វិបត្តិសង្គ្រាមនៅអ៊ុយក្រែន

UN បោះឆ្នោតឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់និងឥតលក្ខខណ្ឌ ពីអ៊ុយក្រែន ខណៈលោកពូទីនគំរាមដាក់ពង្រាយនុយក្លេអ៊ែរវិញ


ឈានដល់គម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រស្ស៊ីទៅលើប្រទេសអ៊ុយក្រែនអង្គការសហប្រជាជាតិបានបោះឆ្នោតយ៉ាងលើសលប់ដើម្បីទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ UN ក៏បានអំពាវនាវឱ្យស្វែងរកសន្តិភាពមួយដែលមានលក្ខណៈយុត្តិធម៌ និងយូរអង្វែង។ ការបោះឆ្នោតនេះធ្វើឡើង ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទើបតែបានបញ្ជាឱ្យយោធារបស់លោកដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ និង បានប្រកាសដកខ្លួនចេញពីសន្តិសញ្ញានុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
UN បោះឆ្នោតឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់និងឥតលក្ខខណ្ឌ ពីអ៊ុយក្រែន ខណៈលោកពូទីនគំរាមដាក់ពង្រាយនុយក្លេអ៊ែរវិញ
ដោយ

អ៊ុយក្រែនទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ស្វែងរកដំណោះស្រាយថ្មីនៅឯអង្គការសហប្រជាជាតិ ដែលក្នុងនោះមានសមាជិក ១៤១ ប្រទេសនៃសមាជិកសរុប ១៩៣ បានបោះឆ្នោតគាំទ្រឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន ខណៈប្រទេស ៧ បានបោះឆ្នោតជំទាស់ និង ៣២ប្រទេសផ្សេងទៀតរួមទាំងចិន និង ឥណ្ឌា បានបោះឆ្នោតអនុប្បវាទ។ ក្នុងចំណោមប្រទេសបោះឆ្នោតគាំទ្រឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែន ក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។

បើគេប្រៀបធៀបពីចំនួនអ្នកគាំទ្រនៅពេលនេះ ទៅនឹងចំនួនការឆ្នោតគាំទ្រកាលពីខែតុលាឆ្នាំ២០២២ អំឡុងពេលដែល UN ថ្កោលទោសរុស្ស៊ីដាក់បញ្ចូលតំបន់ដុនបាសជារបស់ខ្លួន គឺមានភាពខុសគ្នាតែ ២សម្លេងប៉ុណ្ណោះ ខណៈពេលនោះ អ៊ុយក្រែនមានការគាំទ្រ ១៤៣ ប្រទេស។

ទោះយ៉ាងណាការបោះឆ្នោតគាំទ្រលើដំណោះស្រាយនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដោយបង្ហាញច្បាស់ថាពិភពលោក បដិសេធរាល់ការទាមទាររបស់រុស្ស៊ី ចំពោះផ្នែកណាមួយក៏ដោយនៃទឹកដីអ៊ុយក្រែនដែលទីក្រុងម៉ូស្គូបានកាន់កាប់។

ក្រៅពីការបោះឆ្នោតរបស់ UN បានទាមទារឱ្យរុស្ស៊ីដកកងកម្លាំងយោធាទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ចេញពីទឹកដីអ៊ុយក្រែន។ ក្រុងម៉ូស្គូត្រូវដកទ័ពមកត្រឹមព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ។

គួរជម្រាបថា ការបោះឆ្នោតរបស់UN បានបង្ហាញថាទីក្រុងមូស្គូបន្តឯកោដដែលនៅលើឆាកអន្តរជាតិ ក្រៅតែពីប្រទេសសម្ព័ន្ធមិត្តប៉ុន្មាននាក់ បន្ទាប់ពីសង្គ្រាមអូសបន្លាយពេញមួយឆ្នាំមកនេះ។ ថ្វីបើមានការគាំទ្រពីប្រទេសមួយចំនួនធំលើការបោះឆ្នោតរបស់UNក៏ពិតមែន តែរុស្ស៊ីបានប្រើអំណាចវេតូរបស់ខ្លួន ដើម្បីរារាំងរាល់សកម្មភាពនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដដែល។

គួរកត់សម្គាល់ថា ការបោះឆ្នោតចុងក្រោយរបស់ UN បានបង្ហាញថា ឥណ្ឌា និងចិន មិនបានងាកទៅរកការថ្កោលទោស ចំពោះការលុកលុយរបស់ទីក្រុងមូស្គូ ដដែល ទោះបីជាអ្នកទាំងពីរបានរិះគន់ការគំរាមកំហែងរបស់ទីក្រុងម៉ូស្គូ ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ កាលពីពេលថ្មីៗនេះក៏ដោយ។

បើទោះបីជាក្នុងផ្លូវការទូតអ៊ុយក្រែនបានទទួលការគាំទ្រក៏ពិតមែន តែនៅឯសមរភូមិជួរមុខវិញ ការវាយប្រហារគ្នានៅតែបន្តស្រួចស្រាលខ្លាំងជាងមុនទៅទៀត ស្របពេលដែលកងកម្លាំងអ៊ុយក្រែនបានប្រាប់សារព័ត៌មានរ៉យទ័រឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ២៤ នេះថា កងទ័ពរបស់ខ្លួនបានធ្វើការទប់ទល់នឹងការវាយប្រហារថ្មីរបស់កងទ័ពរុស្ស៊ីនៅសមរភូមិ Bakhmut ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មន្ត្រីយោធារបស់ខ្លួនឱ្យត្រួតពិនិត្យមើលឃ្លាំងអាវុធនុយក្លេអ៊ែរ។

បន្ទាប់ពីសុន្ទរកថាជាបន្តបន្ទាប់ក្នុងឱកាសខួបមួយឆ្នាំ នូវអ្វីដែលក្រុងម៉ូស្គូហៅថាប្រតិបត្តិការយោធាពិសេស លោកពូទីនបានប្រកាសពីផែនការក្នុងការដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីប Sarmat នៅក្នុងឆ្នាំនេះ។ មួយវិញទៀត កាលពីដើមសប្តាហ៍នេះ បុរសខ្លាំងលោក ពូទីន បានផ្អាកការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិកផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងឈប់នាំចូលកាកសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន

ព័ត៌មាន
ចាប់ពី ឆ្នាំ២០២៥ ខាងមុខនេះតទៅ ពិភពលោកនឹងលែងបានឃើញប្រទេសថៃនាំចូលកាកសំណល់ប្លាស្ទិកមួយចំនួនទៀតហើយ។ ការសម្រេចរបស់រដ្ឋាភិបាលក្រុងបាងកក គ…

ការបើកក់ហ៊ុនជាលើកដំបូងនៃ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដើម្បីជួយកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានដាក់ពាក្យស្នើសុំលើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ទៅកាន់និយតករមូលបត្រកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ