ក្នុងខ្សែអាត់សំឡេង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា "ខ្ញុំបានទទួលព័ត៌មានដែលគួរឲ្យសោកស្ដាយ ឥឡូវនេះ បញ្ហាបានមកដល់ហើយ អង្គរក្សម្នាក់ដែលការពារផ្ទាល់សម្រាប់រដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩ រួចស្រេចទៅហើយ ។"
យោងតាមសារព័ត៌មាន Fresh News អង្គរក្សម្នាក់នោះ មានអាយុ ៣១ឆ្នាំ ជាអង្គរក្សការពារផ្ទាល់ជូនប្រតិភូ ដែលមានអាសយដ្ឋាននៅសង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភំ្នពេញ។ រូបគេចេញរោគសញ្ញាក្តៅខ្លួន ដោយមានកំដៅ ៣៦.៤ អង្សារសេ, រមាស់បំពង់កបន្តិច និងក្អកបន្តិចបន្តួច គាត់ពាក់មាស់ជាប់ពេលរួមដំណើរជាមួយគណៈប្រតិភូ ពេលនេះគាត់កំពុងធ្វើចត្តាទ្បីស័ក ។
គួររំឭកថា លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី ដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងបានជួបជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងនឹងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត កាលពីថ្ងសទី ៣ ខែវិច្ឆកានោះ ត្រូវបានរាយការណ៍ថា មានវិជ្ជមានកូវីដ-១៩ ខណៈដែលបានចាកចេញពីកម្ពុជា ទៅដល់ប្រទេសថៃ នៅថ្ងៃទី៤ វិច្ឆិការនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។
បន្ទាប់មកភ្លាមៗ រដ្ឋាភិបាលកម្ពុជាបានប្រកាសបញ្ជាក់ពីហេតុការណ៍នេះ និងបានឲ្យដឹងថា មន្ត្រីទាំងអស់ដែលបានពាក់ព័ន្ធនៅក្នុងការទទួលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលមានផ្ទុកកូវីដ-១៩ ក្នុងនោះរាប់ទាំងនាយករដ្ឋមន្ត្រី សម្ដេចតេជោ ផងដែរ ត្រូវបានធ្វើតេស្តពិនិត្យរកកូវីដ-១៩ ប៉ុន្តែ លទ្ធផលពិនិត្យលើកទីមួយ បង្ហាញថា អវិជ្ជមាន និងបានដាក់ខ្លួនរស់នៅក្នុងស្ថានភាពចត្តាឡីស័ក នៅតាមផ្ទះ ។
គិតមកទល់នឹងថ្ងៃទី៧ វិច្ឆិកានេះ សេចក្ដីរាយការណ៍ព័ត៌មាននានាបានឲ្យដឹងថា មនុស្សសរុបជិត ១០០០នាក់ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ បន្ទាប់ពីមានការពាក់ព័ន្ធនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី កាលពីថ្ងៃទី៣ វិច្ឆិកា មក ។
នៅក្នុងខ្សែអាត់សំឡេង ចែកផ្សាយនិងចុះផ្សាយដោយសារព័ត៌មានក្នុងស្រុក សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ ជាពិសេស បានចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវយកចិត្តទុកដាក់ឲ្យមែនទែនលើការធ្វើចត្តាឡីស័ក និងការប៉ះពាល់ដល់អ្នកដទៃ ... ដើម្បីជៀសវាងការចម្លងចូលដល់សហគមន៍ ។
សម្ដេចតេជោ បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ និងវិស័យសុខាភិបាលដែលក្ដាប់បានមុខសញ្ញា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត តាមដានចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់បំផុត បើមិនដូច្នេះទេ វានឹងមានហានិភ័យខ្ពស់បំផុត សម្រាប់ប្រទេសជាតិយើងនៅក្នុងកាលៈទេសៈនេះ ៕