ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កត់សម្គាល់ឃើញថា ពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមានឈាមជ័រជាខ្មែរ បានបង្កើតជាចលនាជាតិដោយចេញមុខគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងកងរំពងលើគម្រោងព្រែកជីកហ្វូណន តេជោ។
ឯកឧត្តម បានចាត់ទុកចលនាជាតិមួយនេះ គឺជាកម្លាំងចលករដ៏ខ្លាំងក្លា ដែលកំពុងការពារ និងរុញច្រានគម្រោងនេះឱ្យទៅមុខ ដើម្បីសម្រេចគោលដៅដែលបានកំណត់ ពីព្រោះកម្លាំងសាមគ្គីជាតិនេះហើយដែលមានប្រៀបខ្លាំងលើសពីកម្លាំងអ្វីៗទាំងអស់។ ពេលនេះ ជាតិសាសន៍ខ្មែរ បានបង្ហាញពីចំណុចខ្លាំងរបស់ខ្លួនជាងពេលណាៗទាំងអស់តាមរយៈចលនាជាតិ គាំទ្រគម្រោងព្រែកជីកហ្វូណន តេជោនេះ។
សម្រាប់ឯកឧត្តម ប៉ែន បូណា ចលនាជាតិដ៏ខ្លាំងក្លានេះមិនត្រឹមតែធ្វើឱ្យសម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រជូនជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចលនាមួយដែលកំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយមួយក្តាប់តូច ដែលបានបន្លំពាក់របាំងមុខអ្នកស្នេហាជាតិ អស់ជាច្រើនទសវត្សរ៍មកហើយនោះ ឱ្យសាធារណជនមើលឃើញយ៉ាងច្បាស់ក្រឡែតពីមុខមាត់ពិតរបស់ពួកគេ។
ជាក់ស្តែងឯកឧត្តមកត់សម្គាល់ឃើញថា ខណៈដែលជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ចេញមុខគាំទ្រយ៉ាងពេញទំហឹងនូវជំហររបស់រាជរដ្ឋាភិបាល ចំពោះគម្រោងព្រែកជីកហ្វូណន តេជោ ដែលផ្តល់ប្រយោជន៍ធំធេងដល់សេដ្ឋកិច្ចជាតិ ស្រាប់តែអ្នកស្នេហាជាតិ ក្លែងក្លាយមួយរូបជាមួយសាវ័កមួយដំបស្វាបែរជាស្រវាស្រទេញចេញមុខប្រឆាំងប្រយោជន៍ជាតិខ្លួនឯងទៅវិញ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រូបនេះ បានចាត់ទុកការដើរបញ្ច្រាសទិសចលនាជាតិដ៏ខ្លាំងក្លានេះ បានធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមងងឹតងងុលមួយក្តាប់តូចនេះ កំពុងទទួលរងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងធ្វើឱ្យរបាំងស្បែកមុខរបស់ពួកគេត្រូវបានបកអាក្រាតនៅចំពោះមុខសាធារណជនខ្មែរ។
សម្រាប់ឯកឧត្តម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាពរជ័យនិងជាលាភសំណាងសម្រាប់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក៏ប៉ុន្តែវាជាបណ្តាសានិងជាគ្រោះដ៏ធំដែលចូលមកបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយឱ្យប្រជាពលរដ្ឋខ្មែរបានឃើញច្បាស់ និងដាក់ឱ្យពួកគេទទួលខុសត្រូវចំពោះកំហុសជាប្រវត្តិសាស្ត្ររបស់ខ្លួន៕