ការបង្កើតកម្មវិធី «ត្រៀមខ្លូនដើម្បីទទួលបានការវិនិយោគ សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា» គឺផ្តោតលើការកំណត់អត្តសញ្ញាណ និងទំហំ SME នៅក្នុងប្រទេស ដើម្បីបង្កើនលទ្ធភាពក្នុងការពង្រីកដើមទុន ដោយមាន OBOR ជាមូលនិធិបណ្តាក់ទុនឈានមុខរបស់កម្ពុជា ត្រូវបានចាត់តាំងជាអ្នកអនុវត្ត កម្មវិធី SME IR នេះ។ សម្រាប់គោលដៅ នៃការបង្កើនឱកាស ក្នុងការទទួលបានការគាំទ្រថវិកា សម្រាប់វិស័យ SME, សហគ្រិនខ្មែរ នឹងធ្វើឱ្យសម្រេចបានតាមរយៈកម្មវិធីនេះ ដោយមានការសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុធំៗមួយចំនួនដូចជា ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK), ធនាគារ វីង(Wing), ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) និងធនាគារ អេស៊ីលីដា (ACLEDA)។
ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់ «សហគ្រិនខ្មែរ» បានថ្លែងថា៖ «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារនៅក្នុងកម្មវិធីនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នា នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ហើយ សហគ្រិនខ្មែរ មានក្តីសោមនស្សរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ»។
តំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមសហការក្នុងកម្មវិធី, លោក គា បូរ៉ាន់ នាយកប្រតិបត្តិរបស់ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK» បានលើកឡើងថា៖ «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មានមោទនភាពក្នុងការគាំទ្រដល់កំណើន នៃសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមដ៏អស្ចារ្យនេះ បន្ថែមពីលើសេវាកម្មហិរញ្ញវត្ថុ ច្រើនទម្រង់របស់យើងដែលយើងបានផ្តល់ជូនដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា»។
គួរឱ្យដឹងថា ចាប់តាំងពីបើកដំណើរការនៅខែធ្នូ ឆ្នាំ ២០២១ មក កម្មវិធី SME IR បានទទួលពាក្យស្នើសុំចូលរួមពីសហគ្រាសធុនតូចនិងមធ្យមយ៉ាងសន្ធឹកសន្ធាប់លើសពីការរំពឹងទុក។ ក្នុងនោះ SME ដែលបានដាក់ពាក្យស្នើសុំ ត្រូវឆ្លើយតបទៅនឹងលក្ខខណ្ឌដូចជា រកប្រាក់ចំណូលប្រចាំឆ្នាំបានលើសពី ១០ម៉ឺនដុល្លារអាមេរិច ទើបមានលក្ខណៈវិនិច្ឆ័យជាសហគ្រាស ដែលមានភាពចាស់ទុំ និងទទួលបានការពិចារណាថាមានសមត្ថភាពបង្កើនដើមទុន ដើម្បីឈានទៅដំណាក់កាលបន្ទាប់ក្នុងមុខរបរអាជីវកម្មរបស់ពួកគេ។
កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន២៥ ដែលត្រូវបានជ្រើសរើស។ បន្ទាប់មក នៅជុំទីពីរ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូច និងមធ្យមចំនួន៥ ដែលនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ទល់នឹង១ ដែលរៀបចំឡើងដើម្បីជួយពួកគេឲ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។ ដោយមានកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥,០០០ ដុល្លារ រួមបង្កើតដោយ ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK, ធនាគារ វីង និង ធនាគារ សហគ្រាសធុនតូចនិងមធ្យម នឹងផ្តល់ជូនដល់សហគ្រាស ដែលឈានមុខគេក្នុងកម្មវិធី៕