
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងអំណរគុណដល់ដៃគូ នៅក្នុងប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព ដែលបានសហការជាមួយសហគ្រិនខ្មែរតាំងពីបង្កើតឡើងរហូតដល់បច្ចុប្បន្ន និងបន្តចូលរួមក្នុងកម្មវិធី “ជំនួបដៃគូ” របស់សហគ្រិនខ្មែរ។

កម្មវិធីនេះ បានផ្តល់ជាវេទិកាមួយក្នុងគោលបំណងលើកម្ពស់ភាពជាដៃគូរវាងដៃគូពាក់ព័ន្ធក្នុង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពទាំងវិស័យសាធារណៈ និងឯកជន ដើម្បីកំណត់ និងបង្កើតនូវគំនិត ផ្ដួចផ្ដើមថ្មីៗបន្ថែម។ លើសពីនេះ ដៃគូទាំងអស់មានឱកាសជួប និងយល់ដឹងកាន់តែច្បាស់អំពី កិច្ចការស្នូលរបស់ស្ថាប័ននីមួយៗនៅក្នុងវិស័យសហគ្រិនភាព។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តថា “សហគ្រិនខ្មែរ នឹងបន្តធ្វើជាកាតាលីករក្នុងការកំណត់ និងដោះស្រាយភាពស្មុគស្មាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការសហការជាមួយដៃគូ ដោយផ្អែកលើភាពខ្លាំង និងជំនាញ ដែលជាចំនុចពិសេសរបស់ដៃគូនីមួយៗក្នុងន័យបំពេញ ឲ្យគ្នាទៅវិញទៅមក ទៅតាមតម្រូវការ និងភាពអាចធ្វើទៅបាន ដើម្បីផ្តល់នូវការគាំទ្រដ៏ល្អបំផុតដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក”។



សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធានស្របច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព នៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួនរួមមាន៖ វិស័យបច្ចេកវិទ្យា, វិស័យសេវាកម្ម, វិស័យកសិកម្ម និងវិស័យកម្មន្តសាល៕