថា ការនាំចេញម្រេចកំពតកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅពេញមួយឆ្នាំ២០២៣នេះ នឹងអាចសម្រេចបានជាង១០០តោន សម្រាប់ទីផ្សារសហគមន៍អឺរុប អាមេរិក និងអាស៊ី។ ការរំពឹងបែបនេះ ក្រោយលោកសង្កេតឃើញមានក្រុមហ៊ុនមួយចំនួនបានបង្កើនការបញ្ជាទិញម្រេចពីកសិករនៅឆ្នាំនេះ តួយ៉ាងនៅពេលថ្មីៗនេះ មានក្រុមហ៊ុនមួយ ដែលទើបទិញម្រេចកំពតពីកសិករក្នុងបរិមាណប្រមាណជា២៦តោន និងបានស្នើសុំឯកសារសម្រាប់នាំចេញនៅក្នុងខែកញ្ញានេះតែម្តង ដូច្នេះបរិមាណនាំចេញម្រេចសរុបអាចឈានដល់រង្វង់៩០តោន គិតត្រឹមខែកញ្ញានេះ ហើយនឹងអាចឈានដល់ជាង១០០តោនទៅតាមការរំពឹងទុកនៅដំណាច់ឆ្នាំ២០២៣នេះ។

ចំពោះការប្រមូលផលម្រេចនៅឆ្នាំនេះវិញ លោក ងួន ឡាយ អះអាងថា មកទល់ពេលនេះការប្រមូលផលម្រេចកំពតរបស់ប្រជាកសិករបានបញ្ចប់ការប្រមូលផលអស់ហើយ ខណៈទិន្នផលម្រេចដែលទទួលបានសម្រាប់លក់នៅឆ្នាំនេះ គឺទទួលបានក្នុងបរិមាណច្រើនផងដែរ ដោយសារឆ្នាំនេះ មានភ្លៀងធ្លាក់គ្រប់គ្រាន់ គួរផ្សំមានការថែទាំ និងដាក់ជីគ្រប់គ្រាន់លើចម្ការម្រេចរបស់កសិករ។ ដោយឡែក សម្រាប់ការដាំដុះម្រេចកំពតវិញ ប្រធានសមាគមរូបនេះបញ្ជាក់ថា មិនសូវមានកសិករដាំថ្មីច្រើននោះទេ ពោលគឺមានកសិករថ្មីប្រមាណ២២គ្រួសារប៉ុណ្ណោះ ដែលបានចូលជាសមាជិកថ្មី ដោយពួកគេបានដាំដុះស្របនឹងគោលការណ៍របស់សមាគម។ ហើយគិតមកដល់ពេលនេះ ផ្ទៃដីដាំដុះម្រេចកំពតសរុបមានប្រមាណ២ម៉ឺន៤ពាន់ហិកតា។ យ៉ាងណាមិញ បើទោះបីបាតុភូត អែលនីណូ កំពុងគម្រាមកំហែងដល់ទិន្នផលកសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ប្រធានសមាគមម្រេចកំពតរូបនេះ អះអាងថា វាមិនមានផលប៉ះពាល់ដល់ការដាំដុះ និងទិន្នផលម្រេចកំពតនោះទេ។

គួរជម្រាបថា ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលបានលក់នៅលើទីផ្សារអន្តរជាតិ គឺមានតម្លៃថេរដោយម្រេចខ្មៅមានតម្លៃ១៥ដុល្លារ រីឯម្រេចក្រហមមានតម្លៃ២៥ដុល្លារ និងម្រេចសមានតម្លៃ២៨ដុល្លារក្នុងមួយគីឡូក្រាម។ ហើយទីផ្សារសំខាន់ៗសម្រាប់ការនាំចេញម្រេចកំពតកម្ពុជារួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ជាដើម៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃនឹងផ្តល់ប្រាក់ឲ្យពលរដ្ឋម្នាក់២៨០ដុល្លារ ដើម្បីជំរុញដំណើរការសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយរបស់ រដ្ឋាភិបាលនៅថ្ងៃទី១១ កញ្ញា ដោយបានសន្យាថា នឹងចែកប្រាក់ចំនួន២…

ទំនិញកម្ពុជានាំចេញទៅចិននិងវៀតណាមកើនឡើង តែនាំចេញទៅអាមេរិកថយចុះនៅ៨ខែឆ្នាំនេះ

នៅរយៈពេល៨ខែឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបានទឹកប្រាក់សរុបជាង១៥ពាន់លានដុល្លារពីការនាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ