
ក្នុងនោះ ការរៀនសូត្រពីអ្វីដែលថ្មី និងអនុវត្តខ្សែច្រវាក់ផលិតកម្មស្ដង់ដារ ស្របតាមនិន្នាការពិភពលោក គឺជាកត្តាស្នូលដ៏សំខាន់ ក្នុងការអភិវឌ្ឍក្រុមហ៊ុនឲ្យមានភាពរីកចម្រើន ប្រកបដោយចីរភាព។
ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៣០០នាក់ នៅឯរោងចក្រផលិតផលភេជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានអះអាងថា រូបលោកផ្ទាល់ក៏ដូចជាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបណ្ដុះនូវផ្នត់គំនិតរៀនសូត្រពីអ្វីដែលថ្មីជានិច្ច ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ និងអភិវឌ្ឍក្រុមហ៊ុនឲ្យមានការីកចម្រើន។

អ្នកឧកញ៉ា បានបញ្ជាក់បន្ថែមថា ការអនុវត្តការងារអ្វីក៏ដោយ រមែងតែងតែមានឧបសគ្គ ក៏ប៉ុន្ដែ បញ្ហាទាំងនោះ គឺសុទ្ធតែជាឱកាសដើម្បីឲ្យយើងបានរៀនសូត្រដកពិសោធន៍ក្នុងការអភិវឌ្ឍសមត្ថភាព។ ក្នុងន័យ អ្នកឧកញ៉ា លាង ម៉េង បានសង្កត់ធ្ងន់ប្រាប់ទៅកាន់ក្រុមនិស្សិតថា ការកសាងក្រុមហ៊ុនមួយរឹងមាំក៏ដូចជាគ្នាដែរ គឺត្រូវរៀនពីអ្វីដែលថ្មី និងអនុវត្តឲ្យត្រូវតាមស្ដង់ដារនិន្នាការពិភពលោក នោះទើបក្រុមហ៊ុនអាចឈរជើងរឹងមាំ និងអាចតជំនាន់រាប់រយឆ្នាំទៅបាន។ជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះដែរ លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីឲ្យនិស្សិតបានសិក្សាស្វែងយល់ដោយផ្ទាល់ អំពីដំណើការនៃខ្សែច្រវាក់ផលិតរោងចក្រ ការគ្រប់គ្រង និងការធ្វើទីផ្សាររបស់ក្រុមហ៊ុន។ អ្វីដែលពិសេសនោះ គឺក្រុមនិស្សិតបានទទួលនូវការចែករំលែកនូវបទពិសោធន៍ដឹកនាំ និងគ្រប់គ្រងអាជីវកម្មដោយផ្ទាល់ពីអ្នកឧកញ៉ា លាង ម៉េង តែម្ដង។
យ៉ាងណាមិញ សម្រាប់ដំណើរទស្សនកិច្ចផ្ទាល់នៅក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស ក្រៅតែពីបានឃើញនូវខ្សែចង្វាក់ផលិត និងគ្រឿងចក្រទំនើបៗ និសិ្សតក៏មានឱកាសទទួលបាននូវបទពិសោធន៍ក្នុងការអនុវត្តជាមួយគ្រឿងចក្រដោយផ្ទាល់ស្របតាមស្ដង់ដារអន្តរជាតិ ក្រោមការណែនាំពីអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ ដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេសនោះឡើយ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំជាងគេនៅកម្ពុជា ដែលវិនិយោគដោយសហគ្រិនខ្មែរ១០០% ហើយការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រមួយនេះ ក៏ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិទាក់ទងនឹងផ្នែកគុណភាពផលិតផល និងបរិស្ថានជាដើម។


